ជាតិ
ឆ្នាំ២០២៣នេះ ជនមានពិការភាពជាង៧៥០០នាក់ កំពុងបម្រើការនៅស្ថាប័នរដ្ឋ និងឯកជន
04, Dec 2023 , 10:04 am        
រូបភាព
ដោយ: រួបរួម
ជនពិការភាពចំនួន៧៥៣៥នាក់ បាន និងកំពុងបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌»។



ក្នុងពិធីដែលប្រារព្ធនៅកោះពេជ្រ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ជនមានពិការភាពចូលបម្រើការងារក្នុងស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារ មានជនមានពិការភាពចូលបម្រើការងារ៣៧៧៦នាក់ (ស្ត្រី៨៦៩) ក្នុងនោះជនមានពិការភាពកម្រិតធ្ងន់ចំនួន២៣៥១នាក់។

ដោយឡែកវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រសរុបចំនួន២៤១ មានជនមានពិការភាពបានចូលបម្រើការងារចំនួន៣៧៥៩នាក់ (ស្ត្រី៣៦៣១នាក់)។ សរុបជនពិការ ៧៥៣៥នាក់ បានកំពុងបម្រើការងារនៅរដ្ឋ និងឯកជនទូទាំងប្រទេស។

លោក ជា សុមេធី បានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងរបស់លោក បាន និងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិ ជាមូលដ្ឋាន ដោយក្នុងនោះ ជនមានពិការភាពចំនួន២៨៨៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មដោយជនបង្គោលឃុំ-សង្កាត់ ទូទាំងប្រទេស។

ដោយឡែកនៅឆ្នាំសិក្សា២០២២-២៣ កុមារ និងយុវជនមានពិការភាពខ្សោយសតិបញ្ញា និងអូទីស្សឹម ១០៦៣នាក់ (ស្ត្រី៣៤២នាក់) មនុស្សគរថ្លង់ និងពិការភ្នែក ចំនួន៥៥១នាក់ បានសិក្សាភាសាសញ្ញា អក្សរប្រាយ អក្សរស្ទាប តាមរយៈកម្មវិធីសិក្សារបស់អង្គការដៃគូរនានា។

មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងមជ្ឈមណ្ឌលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប បានបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ជនពិការភាព បាន២១៦៧នាក់ (ស្ត្រី៥១០នាក់) លើជំនាញកាត់ដេរ សម្លៀកបំពាក់ កាបូប អេឡិចត្រូនិក ជួសជុលម៉ាស៊ីន អ៊ុតសក់ ផាត់មុខ និងសម្អាងការ ចម្លាក់ កសិកម្ម ជួសជុលទូរសព្ទ និងជំនាញគ្រប់គ្រងអាជីវកម្ម៕



© រក្សាសិទ្ធិដោយ thmeythmey.com