ជាតិ
សេដ្ឋកិច្ច
ថ្នាល«កម្ពុជាមាតុភូមិខ្ញុំ»ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីសម្គាល់ទីតាំងភូមិសាស្ត្រដីធ្លី
01, Dec 2023 , 9:42 pm        
រូបភាព
(ស្តាំ) លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត៖ ក្រសួងប្រៃសណីយ៍
(ស្តាំ) លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត៖ ក្រសួងប្រៃសណីយ៍
ថ្នាល«កម្ពុជាមាតុភូមិខ្ញុំ ឬ cmhl.gov.kh» ជាផែនទីជាតិឌីជីថល ត្រូវបានលោក សាយ សំអាល់ រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យដំណើរការជាផ្លូវការ ពីថ្ងៃទី១ធ្នូនេះតទៅ។ ថ្នាលនេះ នឹងអនុញ្ញាតឱ្យគ្រប់ក្រសួង-ស្ថាប័ន អាចយកទៅប្រើប្រាស់ និងដាក់បញ្ចូលព័ត៌មានសំខាន់ៗដែលពាក់ព័ន្ធនឹងភូមិសាស្ត្រ និងព័ត៌មាននានាទៅតាមវិស័យនីមួយៗបានយ៉ាងងាយស្រួល ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។



សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងរៀបចំដែនដី និងក្រសួងប្រៃសណីយ៍ស្តីពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដាក់ឱ្យដំណើរការ ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh បានបញ្ជាក់ថា  ព័ត៌មានទាំងអស់ដែលមាននៅក្នុង«កម្ពុជាមាតុភូមិខ្ញុំ» នឹងអាចយកមកប្រើប្រាស់ក្នុងការវិភាគ និងសិក្សារៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងអាចប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនានាបានថែមទៀត។

សេចក្តីប្រកាសព័ត៌មានដដែលបន្តរៀបរាប់ ដោយលើកឧទាហរណ៍មកពន្យល់ដូច្នេះ៖ «ក្នុងវិស័យទូរគមនាគមន៍ គឺក្រសួងប្រៃសណីយ៍ អាចបញ្ចូលទិន្នន័យស្ថានីយអង់តែនទូរគមនាគមន៍ទៅក្នុងថ្នាលកម្ពុជាមាតុភូមិខ្ញុំ ហើយយើងអាចដឹងថា នៅក្នុងឃុំ ស្រុក ឬ ខេត្តនីមួយៗ មានស្ថានីយ៍អង់តែនទូរគមនាគមន៍ចំនួនប៉ុន្មាន និងមានទីតាំងនៅកន្លែងណាខ្លះ»។

លើសពីនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ ក៏កំពុងរៀបចំដាក់បញ្ចូលនូវ QR Code ស្តងដា នៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលអនុញ្ញាតឱ្យផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានតាមរយៈ ថ្នាល«ផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh» និងអាចមើលឃើញអំពីទីតាំងក្បាលដីនោះនៅលើថ្នាល «កម្ពុជាមាតុភូមិខ្ញុំ» បានផងដែរ។

ទាំងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ទាំងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជឿជាក់យ៉ាងមុតមាំថា ថ្នាល «កម្ពុជាមាតុភូមិខ្ញុំ»  នឹងជួយឱ្យប្រជាពលរដ្ឋ និងធុរជន ទទួលបានព័ត៌មានពាក់ព័ន្ធនឹងទីតាំងភូមិសាស្ត្រ និងព័ត៌មានតាមវិស័យនានា បានគ្រប់ជ្រុងជ្រាយប្រកបដោយភាពងាយស្រួល និងជឿទុកចិត្តបាន។ ជាមួយគ្នានេះ គ្រប់ក្រសួង-ស្ថាប័ន ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាននានា ដែលពាក់ព័ន្ធ និងវិស័យរបស់ខ្លួនបានថែមទៀត។

គួរជម្រាបថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh គឺជាថ្នាលរបស់រដ្ឋាភិបាល ដែលអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។  គិតមកទល់ពេលនេះ មានក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សាប្រមាណ៣០ស្ថាប័នហើយ ដែលបានប្រើប្រាស់ថ្នាលនេះនៅក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល។

កន្លងមក លោក ជា វ៉ាន់ដេត បានអះអាងថា ការផ្ទៀងផ្ទាត់ឯកសារតាមថ្នាល Verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ជូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន(Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកឯកសារនីមួយៗ។ ទន្ទឹមនេះ ការប្រើប្រាស់ឯកសារដែលមានដាក់QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕

© រក្សាសិទ្ធិដោយ thmeythmey.com