ជាតិ
អាម៉េរិកផ្តល់ជំនួយ៤៥ម៉ឺនដុល្លារដើម្បីបន្តអភិរក្សប្រាសាទភ្នំបាខែង ទីតាំងមើលថ្ងៃលិចដ៏អស្ចារ្យ
01, Dec 2023 , 10:34 am        
រូបភាព
ប្រភពរូបថត៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
ប្រភពរូបថត៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
ដោយ: រួបរួម
ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ជំនួយជាថវិកា៤៥ម៉ឺនដុល្លារអាម៉េរិក នឹងត្រូវប្រើប្រាស់ក្នុងការបន្តថែរក្សាអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សទី១០ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា នាថ្ងៃទី១ ខែធ្នូ។



ថវិកាចំនួន៤៥ម៉ឺនដុល្លារអាម៉េរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដែលរៀបចំនៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។



គិតចាប់តាំងពីឆ្នាំ ២០០៤ មកកម្មវិធី AFCP បានផ្តល់ជំនួយថវិកាចំនួន ៨ ដង មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារបន្តការអភិរក្សនៅប្រាសាទភ្នំបាខែង ដែលមានសរុប៤លានដុល្លារអាមេរិក ។

«យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយជាថវិកានេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ»។ លោកឯកអគ្គរដ្ឋទូតអាមេរិក Murphy បានថ្លែងយ៉ាងដូច្នេះ ដោយបន្ថែមថា អាម៉េរិក មានមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយកម្ពុជា ដោយ ប្រាសាទភ្នំបាខែង ជាគោលដៅដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងរយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាម៉េរិក បានជួយឧបត្ថម្ភគាំទ្រនូវគម្រោងនានាជាច្រើននៃប្រាសាទនេះ ដោយរួមមានការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្មប្រាសាទ ការតបណ្តាញការពារជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំងនិងទីលាននៃប្រាសាទនេះ ។ ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះ ក៏បានជួយដល់អង្គការ WMF ផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការងារអភិរក្សប្រាសាទនេះ ។

មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អភិរក្សនូវតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗ ជុំវិញពិភពលោក។ ក្រោមគម្រោងជំនួយនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកា៦លានដុល្លារតាំងពីឆ្នាំ ២០០១ មក ដើម្បីជួយអភិរក្សបេតិកភណ្ឌវប្បធម៌សំខាន់ៗផ្សេងទៀត ដោយរួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងចំណោមតំបន់សំខាន់ៗជាច្រើននៅកម្ពុជា ៕



Tag:
 ភ្នំបាខែង
© រក្សាសិទ្ធិដោយ thmeythmey.com