ជាតិ
ទូតបារាំង និងក្រសួងអប់រំ រួមគ្នា​ពង្រឹងកម្មវិធីបណ្តុះបណ្តាល​គ្រូភាសាបារាំង
01, Dec 2023 , 10:00 pm        
រូបភាព
ដោយ: រួបរួម
ពេញមួយ​ឆ្នាំ២០២៣ ហើយ​បន្ត​ដល់​ឆ្នាំ២០២៤ ស្ថានទូត​បារាំង​ប្រចាំកម្ពុជា ក្នុងភាពជាដៃគូជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា ដឹកនាំ​​មូលនិធិសាមគ្គី​ភាព​សម្រាប់​គម្រោងដែលមាន​លក្ខណៈ​បង្កើតថ្មី (FSPI) ក្នុងគោល​ដៅ «ពង្រឹង​គុណភាព​ និងភាព​ទាក់ទាញ​នៃ​ការ​បង្រៀន​ភាសា​បារាំង​នៅ​កម្ពុជា»។

នាឱកាសអបអរ​ទិវាអន្តរជាតិនៃគ្រូបង្រៀនភាសាបារំាងលើកទី​៥ (5ème édition de la Journée internationale des professeurs de français) នៅ​ស្ថានទូត​បារាំង កាលល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា លោកឯកអគ្គ​រដ្ឋទូតបារាំង Jacques Pellet និង​លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សុទ្ធតែ​បាន​លើក​ឡើង​ពីវឌ្ឍនភាព​នៃមូល​និធិ FSPI ដែល​បាន​ផ្តល់អត្ថប្រយោជន៍​ដល់​គ្រូបង្គោល គ្រូបង្រៀនភាសាបារាំង ក៏ដូចជាអ្នក​សិក្សា​ភាសា​បារាំង។
 


ក្នុងឆ្នាំ​២០២៣នេះ FSPI ជ្រោម​ជ្រែង​ដល់​ការ​រៀបចំ​ជាថ្មីឡើង​វិញនូវកម្ម​វិធី​ថ្នាក់​បរិញ្ញាបត្រជាន់​ខ្ពស់​ផ្នែក​ភាសាបារាំង (MEF) នៃ​វិទ្យាស្ថាជាតិអប់រំ ដើម្បីសម្របទៅតាម​បរិបទនៃការ​បណ្តុះបណ្តាល​ក្នុងស្រុក។ ជាការបណ្តុះបណ្តាល​ដែលមាន​តែមួយនៅកម្ពុជា ដោយ​​កាលពីខែ​តុលា គ្រូបង្គោល​៣នាក់ បានទៅសិក្សា​ និង​ស្រាវជ្រាវពេញមួយ​ខែនៅ​សាកលវិទ្យាល័យ Franche-Comte ប្រទេសបារាំង។
 
ជាមួយគ្នានេះ គ្រូបង្រៀន​ភាសា​បារាំង​៣០រូប បាន​ធ្វើ​ដំណើរទៅកាន់​ប្រទេសបារាំងជាលើកដំបូង​បំផុត ហើយ​បានស្នាក់នៅទីនោះ​រយៈពេល​៣សប្តាហ៍ដើម្បីពង្រឹង​ចំណេះដឹងផ្នែកភាសាបារាំង ​ជំនាញក្នុងការ​បង្ហាត់បង្រៀន  ជាពិសេស​ដើម្បី​ស្វែងយល់ពី​ប្រទេសបារាំង រីឯគ្រូភាសាបារាំង​មួយចំនួន​បាន​ចេញទៅចូលរួម​សិក្ខាសាលាកម្រិតតំបន់​នៅ​ម៉ាឡេស៊ី និង​សិង្ហបុរី។



កាលពី​ខែកញ្ញា កន្លងទៅ វិទ្យាល័យ​ព្រះមុនីវង្ស ក្នុង​ខេត្ត​បាត់ដំបង ក្លាយជាគ្រឹះស្ថាន​ដំបូង​របស់​កម្ពុជា ដែល​ទទួល​បានវិញ្ញាបនបត្រ LabelFrancEducation ពីក្រសួងអឺរ៉ុប និង​ការ​បរទេស​បារាំង លើ​គុណភាពនៃការ​បណ្តុះបណ្តាល​ថ្នាក់​ពីរភាសា​។ 
 
នៅ​ឆ្នាំ​២០២៤ មូលនិធិ FSPI នឹងគាំទ្រដល់​ដំណើរ​ការបង្កើតកម្ម​វិធី​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ (បាក់ឌុប+៤) ផ្នែក​បង្រៀន​ភាសាបារាំង​នៅ​វិទ្យាស្ថានជាតិអប់រំ ហើយ​ស្ថាន​ទូត​បារាំងប្រចាំកម្ពុជា សន្យា​បន្ត​ពង្រឹងសកម្មភាព​របស់​ខ្លួន​លើការ​បណ្តុះបណ្តាល​ភាសា​បារាំង ជាពិសេស​លើកកម្ពស់​ភាសា​បារាំងឱ្យក្លាយជាភាសាសិក្សា និងការងារ។



ក្នុងសុន្ទរកថាអបអរទិវាអន្តរជាតិ​នៃគ្រូបង្រៀនភាសាបារំាងលើកទី​៥ ដែលមាន​អ្នក​ចូល​រួម​ប្រមាណ​២០០នាក់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បង្ហាញពី​សារសំខាន់​នៃកម្ម​វិធី​បណ្តុះបណ្តាល​គ្រូ​បង្រៀន​ភាសា​បារាំង ដែល​រួម​ចំណែក​ដល់​ការ​កសាង​ធន​ធាន​មនុស្ស​នៅ​កម្ពុជា។
 


ទិវាអន្តរជាតិ​នៃគ្រូបង្រៀនភាសាបារំាង ត្រូវ​ផ្តួចផ្តើម​ឡើង​ដោយ​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង កាលពីឆ្នាំ​២០១៩ ដើម្បី​អបអរ​​អាជីព​គ្រូបង្រៀន​ភាសា​បារាំងនៅលើពិភពលោក​ ហើយ​ក៏ជាផ្នែកមួយនៃមហិច្ឆតា ក្នុងការពង្រី​ក​វិសាលភាពភាសា​បារាំងពី​ចំណាត់ថ្នាក់​លេខ​៥ ទៅ​លើ​៣​ក្នុងនាមជាមួយ​ភាសា​ដែល​និយាយ​ច្រើន​បំផុត​។



លោក Jacques Pellet ឯកអគ្គ​រដ្ឋទូត​បារាំង បាន​គូស​បញ្ជាក់ថា ភាសា​នៅ​កម្ពុជា គឺជាភាសា​នៃការ​ចងចាំ និង​វប្បធម៌។ នៅក្នុង​ប្រព័ន្ធអប់រំ​កម្ពុជា សិស្សជាង​៣ម៉ឹននាក់​រៀន​ភាសាបារាំង ហើយ​នៅ​ថ្នាក់​ពីរ​ភាសា​ចំនួន​១៦ថ្នាក់ សិស្ស​សិក្សា​គណិតវិទ្យា ជីវវិទ្យា និង​រូប​វិទ្យា ជាភាសា​បារាំង។


 
«ភាសា​បារាំង​ក៏មាន​វត្តមាន​នៅ​ក្នុង​កម្ម​វិធី​សិក្សានៃសាកលវិទ្យាល័យ​ជាច្រើន​ផងដែរ ក្នុងនោះមាន​ផ្នែក​នីតិសាស្ត្រ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សុខាភិបាល និង​វិស្វកម្ម​»។ នេះជាការ​កត់សម្គាល់​របស់​លោកឯកអគ្គ​រដ្ឋទូត​បារាំង ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​រដ្ឋមន្ត្រីអប់រំ ចំពោះ​ការ​បញ្ចូល​ភាសាបារាំងក្នុង​កម្មវិធីសិក្សានៅ​សាលារៀន​ជំនាន់ថ្មីនៃវិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ៕

© រក្សាសិទ្ធិដោយ thmeythmey.com