ជាតិ
សេដ្ឋកិច្ច
រកឃើញសាច់បង្កក គ្មានច្បាប់នាំចូលជាង៣៧ម៉ឺនគីឡូក្រាម នៅឃ្លាំងមួយកន្លែងក្នុងខណ្ឌសែនសុខ
05, Dec 2023 , 4:39 pm        
រូបភាព
សាច់បង្កក គ្មានច្បាប់នាំចូលប្រមាណ៣៧ម៉ឺនគីឡូក្រាម ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រកឃើញនៅក្នុងឃ្លាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សាច់បង្កកខុសច្បាប់ទាំងនោះ មានគ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងសាច់ក្របី ជាដើម។

 
ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ ចុះត្រួតពិនិត្យ និងរឹបអូសសាច់បង្កកខុសច្បាប់ទាំងនេះបាន នាថ្ងៃទី៤ធ្នូ ឆ្នាំ២០២៣។ បើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញប្រភេទសាច់បង្កកនានា គ្មានឯកសារច្បាប់នាំចូល សរុប ២៤ ៤២៤ កេស។ 
 
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ៖ «ចំនួនសាច់បង្កកដែលយើងរកឃើញនេះ គឺមានប្រមាណ៣៧ម៉ឺនគីឡូក្រាម»។ 
 
លោកបន្តរៀបរាប់ថា នៅក្នុងនោះ មានចុងស្លាបមាន់១០,៥ម៉ឺនគីឡូក្រាម, គូទមាន់ ៥៥ ២០០គីឡូក្រាម, សាច់មាន់កិន ២ ២០០គីឡូក្រាម, កោះមាន់ ១ ៥៩៦គីឡូក្រាម, ជើងមាន់ មាន ៤១ ៧០០គីឡូក្រាម,  សាច់ជ្រូក ប្រេស៊ីល ៥៦ ៦៧១គីឡូក្រាម, សាច់ជ្រូកអ៊ីតាលី ៩ ៨៩៥គីឡូក្រាម,  សាច់ជ្រូកអាល្លឺម៉ង់ ៩ ៧៧៥គីឡូក្រាម ,  ត្រចៀកជ្រូក៦ ៦៨០គីឡូក្រាម, សាច់ក្របី  ៧១ ៦​០០គីឡូក្រាម, កន្សោមដោះក្របីមាន ២ ៧០០គីឡូក្រាម , ស្បូនជ្រូកមាន ៥ ៦៩០គីឡូក្រាម  និងស្បែកជ្រូកបង្កកមាន១ ៦០០គីឡូក្រាម។
 
សាច់សត្វបង្កកខាងលើទាំងអស់នេះ ត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ឡើយ។ បច្ចុប្បន្ន ឃ្លាំងបង្កកសាច់សាច់សត្វនេះ ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងត្រូវរកឯកសារពាក់ព័ន្ធ ទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមលោក ហ៊ុន សារ៉ាត់។ 
 
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសាទរចំពោះប្រតិបត្តិការ​នេះដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ​ និងអ្នកចិញ្ចឹមសត្វនៅក្នុងស្រុក។ 
 
គួរជម្រាបថា ការបង្ក្រាបបាននូវសាច់បង្កកនាំចូលខុសច្បាប់ជាបន្តបន្ទាប់មកនេះ កើតឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងច្បាប់ហាមឃាត់ការនាំសាច់បង្កក ខូចគុណភាព ចូលមកទឹកដីកម្ពុជា។​ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៣ ​បានលើកឡើងពីការបើកទូលាយសម្រាប់ចំណីអាហារគ្មានច្បាប់ បានធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុក ពិបាកប្រកួតប្រជែងទាំងផ្នែកទីផ្សារ និងតម្លៃ។ ក្រៅពីប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក វាក៏ផ្ដល់ប៉ះពាល់ខ្លាំងដល់សុខភាពពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ផងដែរ។  
 
ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខុមាលភាពពលរដ្ឋ រដ្ឋាភិបាល បានណែនាំឱ្យក្រសួងស្ថានប័នពាក់ព័ន្ធ ពង្រឹងឱ្យបានម៉ត់ចត់នូវការហាមឃាត់ការនាំចូលម្ហូប ឬចំណីអាហារណាខូចគុណភាព និងគុណភាពទាប ដែលវាធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ មិនមែនតែ សាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ នោះទេ។ 
 
សម្តេច បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវកំណត់ច្រកទ្វារព្រំដែនឱ្យបានច្បាស់លាស់ ក្នុងការអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យ ការនាំចូលខុសច្បាប់ក្រោមរូបភាពផ្សេងៗ។ ក្រៅពីនោះ ត្រូវធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៧ អនក្រ.បក ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់បង្កកទាំងនោះ ដើម្បីធានាគុណភាព និងសុខភាព ស្របតាមការកំណត់នៃបទដ្ឋានគតិយុត្ត ជាធរមាន៕ 

Tag:
 សាច់បង្កក
© រក្សាសិទ្ធិដោយ thmeythmey.com