អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្រ្តីវៀតណាមប្រគល់សៀវភៅជូនសម្តេចហ៊ុន ម៉ាណែត ដែលអាចប្រើសម្រាប់អភិវឌ្ឍប្រទេស
13, Dec 2023 , 2:43 pm        
រូបភាព
លោក ផាម មិញជិញ ជូនសៀវភៅសម្តេច ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ ។ រូបភាព ៖ VNA
លោក ផាម មិញជិញ ជូនសៀវភៅសម្តេច ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ ។ រូបភាព ៖ VNA
នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ នៅថ្ងៃទី១២ ខែធ្នូ បានផ្តល់សៀវភៅចំនួន ៦ក្បាលដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះដោយលោកអគ្គលេខាបក្ស ង្វៀន ហ៊្វូជុង និង ២ក្បាលទៀត ដោយស្ថាប័ន National Political Publishing House Truth ជូនទៅសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។

 
លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានជូនសៀវភៅដល់សមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ចំនួន ៨ក្បាលនៅរសៀលថ្ងៃទី១២ ខែធ្នូ មុនប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះចាកចេញពីទីក្រុងហាណូយ ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម។ 
 
សៀវភៅចំនួន ៦ក្បាល ជាការនិពន្ធផ្ទាល់ដោយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូជុង ដែលមានខ្លឹមសារសំដៅលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការលើកកម្ពស់ប្រពៃណីនៃការរួបរួមជាតិ ក៏ដូចជាគោលការណ៍ណែនាំយោធាអំពីយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយការបរទេស។
 
បើតាមសារព័ត៌មាន VnEpress បានដកស្រង់សម្តីលោក​ ផាម មិញជិញ ដើម្បីសរសរបញ្ចប់សៀវភៅទាំងនេះ អគ្គលេខាបក្ស ង្វៀន ហ៊្វូជុង បានចំណាយការខិតខំប្រឹងប្រែងជាច្រើនដើម្បីសង្ខេបការអនុវត្ត ស្រាវជ្រាវ និងបង្កើតទ្រឹស្តីជាច្រើនឆ្នាំ។ សៀវភៅទាំងនេះមានសារៈសំខាន់ជាក់ស្តែង និងទ្រឹស្តីខ្ពស់សម្រាប់ដឹកនាំការអភិវឌ្ឍប្រទេស ហើយកម្ពុជាអាចយកមកប្រើក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសបានដូចគ្នា។
 
បន្ថែមពីនេះប្រមុខរដ្ឋាភិបាលវៀតណាម បានផ្តល់សៀវភៅ ២ក្បាលទៀត ដល់សម្តេចផងដែរ ដែលសៀវភៅទាំងនោះត្រូវបានចេញផ្សាយដោយស្ថាប័ន National Political Publishing House Truth។
 
នេះ​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​របស់​សម្តេច ហ៊ុន ម៉ា​ណែ​ត ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ទៅកាន់​​វៀតណាម​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១១-១២ ខែធ្នូ​។
 
ក្នុងជំនួបពិភាក្សានាថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ បញ្ហាព្រំដែន បញ្ហាតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរបានប្តេជ្ញាសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ពាន់លានដុល្លារនាពេលខាងមុខ។ 
 
ក្នុងអំឡុងទស្សនកិច្ចនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានជួបសន្ទនាឥស្សរជនសំខាន់ៗរបស់វៀតណាមមានដូចជាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ង្វៀន ហ្វ៊ូជុង ប្រមុខរដ្ឋ វ៉ វាន់ធឿង និងប្រធានរដ្ឋសភា វឿង ឌិញហ៊្វេ ផងដែរ។
 
កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងជាមធ្យមជាង ២០ភាគរយក្នុងរយៈពេល ២០១៥-២០២២ និងលើសពី ១០ពាន់លានដុល្លារនៅឆ្នាំ២០២២។ រយៈពេល ៩ខែឆ្នាំនេះ ទំហំពាណិជកម្មរវាងប្រទេសទាំងពីរឈានដល់ ៦,៥ពាន់លានដុល្លារ។
 
វៀតណាមបន្តនាំមុខអាស៊ាន និងស្ថិតក្នុងប្រទេសកំពូលទាំង ៥ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា ជាមួយនឹងគម្រោងវិនិយោគចំនួន ២០៥គម្រោងនិងមានដើមទុនចុះបញ្ជីសរុបចំនួន ២,៩៥ពាន់លានដុល្លារ។ ៩ខែឆ្នាំ២០២៣ ភ្ញៀវទេសចរវៀតណាមមកកម្ពុជាមានចំនួនជាង៦៤ម៉ឺននាក់ ខណៈភ្ញៀវកម្ពុជាទៅវៀតណាមប្រមាណ២៥ម៉ឺននាក់៕ 

Tag:
 វៀតណាម
  កម្ពុជា
  សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com