កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ទទួលខុសត្រូវទាំងស្រុងចំពោះលទ្ធផលមិនគាប់ប្រសើររបស់ Man Utd
30, Nov 2023 , 4:55 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ទទួលយករាល់ការស្តីបន្ទោសសម្រាប់លទ្ធផលមិនល្អរបស់ក្រុមដែលធ្វើឱ្យរបូតជ័យជម្នះលើក្រុម Galatasaray ដោយបញ្ចប់ការប្រកួតក្នុងក្របខណ្ឌ UEFA Champions League ត្រឹមលទ្ធផលស្មើ ៣-៣ នារាត្រីថ្ងៃទី៣០ ខែវិច្ឆិកា។ Man United សល់ឱកាសស្តួចស្តើងក្នុងការប្រជែងទៅកាន់វគ្គបន្ទាប់ និងសូម្បីកៅអី Europa League។



«ខ្ញុំ ដែលជាអ្នកត្រូវស្តីបន្ទោសចំពោះការធ្វើឱ្យរបូតពិន្ទុ។ ខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងហេតុទាំងនេះ ប៉ុន្តែយើងក៏ដឹងដែរថាទាំងនេះគឺជាគម្រោងដែលយើងកំពុងដំណើរការកសាងក្រុម។ យើងនៅតែស្ថិតនៅក្នុងផ្លូវមួយដ៏ត្រូវ ដូច្នេះខ្ញុំដឹងថាយើងត្រូវតែធ្វើដំណើរទៅ ហើយជាជំហ៊ានដែលយើងត្រូវទទួលយក មិនតែប៉ុណ្ណោះខ្ញុំប្រាកដណាស់ថាយើងនឹងជោគជ័យក្នុងរយៈពេលវែង។»។ លោក Ten Hag បាននិយាយបែបនេះចំពោះការប្រកួតលទ្ធផលក្រុមមិនបានល្អ។
 
បន្ទាប់ពីលទ្ធផលមិនល្អ លោក Ten Hag ដាស់តឿនកូនក្រុមថា ប្រសិនបើក្រុមចង់បន្ត Champions League ជំនួបចុងក្រោយទល់ Bayern Munich គឺពួកគេត្រូវតែប្រកួតយកឈ្នះឱ្យខាងតែបាន។
 
ក្រុមបិសាចក្រហមម្ចាស់ពាន Champions League ៣សម័យកាល បានបណ្តែតបណ្តោយឱកាសឈ្នះ និងទទួលបាន ៣ពិន្ទុរបស់ខ្លួន ក្រោយពេលស៊ុតបើកការនាំមុខ ២គ្រាប់ មុនលើក្រុម Galatasaray ក្នុងទីក្រុង Istanbul។ កំហុសកើតចេញពីអ្នកចាំទី Andre Onana បានបង្កកំហុស ២លើក បណ្តាលឱ្យ​ឱកាសដើម្បីឡើងទៅវគ្គ ១៦ក្រុមត្រូវបានរសាត់កាន់តែឆ្ងាយ។
 
ក្រុមបិសាចក្រហមស្ថិតនៅបាតតារាងពូល A ដោយរកបានត្រឹម ៤ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន ៥លើករួចមក ប៉ុន្តែមិនមានគម្លាតពិន្ទុដាច់ឆ្ងាយពីក្រុម Copenhagen ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២ នោះឡើយ។ ក្រុម Galatasaray ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៤ពិន្ទុស្មើគ្នា ចំណែកក្រុម Bayern Munich ជាក្រុមកំពូលតារាងមាន ១៣ពិន្ទុដាច់កំពូលតារាង។
 
ស្ថិតក្នុងក្របខណ្ឌ Champions League វគ្គចែកពូលរដូវកាលនេះ ក្រុមបិសាចក្រហម ជាក្រុមស្ថិតនៅលំដាប់ថ្នាក់លេខ ២ ស្មើនឹងក្រុម Celtic ដែលមានកំណត់ត្រាការពារខ្សោយជាងគេ។

បើទោះជាស៊ុតបាល់បញ្ចូលទីលើគូប្រកួតបានចំនួន ១២គ្រាប់ក៏ដោយក្តី ប៉ុន្តែគ្រាប់បាល់ដែល Man United របូតគ្រាប់បាល់ចំនួន ១៤គ្រាប់ ស្មើនឹងក្រុម Celtic ដែលត្រូវបានគូប្រកួតស៊ុតចូល ១៤គ្រាប់ ហើយក្រុម Antwerp ស្ថិតក្នុងពូល H របូតគ្រាប់បាល់ ១៥គ្រាប់៕

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com