ជាតិ
សេដ្ឋកិច្ច
គិតត្រឹម​ខែវិច្ឆិកា កម្ពុជានាំចេញអង្ករ​ជិត​៦០ម៉ឺនតោន​ទៅ​កាន់​៦០​គោលដៅលើពិភពលោក
05, Dec 2023 , 6:59 pm        
រូបភាព
អង្ករខ្មែរជើងដំបូង បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ី កាលពីដើម​ខែវិច្ឆិកា។ រូបថតពីក្រសួងកសិកម្ម
អង្ករខ្មែរជើងដំបូង បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ី កាលពីដើម​ខែវិច្ឆិកា។ រូបថតពីក្រសួងកសិកម្ម
រយៈពេល​១១ខែ ឆ្នាំ​២០២៣នេះ កម្ពុជានាំអង្ករទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណ៦០ម៉ឺនតោន ទៅ​កាន់​៦០​គោល​ដៅតាមរយៈ​៦០​ក្រុមហ៊ុន​នាំចេញ។ តាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា​ចេញនៅថ្ងៃទី៥ធ្នូ កម្ពុជា​សម្រេចបាន​គោលដៅ​នាំចេញ៨៥ភាគរយនៃ​ផែន​ការ​៧០ម៉ឺន​តោនដែលគិតជាទឹក​ប្រាក់​មាន​ជិត​៤២១លាន​ដុល្លារអាម៉េរិក។

 
តាម​ទិន្នន័យ ដែលបានពីអគ្គនាយកដ្ឋាន​កសិកម្មនៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាការ​កម្ពុជា​នៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ រួម​ទាំង​អគ្គនាយកដ្ឋាន​សេវាពាណិជ្ជកម្ម​នៃក្រសួង​ពាណិជ្ជ សហព័ន្ធស្រូវអង្ករកម្ពុជា បូក​សរុប​ឃើញថា​ ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជា នាំចេញអង្ករបាន ៥៩៥ ៦៣០ តោន។
 
ក្នុងចំណោម​ទីផ្សារ​គោលដៅ​ចំនួន​៦០ ការនាំ​ចេញទៅ​ចិន និង​តំបន់រដ្ឋបាល​ស្វយ័ត មាន​ចំនួន១៩៨ ៧៦១តោន ដែលមានតម្លៃ១២៨លានដុល្លារ, គោល​ដៅ​២៦ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប សម្រេចបាន​ ២៤០ ៧៥១តោន ដែលមានតម្លៃជិត១៧២លានដុល្លារ។
 


៦​ប្រទេសនៅតំបន់អាស៊ាន​ នាំអង្ករពីកម្ពុជានា១១​ខែកន្លងមក ដោយមាន​បរិមាណ​៧៦ ៥១៦​តោន ស្មើ​នឹង​៥០,៣៦លាន​ដុល្លារអាម៉េរិក។ ក្រៅពីនេះ មាន​គោល​ដៅ២៦​ប្រទេស​ផ្សេងទៀត ជាពិសេសនៅអាហ្វ្រិក និងមជ្ឈឹមបូព៌ា ដែលមាននាំចូល​អង្ករកម្ពុជា​ក្នុង​បរិមាណ ៧៩ ៦០៤តោន ក្នុងទំហំទឹកប្រាក់​៧០,៥៤លាន​ដុល្លារអាម៉េរិក។ 
 
របាយការណ៍​បង្ហាញថា អង្ករដែលត្រូវបាននាំចេញច្រើនជាងគេ គឺជាប្រភេទអង្ករក្រអូប មានរហូតដល់៨២,២០ភាគរយនៃចំនួនអង្ករនាំចេញសរុប បន្ទាប់​មក​គឺអង្ករសគ្រាប់វែង (១៣,១៣ភាគរយ), អង្គរ​ចំហ៊ុយ (៣,០៤ភាគរយ), អង្ករ​សរីរាង្គ (១,៦១ភាគរយ) និង​អង្ករសគ្រាប់ខ្ចី (០,០២ភាគរយ)។
 
ជាមួយគ្នានេះ កម្ពុជាក៏នាំចេញស្រូវទៅប្រទេសជិតខាង បានជាង៣,៩លានតោន​ ផងដែរ។
 
បរិមាណនេះ បើគិតជាទឹកប្រាក់ស្មើនឹង ១ ១៥៦លានដុល្លារ ដោយ​ចំនួន​៦៤ភាគរយ​ឆ្លងកាត់​ការ​ស្នើសុំការបញ្ជាក់ឯកសារ​នាំចេញពី​អាជ្ញាធរមានសមត្ថកិច្ច៕

Tag:
 កសិកម្ម
  ស្រូវ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com