កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Ankaragucu ដែលដាល់អាជ្ញាកណ្តាលក្នុងទីលាន ត្រូវបានចាប់ខ្លួន
13, Dec 2023 , 5:30 pm        
រូបភាព
តុលាការប្រទេសតួកគី នៅថ្ងៃទី១២ ខែធ្នូ បានបញ្ជាឱ្យចាប់ខ្លួនលោក Faruk Koca ប្រធានក្លិប Ankaragucu ដែលចូលទៅដាល់អាជ្ញាកណ្តាលដល់ក្នុងទីលានប្រកួត នៃក្របខណ្ឌ Super Lig។ ដោយឡែកជនសង្ស័យពីររូបទៀត ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងអំពើហិង្សាលើអាជ្ញាកណ្តាលនេះដែរ។



បើតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីលោក Yilmaz Tunc លោក Koca និងពីរនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទ ធ្វើឱ្យរបួសដល់មន្ត្រីអាជ្ញាកណ្តាល បន្ទាប់ពីរដ្ឋអាជ្ញាទទួលពាក្យបណ្តឹងជុំវិញករណីហិង្សាក្នុងទីលានបាល់ទាត់ នៃលីគកំពូលតួកគី។
 
លោក Koca បានចូលទៅក្នុងទីលាន ហើយដាល់អាជ្ញាកណ្តាល Halil Umut Meler នៅពេលដែលសំឡេងផ្លុំកញ្ចែចុងក្រោយបញ្ចប់ការប្រកួតរវាងក្រុមភ្ញៀវ Rizespor ដែលរកបានគ្រាប់បាល់តាមស្មើ Ankaragucu នៅនាទី ៩៧ ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Eryama ថ្ងៃទី១១ ខែធ្នូ។ លោកអាជ្ញាកណ្តាល Meler ក៏រងការទាត់បន្ថែមទៀត បន្ទាប់ពីដួលលើស្មៅ ក្រោយត្រូវកណ្តាប់ដៃប្រធានក្លិបលោក Koca ពីសំណាក់អ្នកគាំទ្រ Ankaragucu។ 
 
ក្រោយហេតុការណ៍នេះ សហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) បានសម្រចផ្អាកការប្រកួតលីគទាំងអស់ក្នុងប្រទេស ដោយគ្មានកំណត់ផងដែរ។ TFF អះអាងថា ប្រធានក្លិប មន្ត្រី និងអ្នកដែលមានកំហុសលើអាជ្ញាកណ្តាល Umut Meler នឹងត្រូវទទួលរងការដាក់ពិន័យធ្ងន់ធ្ងរបំផុត។
 
លោក Tunc បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ការស៊ើបអង្កេតនៅតែធ្វើបន្តយ៉ាងយកចិត្តទុកដាក់ បើទោះមានការចាប់ខ្លួនប្រធានក្លិប Ankaragucu និងពីរនាក់ទៀតហើយក្តី»។
 
លោក Gianni Infantino ប្រធានប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) មិន​អាច​ទទួល​យក​បាន​នោះទេចំពោះហេតុការណ៍ដ៏អាក្រក់នេះ ទាំង​ក្នុង​កីឡា និងក្នុង​សង្គម​។ លោក​ Infantino ​បន្ថែម​ថា​៖ «​បើ​គ្មាន​មន្ត្រីអាជ្ញាកណ្តាល និងមន្ត្រីរៀបចំ​ប្រកួតផ្សងទៀត ​ក៏​គ្មានកីឡា​បាល់ទាត់​ដែរ»៕
 

Tag:
 Faruk Koca
  Ankaragucu
© រក្សាសិទ្ធិដោយ thmeythmey.com