ជាតិ
​​​ន​យោ​បាយ​ជាតិ​
បេក្ខជនសមាជិកព្រឹទ្ធសភា CPP៖ សម្តេច ហ៊ុន សែន, លោក ប្រាក់ សុខុន, លោក ឈិត សុខុន, លោក នាង ផាត ..
05, Dec 2023 , 11:20 am        
រូបភាព
ដោយ: រួបរួម
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា (CPP) និងបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។



CPP មានបេក្ខជនសរុប១១៦នាក់ (ស្រី២២នាក់) ដោយឈរឈ្មោះប្រជែងទាំង៥៨អាសនៈសម្រាប់៨ភូមិភាគ។ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំភូមិភាគទី៣ ខេត្តកណ្តាល ដែលមានសរុប៥អាសនៈ។ សម្រាប់នីតិកាលទី៥នេះ សម្តេចក៏នឹងឈរឈ្មោះជាបេក្ខជនប្រធានព្រឹទ្ធសភា ដើម្បីជំនួសសម្តេច សាយ ឈុំ ផងដែរ។

លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឈរលេខរៀងលំដាប់ទី១នៅភូមិភាគទី១ រាជធានីភ្នំពេញ ដែលមាន៦អាសនៈ។ លោក អ៊ុច បូររិទ្ធ អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងបច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ឈរលេខរៀងទី១ប្រចាំភូមិភាគ២ ខេត្តកំពង់ចាម និងត្បូងឃ្មុំ។

ភូមិភាគ៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០អាសនៈ ដោយ លោក ប៉ុល លឹម ដែលបច្ចុប្បន្នជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគស្រាប់ បន្តឈរនៅលេខរៀងទី១។  លោក ខៀវ មុត ប្រធានក្រុមភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប បន្តឈរលេខរៀងទី១ ក្នុងអាណត្តិទី៥ រីឯលោក កុក អាន ឈរលេខរៀងទី៣ក្នុងចំណោម៧អាសនៈ។

នៅភូមិភាគទី៦ ខែត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមាន៧អាសនៈ លោក អ៊ុំ សារឹទ្ធ ដែលជាអគ្គលេខាធិការ ឈរលេខរៀងទី១។ លោក ឈិត សុខុន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឈរលេខរៀងទី១នៅភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលមាន៩អាសនៈ រួមជាមួយលោក លី យ៉ុងផាត់, លោក ម៉ុង ឫទ្ធី។

លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឈរលេខរៀងលំដាប់ទី១នៅភូមិភាគ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែលមាន៦អាសនៈ។

សមាជិកព្រឹទ្ធសភា ចំនួន៥៨រូបក្នុងចំណោម៦២រូប នឹងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ សមាជិកព្រឹទ្ធសភា២ រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។

សម្រាប់នីតិកាលទី៤ នាពេលបច្ចុប្បន្ន សម្តេច សាយ ឈុំ ជាប្រធាន, លោក ស៊ីម កា ជាអនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២។ សមាជិកព្រឹទ្ធសភាជាប់ឆ្នោត៥៨រូប សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ប្រិយសោភ័ណ្ឌ និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ រីឯលោក សួន មាន និងលោកស្រី ជា ច័ន្ទទេវី ជាសមាជិកដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា៕



Tag:
 ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com