កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ សូម្បីកៅអី Europa ក៏គ្មានសម្រាប់ Man Utd តែ Ten Hag នៅតែសរសើរកូនក្រុម
13, Dec 2023 , 10:14 am        
រូបភាព
Manchester United មិនអាចឆ្លងផុតវគ្គចែកពូល UEFA Champions League និងសូម្បីកៅអី Europa League បន្ទាប់ពីចាញ់ Bayern Munich ១-០ នៅជំនួបចុងក្រោយ នៅថ្ងៃទី១២ ខែធ្នូ។ ៦ប្រកួតក្នុងពូល A បិសាចក្រហមរកបានជ័យជម្នះតែមួយលើកគត់ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង។


១គ្រាប់របស់ Kingsley Coman បានជួយ Bayern Munich ឈ្នះ Man Utd ១-០ នៅ Old Trafford និងជួយក្រុមពួកគេរក្សាភាពមិនចាញ់សោះក្នុងវគ្គសន្សំពិន្ទុទាំង៦ប្រកួត។ ផ្ទុយទៅវិញ នេះជារដូវកាលដ៏អាក្រក់សម្រាប់ក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Erik ten Hag ដែលមិនអាចឆ្លងទៅវគ្គខ្វែង​ក្របខណ្ឌកំពូលអឺរ៉ុប ហើយថែមទាំងមិនទទួលបានកៅអី Europa League ទៅទៀត។
 
ទោះរងភាពអាម៉ាសនៅទឹកដីខ្លួន ប៉ុន្តែលោក Erik ten Hag នៅតែលើកសរសើរក្រុម Man Utd លេងបានល្អ និងពេញចិត្ត​នឹង​ការ​ប្រឹងប្រែង​របស់​កូនក្រុម។

«​ខ្ញុំ​គិត​ថា​តំបន់​ការពារ ​និង​ការដាក់សម្ពាធលើគូប្រជែងរបស់​យើងល្អ។ ជាពិសេសនៅតង់ទីពីរ យើងគ្រប់គ្រងបាល់បានច្រើនក្នុងទីលាន ប៉ុន្តែយើងមិនបានទទួលបានអត្ថប្រយោជន៍ពីវាទេ»។ នេះជាការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិហូឡង់​ ស្របពេលកៅអីអ្នកចាត់ការរបស់ខ្លួន អាចរង្គោះរង្កើ តាមរយៈបរាជ័យនេះ។
 
៦ប្រកួតរបស់បិសាចក្រហម រកបានជ័យជម្នះតែមួយលើកប៉ុណ្ណោះ ក្រៅពីនោះចាញ់៤ និងស្មើ១ បញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងពូល A ដោយទទួលបាន៤ពិន្ទុ។ ក្នុងពូលនេះ Bayern Munich ឈរកំពូលតារាងមាន១៦ពិន្ទុ ចាប់ដៃគ្នាជាមួយ FC Copenhagen ដែលនៅលេខ២ មាន៨ពិន្ទុ ទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ FC Copenhagen ឈ្នះ Galatasaray ក្នុងជំនួបចុងក្រោយ ១-០។ Galatasaray បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ មាន៥ពិន្ទុ សល់កៅអី Europa League វគ្គ១៦ក្រុម។
 
គិតត្រឹមពេលនេះ ពាន់រង្វាន់លីគកំពូលអឺរ៉ុបរកឃើញ១៤ក្រុមហើយដែលបានកៅអីទៅវគ្គខ្វែង ក្នុងនោះមាន Bayern Munic, AT-Madrid, Lazio, Barcelona, Man City, RB Leipzing, Real Sociedad, Inter Milan Real Madrid Arsenal Napoli PSV Eindhoven និង FC Copenhagen។
 
ក្រុមដែលអស់ឱកាសទៅវគ្គ១៦ក្រុម មាន Sevilla, Union Berlin, RB Salzburg, Benfica, Celtic, Feyenoord, Young Boys, Red Star Belgrade Royal Antwerp Galatasaray Man Utd Lens និង Sporting Braga។
 
ក្រុមបានកៅអី Europpa League បណ្តោះអាសន្ន មាន Feyenoord, Benfica, Sporting Braga, Lens និង Galatasaray និងពីរក្រុមទៀតត្រូវរង់ចាំនៅជំនួបកាត់ក្តីចុងក្រោយ៕

Tag:
 Champions League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com