សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជាលើកដំបូង ពិភពលោកអនុម័តកិច្ចព្រមព្រៀងអាកាសធាតុដែលកាត់បន្ថយថាមពលផូស៊ីល
13, Dec 2023 , 9:29 pm        
រូបភាព
កិច្ចប្រជុំ COP28 នៅឌូបៃ ។ រូបភាព ៖ Xinhua
កិច្ចប្រជុំ COP28 នៅឌូបៃ ។ រូបភាព ៖ Xinhua
ក្រោយចរចាអស់រយៈពេល១៣ថ្ងៃនៅទីក្រុងឌូបៃ ទីបំផុតភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ជាលើកដំបូងបំផុត ការដើរចេញពីថាមពលឥន្ធនៈផូស៊ីល ត្រូវបានបញ្ចូលក្នុងកិច្ចព្រមព្រៀង។

 
សន្និសីទពិភពលោកស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ បានសម្រេចអនុម័តជាលើកដំបូងជុំវិញការចាកចេញពីថាមពលផូស៊ីល ដែលជាប្រភពនៃការកើនឡើងកម្តៅផែនដី។ នេះជាលទ្ធផលនៃការចរចាយ៉ាងស្វិតស្វាញតាំងពីថ្ងៃទី៣០ ខែវិច្ឆិកាមក។ ពាក្យពេចន៍លើការប្ដេជ្ញាចិត្តដើម្បីលុបបំបាត់ ឬកាត់បន្ថយឥន្ធនៈផូស៊ីល ជាចំណុចក្្ដៅ។
 
លោក Sultan Al Jaber ដែលជាប្រធានសន្និសីទ C0P28 បាននិយាយថា ពិភពលោកត្រូវស្វែងរកផ្លូវថ្មី ហើយអេមីរ៉ាត់អារ៉ាប់រួម​មោទកភាព​យ៉ាងខ្លាំងជុំវិញតួនាទីក្នុងការនាំយកការផ្លាស់ប្តូរទៅកាន់ទៅកាន់ពិភពលោកក្នុងគោលដៅរារាំងការឡើងកំដៅផែនដីបាន១,៥អង្សា។
 
កិច្ចព្រមព្រៀងនេះបានទទួលការឯកភាពពីជិត ២០០ប្រទេសដែលជួបប្រជុំគ្នានៅទីក្រុងឌូបៃ បន្ទាប់ពីការចរចាអស់រយៈពេល១៣ថ្ងៃ ដោយសារតែភាពចម្រូងចម្រាសជាច្រើនលើបញ្ហាប្រេងឥន្ធនៈហ្វូស៊ីល រួមទាំងការប្រឆាំងពីក្រុមប្រទេសផលិតប្រេង OPEC និងសម្ព័ន្ធមិត្ត។
 
ទោះបីជាការប្រើប្រាស់ពាក្យ «ចាកចេញពីឥន្ធនៈហ្វូស៊ីល» ត្រូវបញ្ចូលក្នុងកិច្ចព្រមព្រៀងក្ដី ការលុបបំបាត់ទាំងស្រុងឥន្ធនៈផូស៊ីល នៅតែមិនអាចសម្រេចបាន។ ការប្រើពាក្យពេចន៍ថ្មីនេះ ក៏ជាលទ្ធផលនៃការចរចាតឹងសរសៃករវាងប្រទេសដែលចង់ឱ្យលុបបំបាត់ប្រភពបំពុលដ៏ធំនេះ និងប្រទេសដែលផលិតប្រេង។ 
 
លើសពីនេះ ការអនុម័តនេះក៏បានអំពាវនាវឱ្យបង្កើនសមត្ថភាពថាមពលកកើតឡើងវិញចំនួន៣ដងនៅទូទាំងពិភពលោកនៅឆ្នាំ២០៣០ ដោយពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយធ្យូងថ្ម និងបង្កើនល្បឿនប្រើប្រាស់បច្ចេកវិទ្យាដូចជាការចាប់យកកាបូន និងការផ្ទុកកាបូនជាដើម។
 
ភ្លាមៗ​បន្ទាប់​ពី​ការអនុម័ត​កិច្ច​ព្រមព្រៀងនេះ អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​មួយចំនួនបានសាទរចំពោះសេចក្តីសម្រេចនេះ។ រដ្ឋមន្ត្រីថាមពលបារាំង Agnes Pannier-Runcher និយាយថា កិច្ចព្រមព្រៀង COP28 ដែលទើបអនុម័តនាពេលថ្មីៗនេះ ជាជ័យជំនះសម្រាប់ពហុភាគីនិយម និងការទូតអាកាសធាតុ។ 
ទន្ទឹមនេះ តំណាងអាម៉េរិកនៅក្នុងសន្និសីទលោក ចន ឃរី បានវាយតម្លៃកិច្ចព្រមព្រៀងនេះថាជាចំណុចភ្លឺសុទិដ្ឋិនិយមនៅក្នុងពិភពលោកដែលពោរពេញដោយជម្លោះ។ រីឯអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនី ហ្គូតេរ៉េស បានសង្កត់ធ្ងន់ថា យុគសម័យឥន្ធនៈហ្វូស៊ីលត្រូវតែបញ្ចប់ ហើយវាត្រូវតែបញ្ចប់ដោយយុត្តិធម៌ និងសមភាព។
 
នេះជាលើកដំបូងបន្ទាប់ពីរយៈពេលបីទសវត្សរ៍នៃការរៀបចំកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP ដែលបណ្តាប្រទេសនានាបានយល់ព្រមសម្របសម្រួលការកាត់បន្ថយការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្ម ដែលមានចំនួន ៨០ភាគរយនៃថាមពលពិភពលោក៕ 

Tag:
 ឥន្ធនៈផូស៊ីល
  COP28
© រក្សាសិទ្ធិដោយ thmeythmey.com