វត្តមានអ្នកចូលរួមជាងមួយរយនាក់រួមមាន សហគ្រាសធុនតូចនិងមធ្យម និងស្ថាប័នហិរញ្ញវត្ថុ បានជួបជុំគ្នាក្នុងកម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដែលជា វេទិការពិភាក្សាប្រចាំសប្តាហ៏ អំពីបញ្ហាហិរញ្ញវត្ថុ។កម្មវិធី ចាប់ផ្តើមពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឲ្យធុរកិច្ចរៀបចំខ្លួនដើម្បីមានលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ និងផ្សាភ្ជាប់អាជីវកម្មរបស់ខ្លួនទៅកាន់បណ្តាញទំនាក់ទំនងសហគ្រិនភាព។
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធីហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម ជាផ្នែកមួយនៃចក្ខុវិស័យរួមរបស់សហគ្រិនខ្មែរ ក្នុងការលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះបានផ្តល់វេទិកា ដើម្បីកសាងបរិយាកាសសហគ្រិនភាពឲ្យមានភាពលូតលាស់ ដោយផ្សារភ្ជាប់ធុរកិច្ចក្នុងស្រុក ជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងឱកាសផ្សាភ្ជាប់បណ្តាញទំនាក់ទំនងផ្សេងៗទៀត។កម្មវិធី នេះ មានគោលបំណងផ្តល់នូវវេទិកាមួយសម្រាប់ធុរកិច្ចក្នុងការរៀបចំអាជីវកម្មដើម្បីត្រៀមខ្លួនក្នុងការទទួលសេវាហិរញ្ញវត្ថុ ក៏ដូចជាធ្វើការសម្រេចចិត្តទទួលយកហិរញ្ញប្បទាននានា ដែលអាចជួយឱ្យធុរកិច្ច រីកដុះដាល និងជោគជ័យ ក្នុងខណៈពេលដែលស្ថាប័នហិរញ្ញវត្ថុអាចយល់កាន់តែច្បាស់អំពីតម្រូវការរបស់ ធុរកិច្ច និងធ្វើការកែច្នៃលើផលិតផលរបស់ស្ថាប័នដែលឆ្លើយតបតាមតម្រូវការទីផ្សារ។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និង ជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ និង គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារអេស៊ីលីដាភីអិលស៊ី បានសង្កត់ធ្ងន់ពី សារៈសំខាន់របស់ កម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្មបានចូលរួមជំរុញសកម្មភាពសហគ្រិនភាព និង ការអភិវឌ្ឍន៍។ ធនាគារ ក៏បានរួមចំណែកក្នុងប្រព័ន្ធអេកូឡូស៊ីនេះដោយការផ្តល់ប្រាក់កម្ចីដែលបានរៀបចំតាមតម្រូវការរៀងៗខ្លួនរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីសម្រួលដល់ការពង្រីកអាជីវកម្ម និងការវិនិយោគ។ គោលដៅ សំខាន់គឺដើម្បីបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ និង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាព។
ហិរញ្ញវត្ថុគឺជាបញ្ហាប្រឈមមួយសម្រាប់ធុរកិច្ចជាច្រើនដែលទើបនឹងចាប់ផ្តើម ឬ នៅពេលមានវិបត្ដិជាសកល ដូចជាផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ជាដើម។ យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ច។ របាយការណ៍នេះបានព្យាករណ៍ពីសន្ទុះ នៃកំណើនផ្នែកសេដ្ឋកិច្ចដល់ទៅ ៥.៥% ក្នុងឆ្នាំ២០២៣។ ដោយឡែកកាលពីខែតុលាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពោលថា ក្នុងឆ្នាំ២០២៤ ខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងកើនបាន ៦.៦% យោងតាមការគ្រោងទុក។
សហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់ក្នុងការជួយដល់ភាពជោគជ័យក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា នាពេលអនាគត ដោយបច្ចុប្បន្ន ៩៨% នៃធុរកិច្ចសរុបនៅក្នុងប្រទេសកម្ពុជាគឺជា សហគ្រាសធុនតូចនិងមធ្យម ដែលរួមចំណែក ៥៨% នៃផលិតផលដុលក្នុងស្រុករបស់ប្រទេសទាំងមូល។ កម្មវិធីហិរញ្ញវត្ថុ សម្រាប់អាជីវកម្មបានបង្កើតឡើង ដោយមានការរួមបញ្ចូលវគ្គពិភាក្សាដែលប្រមូលផ្តុំធុរកិច្ច និងស្ថាប័នហិរញ្ញវត្ថុ ឲ្យស្វែងយល់ពីតម្រូវការរបស់គ្នាទៅវិញទៅមក និងជាឱកាសធ្វើការរួមគ្នាដើម្បីសម្រេចបាននូវភាពរួចរាល់ផ្នែក ហិរញ្ញវត្ថុរបស់ធុរកិច្ច ដើម្បីប្រកួតប្រជែងជាមួយទីផ្សារក្នុងស្រុក ក៏ដូចជាឆាកអន្តរជាតិ។
ដោយសង្កេតឃើញថាលទ្ធភាពទទួលបានហិរញ្ញវត្ថុ គឺជាឧបសគ្គចម្បងមួយសម្រាប់សហគ្រាសធុនតូច និង មធ្យម សហគ្រិនខ្មែរ បានប្រើប្រាស់កិច្ចពិភាក្សាជាបន្តបន្ទាប់ប្រចាំសប្តាហ៏ ក្នុងការធ្វើបទបង្ហាញពី ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនានាពីវាគ្មិនកិត្តិយសតាមបណ្តាស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ របៀបវារៈបន្ទាប់មានរួមបញ្ចូលវគ្គសំណួរចម្លើយ ដែលមានការចូលរួមយ៉ាងផុសផុលពីភាគីពាក់ព័ន្ធក្នុងការ ដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់សហគ្រាសធុនតូចនិងមធ្យម។ ជាចុងបញ្ចប់នៃកម្មវិធី នីមួយៗ អ្នកចូលរួមទាំងអស់បានទទួលទានអាហារថ្ងៃត្រង់រួមគ្នាក្នុងគោលបំណងផ្សាភ្ជាប់បណ្តាញទំនាក់ទំនង ជាមួយគ្នា។ សូមបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានឧបត្ថម្ភដោយ ធនាគារអេស៊ីលីដា (ACLEDA Bank) ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME) និងធនាគារស្ថាបនា (Sathapana Bank)។
អំពីសហគ្រិនខ្មែរ
សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើកនៅកម្ពុជា ដោយជំរុញ សកម្មភាពសហគ្រិនភាពទៅដល់នវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្នុងការក្លាយជាវេទិកាថ្នាក់ជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព ក្នុងវិស័យ អាទិភាពចំនួនបួនរួមមាន៖ វិស័យបច្ចេកវិទ្យា ដោយផ្តោតលើធុរកិច្ចបង្កើតថ្មី ដោយប្រើបច្ចេកវិទ្យា, វិស័យសេវាកម្ម ដោយផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន, វិស័យកសិកម្ម ដោយផ្តោត លើកសិកម្មបែបកែច្នៃ សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ, និងចុងក្រោយវិស័យ កម្មន្តសាល ដោយផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល។
(អត្ថបទពាណិជ្ជកម្ម )