កីឡាជាតិ
ជាតិ
«អ្នកលេងគុន» នឹងបង្ហាញក្បាច់ចម្រុះ និងស្នៀតពិសេស ទៅកាន់ពិភពលោក
05, Dec 2023 , 2:10 pm        
រូបភាព
«អ្នកលេងគុន» ជាកម្មវិធីប្រកួតប្រជែងថ្មីមួយទៀត ដើម្បីលើកកម្ពស់ក្បាច់គុនបុរាណខ្មែរ ។ កម្មវិធីប្រកួតនេះ នឹងមានកីឡាករចម្រុះក្បាច់គុន និងស្នៀតពិសេស ចូលរួមប្រកួតប្រជែង ។ កីឡាករ៥ប្រទេស ក្នុងតំបន់អាស៊ាន នឹងត្រូវប្រកួតគ្នាក្នុងកម្មវិធីនេះ រួមមាន កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ធ្នូ ២០២៣។



លោក សយ ផាន់និច និងលោក វី តារ៉ា ដែលជាដឹកនាំរៀបចំកម្មវិធី«អ្នកលេងគុន» នេះ បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ដើម្បីគាស់កកាយក្បាច់គុន និងបច្ចេកទេសក្បួនបុរាណ មកបង្ហាញទស្សនិកជន និងពិភពលោក ឱ្យបានស្គាល់កាន់តែច្បាស់មួយកម្រិតទៀត ពីវប្បធម៌ក្បាច់គុនរបស់ខ្មែរ។ ជាពិសេសផ្ដល់ឱកាសថ្មីមួយទៀត ដល់កីឡាករ កីឡាការិនី អ្នកស្រឡាញ់វិស័យក្បាច់គុនបុរាណរបស់ខ្មែរ មានជម្រើសច្រើន សម្រាប់ការប្រកួតប្រជែង ក្រៅពីហាត់ដើម្បីការពារខ្លួន និងសុខភាព។ 

ម្យ៉ាងវិញទៀត កម្មវិធី«អ្នកលេងគុន» នេះ ក៏ជាផ្នែកមួយ លើកស្ទួយវិស័យគុនល្បុក្កតោខ្មែរ ក្នុងឆាកអន្តរជាតិដែរ តាមរយៈការប្រកួតកម្រិតអាជីពដំបូងគេ នៅកម្ពុជា។ នេះបើតាមលោក សយ ផាន់និច ដែលបានបន្ថែមថា កន្លងមកការប្រកួតគុនល្បុក្កតោននេះ មានត្រឹមតែការសម្ដែង និងការប្រកួតបែបកីឡាប៉ុណ្ណោះ ដោយមិនទាន់់មានការប្រកួតកម្រិតអាជីពលក្ខណៈអន្តរជាតិ សម្រាប់ឱ្យកីឡាករ កីឡាការិនី បានបញ្ចេញក្បាច់ និងស្នៀតឱ្យអស់ពីសមត្ថភាពឡើយ។ 
 
សារព័ត៌មានថ្មីៗ និងអ្នករៀបចំកម្មវិធី«អ្នកលេងគុន» ដែលដឹកនាំដោយលោក សយ ផាន់និច និងលោក វី តារ៉ា នឹងផលិតព័ត៌មាន និងវីដេអូ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ក្បាច់គុនបុរាណ មុនការប្រកួតមកដល់។ សូមទស្សនាវីដេអូសម្ភាសដូចតទៅ៖
 

កីឡាករចូលរួមប្រកួត មានទាំងអ្នកគុនល្បុក្កតោ ប្រដាល់ សាំបូ MMA និងជីតជីស៊ូ ជាដើម។ បើតាមលោក សយ ផាន់និច ការប្រកួតនេះ អាចឱ្យកីឡាករទាំងអស់ប្រើក្បាច់គុនចម្រុះគ្នាបាន មិនថា អ្នកចេះក្បាច់គុនល្បុក្កតោ ក្បាច់ប្រដាល់ ជឺជីតស៊ូ និងMMA នោះទេ។ ត្រង់ចំណុចនេះ មានន័យថា ក្រៅពីប្រើកណ្ដាប់ដៃ ជើងទាត់ធាក់ ជង្គង និងកែងនោះ កីឡាករទាំងអស់ ក៏អាចប្រើស្នៀតចាប់បោក កៀបឃ្លេរជាដើម ដើម្បីទទួលបានជ័យជម្នះផងដែរ។

សម្រាប់កីឡាករកម្ពុជា ដែលនឹងបង្ហាញវត្តមានក្នុងការប្រកួតនេះ មានចំនួន៧រូប រួមមាន ចាន់ រតនា, ណាង សុវណ្ណ , ពេជ្រ ខាំតៃ , ឡុង ឡា , រិន សារ័ត្ន និង សុវណ្ណភូមិ រុងរឿង។   

© រក្សាសិទ្ធិដោយ thmeythmey.com