សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ ​៖ ការដំឡើងប្រាក់ឈ្នួលអប្បរមាមិនធ្វើឲ្យក្រុមហ៊ុនខាតបង់ទេ
13, Dec 2023 , 3:21 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន ។ រូបភាព ៖ បណ្តាញ X/ Srettha Thavisin
នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន ។ រូបភាព ៖ បណ្តាញ X/ Srettha Thavisin
ប្រមុខរដ្ឋាភិបាលថៃ សេដ្ឋា ថាវីស៊ីន  នៅថ្ងៃទី១៣ ខែធ្នូ បង្ហាញការមិនពេញចិត្តជាថ្មីម្តងទៀត ជុំវិញការដំឡើងប្រាក់ឈ្នួលអប្បរមាប្រមាណ ២,៣៧ភាគរយនេះ ដោយសារវាមានកម្រិតតិចពេក។ លោកថាការដំឡើងប្រាក់ឈ្នួលអប្បរមាមិនធ្វើឲ្យក្រុមហ៊ុនខាតបង់ទេ ផ្ទុយទៅវិញធ្វើឲ្យអាជីវកម្មទទួលបានប្រយោជន៍ច្រើន ប្រសិនបើធ្វើត្រឹមត្រូវ។

 
នៅថ្ងៃទី៨ ខែធ្នូ គណៈកម្មាធិការប្រាក់ឈ្នួល រួមទាំងក្រុមអាជីវកម្ម និងក្រុមការងារបានយល់ព្រមដំឡើងកម្រិតដល់ចន្លោះពី ៣៣០បាតទៅ ៣៧០បាត (៩,៣៣ដុល្លារដល់ ១០,៤៦ដុល្លារ) ក្នុងមួយថ្ងៃចាប់ពីដើមឆ្នាំ២០២៤។ ការដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំថ្ងៃកើនចន្លោះពី ២ ទៅ ១៦បាតឬជាមធ្យម ២,៣៧ ភាគរយនាពេលបច្ចុប្បន្ន។
 
យ៉ាងណាមិញ ការបង្កើនប្រាក់ឈ្នួលអប្បបរមានេះ បានធ្វើឱ្យលោកនាយករដ្ឋមន្រ្តីថៃមិនពេញចិត្តនោះទេ ដោយសារវាមិនសមស្របនឹងការកើនឡើងនៃថ្លៃចំណាយការរស់នៅក្នុងពេលបច្ចុប្បន្ន។ លោក សេដ្ឋា ថាវីស៊ីន ចាត់ទុកថានៅមានកម្រិតទាបនៅឡើយ។ 
 
ថ្លែងក្នុងវេទិកាធុរកិច្ចមួយ លោក សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ថា រដ្ឋាភិបាល​​មិន​យល់​ស្រប ​នឹង​ការ​ដំឡើងប្រាក់ឈ្នួលនៅកម្រិតនេះទេ ដោយសារបានកាត់បន្ថយតម្លៃអគ្គិសនី និងថាមពលរួចហើយ ដើម្បីគាំទ្រដល់អាជីវកម្ម។
 
នាយករដ្ឋមន្រ្តីថៃរូបនេះបានសង្កត់ធ្ងន់ថា  ៖« ការដំឡើងប្រាក់ឈ្នួលមិនមែនជាហានិភ័យសម្រាប់ក្រុមហ៊ុនទេ ប៉ុន្តែនឹងនាំមកនូវផលវិជ្ជមានប្រសិនបើធ្វើបានត្រឹមត្រូវ ហើយម្ចាស់អាជីវកម្មគួរតែផ្តល់ការងារដល់បុគ្គលិកប្រកបដោយសេចក្តីថ្លៃថ្នូរ » ។
 
កាលពីខែតុលាឆ្នាំមុន ថៃបានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៥,០២ភាគរយ។ គណបក្សភឿថៃដែលកំពុងកាន់អំណាចសព្វថ្ងៃបានសន្យាបង្កើនប្រាក់ឈ្នួលអប្បបរមាដល់ ៤០០បាតក្នុងមួយថ្ងៃ។
 
ជុំវិញរឿងនេះ ក្រុមហ៊ុននៅថៃជាច្រើនមានការព្រួយបារម្ភអំពីការកើនឡើងនៃថ្លៃដើម និងប្រាក់ឈ្នួល ដែលជាកត្តាមួយរារាំងការប្រជែងទីផ្សារ ស្របពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ តួយ៉ាងសហព័ន្ធឧស្សាហកម្មថៃនៅថ្ងៃទី១២ ខែធ្នូ បានលើកឡើងពីការព្រួយបារម្ភថា ប្រាក់ឈ្នួលអប្បបរមាខ្ពស់នឹងប៉ះពាល់ដល់អាជីវកម្មដែលនឹងផ្តល់បន្ទុកលើការចំណាយ រួមជាមួយនឹងអត្រាការប្រាក់កាន់តែខ្ពស់ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ 
 
សេដ្ឋកិច្ចរបស់ថៃ បានកើនឡើងយឺតជាងការរំពឹងទុក ១,៥ភាគរយនៅក្នុងត្រីមាសទី៣ ធៀបគ្រាដូចគ្នាឆ្នាំមុន ដោយសារការនាំចេញធ្លាក់ចុះ និងការចំណាយច្រើនរបស់រដ្ឋាភិបាល៕ 
 

Tag:
 ថៃ
  ប្រាក់ឈ្នួល
  សេដ្ឋា ថាវីស៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com