កំណាព្យ
ជាតិ
កំណាព្យ៖ សោភ័ណអង្គរ
14, Dec 2023 , 8:47 am        
រូបភាព
ដើម្បីអបអរសាទរពិធី «បុណ្យរម្លឹកគុណអង្គរ» ពីថ្ងៃទី៧  ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ និងខួបលើកទី៣១នៃការដាក់បញ្ចូលរមរណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សារព័ត៌មានឌីជីថលថ្មីៗ សូមផ្សាយជូនអត្ថបទកំណាព្យមួយដែលមានចំណងជើងថា «សោភ័ណអង្គរ»។ ជាបទកាកគតិ ដែលនិពន្ធដោយលោក ម៉ុក សាខន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ។
 
 
-សន្ធិប្រកាស ឆព្វណ្ណល្អន់ល្អះ
ត្រចះភ្លឺផ្លេក ចាំងជះរស្មី
បីបមថ្នមមេឃ ដួងចិត្តវិវេក
ពន់ពេកស្លុតី។
 
-គន់ពីចម្ងាយ អង្គរអើតកាយ
ឆើតឆាយសុស្មី ឆាយាប្រាសាទ
ស្អានស្អាតឥតបី យាមវតី
ប្រេមប្រិយសុលក្សណ៍។
 
-ទ្រើសទ្រង់អនេក ជាស្នាដៃឯក
តេជខត្តិយៈ ព្រះចមក្សត្រា
មហាពិទ័គ្ធ នាមាសូរ្យ
វរ្ម័នទីពីរ។
 
-ស្អិតស្អាងប្រាង្គប្រា ក្បាច់រចនា
អស្ចារ្យសោភី សោភ័ណប្រណីត
ឋិតក្នុងវារី បែរវារុណី 
ទីក្រុងរុងឫទ្ធិ។
 
-ប្រាសាទតូចធំ នៅមូលជិតជុំ
ដូចព្រហ្មនិម្មិត នាគាអើតប្រាណ
ហំហានវិជិត នៅអែបនែបនិត្យ 
ពិតស្មោះភូមី។
 
-តោសិង្ហសម្ញែង អំណាចហំហែង
បន្លែងនាគី ទប់ទ្រគ្រហឹម
ផ្ទឹមសិម្ពលី ថ្វាត់ថ្វាយជីវី
ធានីរឿងរម្យ។
 
-គ្រប់ជនជាតិសាសន៍ ឈូឆរដេរដាស
ប្រះប្រាណជិតជុំ ក្រោមខ្យល់ថ្ងួចថ្ងូរ
សូរ្យអស្ដង្គមន៍ រស្មីស្រទំ
រយំផ្កាព្រៃ។
 
-ត្រដែតត្រដឹម ត្រដួចស្រឡឹម
ស្រឡោចហទ័យ ស្រឡាញ់ជាប់ចិត្ត 
ដិតដក់មមៃ ជាក់ជាវិលវៃ
រំពៃមើលមៀង។
 
-ឯអប្សរា ប្រណម្យហត្ថា
កាយាផ្អងផ្អៀង ញញិមសមក្រៃ
ប៉ប្រៃឈ្មងឆ្មៀង បង្កប់សូរសៀង
ទៀងទន់ពីរោះ។
 
-អង្គរទ្រលោក នាំព្នៃជ័យជោគ
បំពោកកេរ្ដិ៍ឈ្មោះ រន្ទឺឮឆ្ងាយ
សាយកិត្តិយស រុងរោចន៍ខ្ពង់ខ្ពស់
រស់ចេរនិរន្តរ៍៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com