RFI
អន្តរជាតិ
រវាងអាមេរិក និង​ចិន តើវៀតណាមជ្រើសរើសយកមួយណា?
13, Dec 2023 , 6:59 pm        
រូបភាព
លោកស៊ី ជីនពីង​បំពេញទស្សនកិច្ច​២ថ្ងៃ​នៅវៀតណាម ដោយចាប់ផ្តើម​នៅថ្ងៃទី ១២​ធ្នូ ២០២៣ AP - Hoang Dinh Nam
លោកស៊ី ជីនពីង​បំពេញទស្សនកិច្ច​២ថ្ងៃ​នៅវៀតណាម ដោយចាប់ផ្តើម​នៅថ្ងៃទី ១២​ធ្នូ ២០២៣ AP - Hoang Dinh Nam
ដោយ៖ ឈាង បុប្ផា/ RFI
 
ប្រធានាធិបតី​ចិន លោក​ស៊ី​ជីនពីង​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២ថ្ងៃ នៅ​ប្រទេស​វៀតណាម ជាលើកទី​១ គិតចាប់តាំង​ពី​ឆ្នាំ ២០១៧។ បន្ទាប់​ធ្វើដំណើរ​ទៅ​ដល់​ទីក្រុង​ហាណូយ នៅ​ថ្ងៃ​អង្គារទី ១២​ធ្នូ ប្រមុខរដ្ឋចិន ត្រូវ​បាន​កាសែត​ក្នុងស្រុកចិន ដកស្រង់សំដីថា លោក​នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម លើបញ្ហា​យុទ្ធសាស្រ្ត ទំនាក់ទំនង​ជាទូទៅ និង​ទិសដៅរួម​របស់​បងប្អូនកុម្មុយនិស្ត​វៀតណាម ចិន។ ដំណើរទស្សនកិច្ច​របស់​មេដឹកនាំ​ចិន នៅ​ប្រទេស​វៀតណាម ធ្វើឡើង​នៅតែ ៣ខែ​ក្រោយពី​ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​វៀតណាម។



លោក ស៊ី ជីនពីង​ទៅ​វៀតណាម​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​របស់​អាមេរិក នៅ​វៀតណាម?

ទៅដល់​ទីក្រុង​ហាណូយ នៅថ្ងៃ​អង្គារនេះ ប្រមុខរដ្ឋ​ចិនត្រូវ​មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម ​អគ្គលេខាធិការបក្ស​កុម្មុយនិស្ត លោក​ង្វៀន ភូចុង​ទទួល​យ៉ាង​រាក់ទាក់ នៅ​វិមាន​ប្រធានាធិបតី វៀតណាម។ ក្រៅពី​ប្រធានបក្សកុម្មុនិស្ត​វៀតណាម លោកប្រធានាធិបតី​ស៊ី ជីនពីង​គ្រោង​ជួប​លោក​នាយករដ្ឋមន្រ្តី ផាម មិញជិញ​ (Pham Minh Chinh) និង​លោក វ៉ វ៉ាន់ធៀង ប្រធានាធិបតី​ថ្មី​របស់​វៀតណាម នៅថ្ងៃ​ពុធ ដើម្បី​និយាយ​ពី​ទំនាក់ទំនង​ទ្វេភាគី​ជាយុទ្ធសាស្រ្ត វៀតណាម-ចិន ទាំងក្នុងវិស័យសេដ្ឋកិច្ច និង​សន្តិសុខ ព្រមទាំង​សំណុំរឿងអន្តរជាតិ និង​ក្នុងតំបន់។ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ធ្វើទស្សនកិច្ចនៅ​វៀតណាម នៅ​ក្នុង​គោលដៅ ធ្វើឲ្យ​ទំនាក់ទំនង វៀតណាម និង​ចិន​កាន់តែ​ល្អប្រសើរ ឡើង​មួយ​កម្រិត​ថ្មី​ទៀត។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត​រដ្ឋ​ចិន។
 
វៀតណាម និង​ចិនភ្ជាប់ចំណង​ជាដៃគូ​យោគយល់​យុទ្ធសាស្រ្ត​នឹង​គ្នា​១៥ឆ្នាំ​មកហើយ។ ចិន​ធ្លាប់បានទទួល​ឋានៈខ្ពស់ជាងគេ នៅក្នុង​នយោបាយការទូត និង​សេដ្ឋកិច្ច​របស់​វៀតណាម។ ប៉ុន្តែ នៅ​ខែ​កញ្ញា​កន្លងទៅ នៅក្នុងអំឡុង​ទស្សនកិច្ច​របស់​លោកប្រធានាធិបតី ចូ បៃដិន នៅវៀតណាម ប្រទេស​ជិតខាង​របស់​ចិន មួយនេះ បាន​ដំឡើង​ឋានៈ​អាមេរិក ឲ្យ​ក្លាយជា​ដៃគូ​យុទ្ធសាស្រ្ត​សំខាន់​មួយដែរ​របស់វៀតណាម ឲ្យ​ស្មើ​ចិន ហើយ​និង​រុស្ស៊ី។
 
ការណ៍នេះ​ប្រាកដណាស់​បានធ្វើ​ឲ្យ​ចិន នៅមិន​ស្រណុក​ទាល់​តែសោះ។ មិនស្រណុកដែលឃើញ អាមេរិក​ដៅ​ពង្រឹង​យុទ្ធសាស្រ្តយោធារបស់ខ្លួន នៅក្នុង​តំបន់ តាមរយៈ​ការចាប់ដៃគូ​ជាមួយ​វៀតណាម។ នៅមុន​ផ្តើមទស្សនកិច្ច​នៅ​វៀតណាម ប្រមុខរដ្ឋ​ចិន លោក​ស៊ី ជីនពីង​បាន​បញ្ចេញ​យោបល់​នៅក្នុងអត្ថបទ​កាសែត​វៀតណាម ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារនេះ អនាគត​របស់​អាស៊ី​មិន​ស្ថិតក្នុងដៃ​របស់​អ្នកណា​ផ្សេង​ក្រៅពី​ជនជាតិអាស៊ី​នោះទេ។ នៅវៀតណាម លោក​ប្រធានាធិបតី​ស៊ី ជីនពីង​អាច​ដាក់សម្ពាធ​ឲ្យ​វៀតណាមចូលរួម​នៅក្នុង​សហគមន៍​ជោគវាសនារួម ដែលមាន​អត្ថន័យ ពង្រឹង​សហប្រតិបត្តិការទៅថ្ងៃ​អនាគត​ក្នុង​វិស័យ​សេដ្ឋកិច្ច សន្តិសុខ និង​នយោបាយ។
 
វៀតណាមជាគោលដៅទាក់ទាញ​របស់ប្រធានាធិបតីចិន និង​ប្រធានាធិបតីអាមេរិក?

មាន​ប្រជាជន​ជាង ៩៧លាននាក់ និង​មានសេដ្ឋកិច្ច​ចាប់រីកលូតលាស់ខ្លាំង​ វៀតណាម​ចាប់ដើរ​តួនាទី​កាន់តែ​សំខាន់ នៅក្នុង​យុទ្ធសាស្រ្ត​សន្តិសុខ​និង​សេដ្ឋកិច្ច នៅតំបន់​អាស៊ី​អាគ្នេយ៍។ ដោយសារ​តែ​តួនាទី​សំខាន់ នៅក្នុងតំបន់ វៀតណាម​បានក្លាយជា​ចំណុចអារម្មណ៍ ពីមហាអំណាច អាមេរិក និង​ចិន។
 
ស្ថិតនៅ​សមុទ្រចិន​ខាងត្បូង វៀតណាម មាន​ទីតាំង​យុទ្ធសាស្រ្ត ដែល​ទាំងអាមេរិក ហើយនិងចិន ប្រាថ្នា​ចង់​ទាញមកធ្វើជា​ដៃគូរៀងៗខ្លួន។
 
លើសពីនោះ រ៉ែ​កម្រ ដែល​ធ្វើ​ឲ្យវៀតណាម​ក្លាយជា​ប្រទេស​មានរ៉ែកម្រ​ធំទី​២​បន្ទាប់ពីចិន នៅអាស៊ី និង​សំខាន់​សម្រាប់​វិស័យបច្ចេកវិទ្យា ដូចជា​ការផលិត​ទូរស័ព្ទ កុំព្យូទ័រ អាគុយឡានអគ្គិសនី ក៏ជាអ្វីដែល​ចិន និងអាមេរិក សំឡឹងចង់បានដូចគ្នា។
 
នៅក្នុង​ទស្សនកិច្ចរបស់​លោក​ចូ បៃដិននៅវៀតណាម កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ អាមេរិក ហើយនិង​វៀតណាម​បាន​យល់ព្រមព្រៀងសហការគ្នា​ដើម្បី​ជំរុញវៀតណាមក្នុងការធ្វើអាជីវកម្មរ៉ែកម្ររបស់វៀតណាម។ ដូច្នេះដូចជា​លោក​ចូ បៃដិន នៅក្នុងទស្សនកិច្ច​ទៅកាន់ប្រទេស​វៀតណាមលើកនេះ ប្រធានាធិបតី​ស៊ី ជីនពីង​នឹង​ស្វែងរក​ការសហការ​ជាមួយ​វៀតណាម​នៅលើ​ការធ្វើ​អាជីវកម្ម​រ៉ែកម្រ​របស់​វៀតណាមដែរ ដើម្បីធ្វើ​យ៉ាងណា​កុំ​ឲ្យ​អាមេរិក​អាចដោះដៃ លែងពឹងអាស្រ័យលើ​រ៉ែកម្រចិន បន្ទាប់​ពី​អាច​ចូល​ទៅ​ប្រើ​រ៉ែកម្រ​វៀតណាម។
 
ជាប្រទេស​ដៃគូសេដ្ឋកិច្ច​ធំជាងគេ​របស់​វៀតណាម ចិន​ចង់​ប្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជានុយ​ទាក់ទាញ​វៀតណាម។ ជាក់ស្តែង នៅក្នុង​ទស្សនកិច្ចរបស់​លោក​ស៊ី ជីនពីង​លើកនេះ គម្រោង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ជាច្រើន​គម្រោង​នឹង​ត្រូវចុះហត្ថលេខា នៅទីក្រុង​ហាណូយ ដែលនៅក្នុងនោះមានផងដែរ ខ្សែរថភ្លើងល្បឿន​លឿន​ដែលតភ្ជាប់​ពី​ខេត្តភាគខាងត្បូងចិន ទៅក្នុងប្រទេស​វៀតណាម ដែលមានគោលដៅចំបង ​ជំរុញ​សង្វាក់ផលិតកម្ម​របស់​រោងចក្រ​ដំឡើង​រថយន្ត​ចិន នៅក្នុង​ទឹកដី​វៀតណាម។
 
រវាងអាមេរិក និង​ចិន តើវៀតណាម​ជ្រើសរើស​យកមួយណា?

បើនិយាយ​ពី​មនោគមវិជ្ជា វៀតណាម​ជិតស្និទ្ធិ​ខ្លាំង​នឹង​ចិន ព្រោះ​ប្រទេស​ទាំងពីរ​ដឹកនាំ​ដោយ​បក្សកុម្មុយនិស្ត​ដូចគ្នា។ នៅក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច ចិន​គឺ​ជាដៃគូដោះដូរពាណិជ្ជកម្ម​ធំ​ជាងគេបង្អស់​របស់​វៀតណាម។ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​តម្លៃ​ប្រមាណ ២០០​ពាន់លាន​ដុល្លារ នៅ​ឆ្នាំ ២០២២។
 
ចិនគឺ​​ជាទីផ្សារ​ធំជាងគេ​របស់​ទំនិញ​វៀតណាម ហើយ​ចិន​នេះ​ក៏​ជា​ប្រទេស​ដែល​វិនិយោគ​ច្រើន​ជាងគេដែរ នៅ​វៀតណាម។ ការវិនិយោគ​របស់​ចិន និងហុងកុងនៅ​វៀតណាម​បាន​កើនឡើង៣ដង​ដល់ ជាង ៨ពាន់លាន​ដុល្លារ។ ការវិនិយោគ​របស់​ចិន នៅវៀតណាម​កើនឡើង​មួយចំណែក​ដោយសារ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក នៅក្នុងជម្លោះពាណិជ្ជកម្ម​ជាមួយ​ចិន បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើន​រើផ្លាស់ទី​ទៅវិនិយោគ បោះទីតាំង​រោងចក្រ​នៅវៀតណាម​ដើម្បីគេចពីទណ្ឌកម្ម​របស់​អាមេរិក។
 
ងាក​មក​និយាយ​ពី​ទំនាក់ទំនង​អាមេរិកនិង​វៀតណាម​វិញ។ ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតីចូ បៃដិន នៅវៀតណាម មិន​បាន​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ​ឲ្យ​ហក់កើនឡើង​ខ្ពស់ ដូច​ការចង់បានរបស់​អាមេរិកនោះទេ។ ផ្ទុយពី​ចិន ការវិនិយោគ​របស់​អាមេរិក នៅ​វៀតណាម មានធ្លាក់ចុះ មិនដល់ ១ពាន់លានដុល្លារផង នោះដោយសារ​តែ បញ្ហា​សេដ្ឋកិច្ច​ផ្ទៃក្នុងអាមេរិក និងដោយសារ​ការមិនសូវជឿទុកចិត្ត​លើ​ប្រទេស​កុម្មុយនិស្ត។
 
ទោះ​អាមេរិក​មិនមែន​ដៃ​គូ​សេដ្ឋកិច្ចសំខាន់ បើប្រៀបធៀប​នឹង​មហាអំណាច​ចិន។ ប៉ុន្តែ វៀតណាម​មិនធ្វេសប្រហែស បោះបង់​ចោលអាមេរិក ទៅ​ចាប់ចិន​តែមួយ។ និយាយផ្ទុយមកវិញ វៀតណាម​ក៏មិនបែរខ្នងដាក់ចិន ហើយ​ងាក​ទៅ​ចូលដៃ​ជាមួយអាមេរិក​ដើម្បី​ដាក់សម្ពាធចិនដែរ។
 
ដោយ​សំងំសុខ មិនចេញ​មុខ​គាំទ្រ​តែ​ភាគីម្ខាងៗ អាមេរិក ឬ​ចិនឡើយ ដោយគិតតែចាំ​ទាញ​យក​ប្រយោជន៍ ពី​ជម្លោះចិន អាមេរិក និងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន អគ្គលេខាធិការក្សកុម្មុយនិស្ត​លោក​ង្វៀន ភូចុង​ធ្លាប់លើកឡើង​ពី​នយោបាយ​ការទូត​ដើមឬស្ស៊ី ដែលភ្ជាប់ជាមួយ​ពាក្យថា ទេ ចំនួន៤។ ទី១គឺទេ មិនបង្កើតសម្ព័ន្ធយោធា​ជាមួយប្រទេស​ណា។ ទី២ ទេ មិនចូលដៃជាមួយប្រទេសមួយដើម្បីទៅវាយប្រទេស​មួយទៀត។ ទេ ទី៣ គឺ មិនអនុញ្ញាត​ឲ្យ​បរទេស​ចូលមកតាំងមូលដ្ឋានយោធា​នៅ​ទឹកដីវៀតណាម។ និងទេ ទី៤ គឺ​ហាមផ្តាច់​មិនប្រើកម្លាំងយោធា​នៅក្នុងទំនាក់ទំនងអន្តរជាតិ។ គំនិត​របស់​វៀតណាម គឺ បង្កើតមិត្ត និង​មិនតាំងខ្លួនជាសត្រូវ​របស់​អ្នកណាម្នាក់។
 
តើជម្លោះ​នៅ​សមុទ្រចិនខាងត្បូង ទុក​នៅ​កន្លែងណា?
នៅក្នុងទស្សនកិច្ច​ទៅវៀតណាម​លើកនេះ មេដឹកនាំចិនចង់ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កុម្មុយនិស្ត​ទាំងពីរ​ឲ្យដល់​កម្រិតមួយខ្ពស់ជាងមុន មិនថា ក្នុង​វិស័យ​សេដ្ឋកិច្ច សន្តិសុខ និងការដឹកនាំ​នយោបាយ។ ក្នុងនាមជាប្រទេសអាស៊ី ​កុម្មុយនិស្តដូចគ្នា មេដឹកនាំ​ចិន​ចង់​ទាក់ទាញ​វៀតណាម​ឲ្យ​ចូលក្នុង​សហគមន៍​ដែលមានជោគវាសនា​រួមគ្នា ប៉ុន្តែ​សម្រាប់អ្នកជំនាញ​យុទ្ធសាស្រ្ត​វៀតណាម ប្រចាំ​វិទ្យាស្ថានមួយនៅ​សិង្ហបុរី ការជំរុញ ទំនាក់ទំនងចិន វៀតណាម ឲ្យ​ខ្ពស់ជាង​កម្រិតសព្វថ្ងៃ គ្រាន់តែ ជា​និមិត្តរូបតែប៉ុណ្ណោះ ព្រោះ​ថា នៅក្នុងជម្រៅចិត្ត​ប្រជាជនវៀតណាម ពួកគេ​នៅតែ​មិនទុកចិត្ត​ចិន ព្រោះថា ចិន​ធ្លាប់​ជា​ម្ចាស់អាណានិគម​១ពាន់ឆ្នាំ​នៅវៀតណាម​ភាគខាងជើង។ ប្រជាជន​វៀតណាមនៅចាំមិនភ្លេច​ពីសង្រ្គាម​នៅព្រំដែន វៀតណាម ចិន នៅ​ឆ្នាំ ១៩៧៩ដែល​បាន​សម្លាប់ទាហានទាំងសងខាង​រាប់ពាន់នាក់។ ចុងក្រោយ គឺ បញ្ហា​ដីកោះ​របស់​វៀតណាម នៅ​សមុទ្រ​ចិនខាងត្បូង។ វៀតណាមជា​ភាគីជម្លោះ​មួយ​របស់ចិន នៅសមុទ្រ​ចិន ខាងត្បូង នៅពេល​ចិន​ប្រកាសធ្វើជា​ម្ចាស់ផ្តាច់មុខ លើ​ប្រជុំកោះ​ប៉ារ៉ាសែល​ដែល​វៀតណាម​អះអាងជាម្ចាស់កម្មសិទ្ធិ។
 
ដោយសារ​ជម្លោះនៅសមុទ្រចិនខាងត្បូង ប្រជាជនវៀតណាម​មិនបាន​មើលឃើញ​ចិន​ក្នុងក្រសែភ្នែកល្អ។ នៅ​ឆ្នាំ ២០១៤ គ្រាន់តែ កប៉ាល់ប្រេង​របស់​ចិន​ទៅ​ចត​នៅក្នុង​ដែនទឹកជម្លោះជាមួយ​វៀតណាម បាន​បណ្តាល​ឲ្យ​ប្រជាជន​វៀតណាមផ្ទុះកំហឹង សម្លាប់​ជនជាតិចិន និង​ដុតបំផ្លាញ​រោងចក្រ​បរទេស​ជាច្រើនកន្លែង​នៅវៀតណាម។ ទោះបី​មេដឹកនាំ​ចិន និងវៀតណាម​ជៀសវាងមិន​ឲ្យ​មាន​ផ្ទុះកំហឹង​របស់​អ្នកជាតិនិយមវៀតណាម ប៉ុន្តែ ការបង្ហាញ​ផែនទី​សមុទ្រចិន​ខាងត្បូង កាលពីខែ កញ្ញា​មិនបាន​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​បន្ថយកំហឹងគុំគួនចិននោះទេ។ នៅក្នុង​ផែនទីសមុទ្រ​ចិនខាងត្បូង កាលពីខែ​កញ្ញា ចិន​បានបង្ហាញ​សាជាថ្មី ​សញ្ញាត្រេ ៩ សំគាល់​ដែនទឹក​របស់ចិន ពេញសមុទ្រ​ចិន​ខាងត្បូង ពោល គឺ​ក្រសោប​យកអស់គ្មានសល់ ដីកោះ ដែនសមុទ្រ​របស់​វៀតណាម​ ហ្វីលីពីន និង​ប្រទេស​សមាជិកអាស៊ាន​ដទៃទៀត នៅ​សមុទ្រ​ចិន​ខាងត្បូង៕

© រក្សាសិទ្ធិដោយ thmeythmey.com