ជាតិ
តារាល្បីល្បាញ Angelina Jolie គ្រោង​ចេញពីជីវិតដ៏តប់​ប្រមល់​នៅហូលីវូដ មក​រស់នៅកម្ពុជា
11, Dec 2023 , 6:59 pm        
រូបភាព
អ្នកស្រី Angelina Jolie នាជំនួបជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថានកន្លងមក
អ្នកស្រី Angelina Jolie នាជំនួបជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថានកន្លងមក
ដោយ: រួបរួម
ក្នុង​បទសម្ភាសមួយ​ជាមួយ​កាសែត The Wall Street Journal (WSJ) តារាភាពយន្ត Angelina Jolie បាន​លើ​កឡើង​ពីគម្រោង​ផែនការជីវិត​របស់ខ្លួន ដោយ​ចង់​ចាកពីតំបន់ហូលីវូត ក្រុងឡូសអេនជឺឡែស សហរដ្ឋអាម៉េរិក មក​រស់នៅដ៏សុខស្ងប់​នៅ​​គេហដ្ឋាន​របស់​ខ្លួន ដែលស្ថិតនៅ​ក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង ប្រទេស​កម្ពុជា។


 «វា​ជាផ្នែកមួយនៃការសម្រេចចិត្តដែលបាន​កើតឡើង​បន្ទាប់ពី​ការលែងលះ​របស់ខ្ញុំ»។ ខ្ញុំលែង​រស់នៅ និង​ធ្វើ​ដំណើរ​ដោយ​សេរី​ដូចមុន។ ដូច្នេះខ្ញុំ​នឹងផ្លាស់ប្តូរ នៅពេល​សមស្របណាមួយ»។ បណ្តាសារព័ត៌មាន​បរទេស បាន​ដក​ស្រង់សម្តី​តារាសម្តែង​វ័យ​៤៨​ឆ្នាំ​រូបនេះ ដោយផ្អែក​លើ​អត្ថបទរបស់ WSJ ដែលមាន​ចំណង​ជើងថា “Angelina Jolie Is Rebuilding Her Life” (អេ​ន​ជឺ​លី​ណា ជោ​លី កំពុង​កសាង​ជីវិតរបស់ខ្លួនឡើង​វិញ)។

ក្នុងបទសម្ភាស តារា Angelina បាន​រៀបរាប់ពីជីវិត​ដ៏តប់ប្រមល់​នៅហូលីវូត តំបន់ឧស្សាហកម្ម​ភាពយន្ត​ដ៏ល្បីល្បាញ។ «ខ្ញុំ​បានចម្រើនវ័យនៅទីដ៏រាក់​មួយ។ ក្នុង​ចំណោម​ទីកន្លែងនានាលើ​ពិភពលោក ហូលីវូត មិនមែនជាទីកន្លែង​ប្រកប​ដោយ​សុខុមាលភាពនោះឡើយ»។​ 

ទោះបីជាមានឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​ទៅហើយក៏ដោយ ប៉ុន្តែ​កូន​ស្រី​របស់តារាសម្តែង Jon Voight រូបនេះ លើកឡើង​ថា ខ្លួនដែលមិន​ចាប់អារម្មណ៍​ពីភាពអស្ចារ្យ​ទាល់តែសោះ ហើយនេះ ក៏ប្រហែល​ដោយសារតែ​គាត់​ស៊ាំនឹង​ជីវិត​នៅ​ជុំវិញ​ហូលីវូត តាំងពីកុមារភាព។
 


ក្តីក្តាំនៃ​សំណុំរឿង​លែងលះជាមួយ Brad Pitt កាលពី​៧​ឆ្នាំមុន ក៏ជាផ្នែកមួយដែល​បាន​រុញ​​ភាពស្មុគ្រ​ស្មាញក្នុងជីវិត​របស់ Angelina ផងដែរ។ នាពេលនោះ គាត់​យល់កាន់តែច្បាស់ពីអត្ថន័យ​នៃជីវិត ហើយ​បាន​ប្រើប្រាស់ពេលវេលា​ដ៏ច្រើន​នៅផ្ទះជាមួយ​កូន​ៗចិញ្ចឹម និង​បង្កើត​ទាំង​៦នាក់​របស់ខ្លួន។
 
តើគាត់នឹងមក​តាំងទីលំនៅ​ក្នុងប្រទេសកម្ពុជាពេលណា? បទសម្ភាសមិន​បានលម្អិត​អំពី​គម្រោង​ផែនការនេះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វាជារឿងដែលនឹងអាចកើតឡើង ដោយសារ​ព្រះរាជាណាចក្រ​អច្ឆរិយៈ បាន​ក្លាយ​ជាផ្នែកមួយ​ដ៏សំខាន់​ក្នុងជីវិត​របស់ Angelina រួចទៅ​ហើយ។
 
ស្គាល់​កម្ពុជា​ដំបូង​តាមរយៈការ​ថត​រឿង «Lara Croft: Tomb Raider» នាអំឡុង​ឆ្នាំ​២០០០ Angelina បានអះអាងថា គាត់​បានជួប​រឿង​រ៉ាវ​ថ្មីៗច្រើន។ ក្នុង​បទសម្ភាស​ជាមួយ AP តារាហូលីវូត​រូបនេះ បាន​បញ្ជាក់ថា កម្ពុជា ជា​ទឹក​ដី ដែល​បាន​ផ្លាស់ប្តូរ​ចិត្ត​គាត់​ឱ្យ​ចេះស្រឡាញ់​ ដោយ​កន្លែងមក គាត់មិន​ដែល​ធ្លាប់​គិតទាល់តែសោះ​ក្នុងតួនាទី​ភាពជាមាតា។
 
តារា​លំដាប់​ពិភពលោក​រូបនេះ បាន​ថ្លែងប្រាប់ AP ថា​៖ «​នៅពេលដែល​ខ្ញុំ​មកដល់​កម្ពុជា​ជា​លើកដំបូង ខ្ញុំ​មានការ​ផ្លាស់ប្តូរ ជាពិសេស​ទស្សនវិស័យ​។ ខ្ញុំ​បាន​មើល​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ដែល​ខ្ញុំ​មិនដែល​ធ្លាប់បាន​រៀន​នៅ​សាលា ហើយ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​នៅក្នុង​ជីវិត​ដែល​ខ្ញុំ​ត្រូវ​រៀនសូត្រ​»​។​



 Angelina បាន​បន្ថែមថា​៖ «​វា​ពិតជា​ចម្លែក ពីព្រោះ​ខ្ញុំ​មិនដែល​ចង់បាន​កូន​នោះឡើយ​។ ខ្ញុំ​មិនដែល​ធ្លាប់​ចង់​ពរ​ពោះ​ទាល់តែសោះ​។ ភ្លាមៗ​នោះ វា​ច្បាស់​ណាស់​សម្រាប់​ខ្ញុំ​ដែល​មើលឃើញថា កូនប្រុស​របស់ខ្ញុំ [​ឈ្មោះ Maddox ដែល​បាន​សុំ​សិទ្ធិ​ចិញ្ចឹម​ពី​កម្ពុជា​កាលពី​ឆ្នាំ​២០០២] ​គឺជា​ផ្នែក​មួយ​នៅក្នុង​ប្រទេស​នេះ​»​។​
 
គឺ​កូន​ប្រុស​ចិញ្ចឹម​ច្បង Maddox Chivan Jolie-Pitt នេះហើយ ដែលបាន​ធ្វើ​ឱ្យទំនាក់​ទំនង​រវាង Angelina ជាមួយកម្ពុជា កាន់តែរឹងមាំ រហូត​ដល់​ឈាន​ទៅ​បង្កើតអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញដែលផ្តោតលើសន្តិសុខបរិស្ថាន ការលើកកម្ពស់សុខភាព និងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍ទាំងអស់នៅក្នុងនាមឈ្មោះរបស់គាត់ ដែលត្រូវបានគេហៅថាមូលនិធិ Maddox Jolie-Pitt (MJP) Foundation។
 
តាមរយៈ​បេសកកម្ម​មនុស្សធម៌​ជាច្រើន រួមទាំង​តួនាទី​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ UNHCR ផងដែរ​នោះ Angelina បាន​មើលឃើញ​ពី​ទុក្ខលំបាក​របស់​មនុស្សជាតិ​ ជាពិសេស​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​ចម្ការមីន។ កិច្ច​ប្រឹង​ប្រែង​នានា​សម្រាប់កម្ពុជា បានទទួល​នូវការ​តប​ស្នង​ដ៏គាប់​ចិត្ត ដោយ​កាលពីថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០០៥ ព្រះ​ករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​ប្រោសប្រទានសញ្ជាតិ​ខ្មែរដល់តារាអាម៉េរិក​រូបនេះ។
 


នៅឆ្នាំ​២០១៧ រឿង «First They Killed My Father» (មុនដំបូង ខ្មែរក្រហម​សម្លាប់ប៉ារបស់ខ្ញុំ) ដែល​​ផ្អែក​តាម​រឿង​ពិត​របស់​អ្នកនិពន្ធ អ៊ឹង លឿង ដែល​រៀបរាប់​ពី​ទុក្ខលំបាក​វេទនា​ក្នុងសម័យ​ខ្មែរក្រហម​ ត្រូវបាន​ចាក់បញ្ចាំងជាលើកដំបូង ដោយ Maddox មាន​ចំណែកដ៏​ធំ​ក្នុង​ការជួយ​ម្តាយចិញ្ចឹម​របស់ខ្លួន​លើ​ការផលិត​រឿងនេះ​។ 
 
នៅដើមឆ្នាំ២០២២ លោកស្រី Angelina Jolie អនុវត្តគម្រោង «ស្ត្រីដើម្បីឃ្មុំ» ដោយ​ផ្តោត​លើ​ការ​បណ្តុះបណ្តាលស្ត្រីខ្មែរ៥០នាក់ក្នុងជំនាញចិញ្ចឹមឃ្មុំ នៅស្រុកសំឡូត ខេត្តបាត់ដំបង។ Angelina ក៏ត្រូវបានគេប្រសិទ្ធ​នាម​ថា «Godmother» ផងដែរ ដោយ​គម្រោងនេះ នឹងបង្កើតសំបុកឃ្មុំចំនួន២៥០០សំបុកសម្រាប់ឃ្មុំចំនួន១២៥លានក្បាលនៅត្រឹមឆ្នាំ២០២៥។ 
 
នៅស្រុក​សំឡូត Angelina បាន​ទិញដី និង​សាងផ្ទះនៅ​ឆ្នាំ២០០៣ ក្នុងគោលបំណង​ប្រែក្លាយ​តំបន់ដែល​ពោរពេញ​ទៅ​ដោយ​ការ​លួចបរបាញ់សត្វ ទៅ​ជា​តំបន់អភិរក្សសត្វព្រៃ ជាពិសេស​ប្រភេទសត្វដែលជិត​ផុតពូជ។

ក្រៅពី Maddox Chivan Jolie-Pitt ​ដែលជា​កូនច្បង Angelina Jolie មានកូន​បង្កើត និង​ចិញ្ចឹម​៥​នាក់​ទៀត ក្នុងនោះ មាន PaxThien (​កូន​ប្រុស​ពី​វៀតណាម​), Zahara Marley (កូន​ស្រី​​ពី​អេ​ក្យូ​ពី​), Shiloh Nouvel (​កូន​ស្រីបង្កើតទីមួយដែលកើតនៅ​ណា​មី​ប៊ី​)​ និង​កូនបង្កើត​ភ្លោះ​ប្រុស​-​ស្រី Knox L’eon​ និង Vivienne Marcheline​៕

Tag:
 Angelina Jolie
© រក្សាសិទ្ធិដោយ thmeythmey.com