ជាតិ
រដ្ឋាភិបាល នឹងដាក់ឱ្យប្រើ«សលាកបត្រ»​ តាមប្រព័ន្ធឌីជីថល សម្រាប់ពលរដ្ឋខ្មែរ និងបរទេស ចូលកម្ពុជា
14, Dec 2023 , 11:59 am        
រូបភាព
បរទេស និងពលរដ្ឋនៅក្រៅប្រទេស ដែលចូលមកប្រទេសកម្ពុជា នឹងអាចបំពេញព័ត៌មាន ក្នុង«សលាកបត្រ» តាមប្រព័ន្ធឌីជីថល បាន នៅឆ្នាំ២០២៤។ រដ្ឋាភិបាល គ្រោងដាក់ដំណើរការ «សលាកបត្រ» បែបឌីជីថល ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរពីក្រៅប្រទេស។



ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក «សលាកបត្រ » ចូលកម្ពុជា ដែលហៅជាភាសាអង់គ្លេស Cambodia e-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិ នៅទូទាំងប្រទេសកម្ពុជា ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។
 
ក្រសួងមហាផ្ទៃ នឹងចាប់ផ្តើមអនុវត្តសាកល្បងគម្រោងនេះ ចាប់ពី ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ធ្នូ បានបញ្ជាក់ដូច្នេះថា៖«ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មាន តាមទម្រង់ ជាអេឡិចត្រូនិក ឬ បំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាសព័ត៌មានគយ និងសុខាភិបាល តាមទម្រង់ជាក្រដាសក៏បាន»។
 
សម្រាប់ការអនុវត្តជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយតម្រូវឱ្យអ្នកដំណើរទាំងអស់ ត្រូវតែបំពេញព័ត៌មាននៅក្នុងទម្រង់អេឡិចត្រូនិក ដូចបានកំណត់ខាងលើ។ នេះបើតាមក្រសួងមហាផ្ទៃ។
 
រដ្ឋាភិបាល ក៏បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ៕

Tag:
 ទេសចរណ៍
  សង្គមជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com