អន្តរជាតិ
កិច្ច​ព្រមព្រៀង​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត​បង្ហាញពី​ក្ដី​បារម្ភ​ជុំវិញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​របស់​ចិន
14, Dec 2023 , 3:24 pm        
រូបភាព
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ស្វាគមន៍ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៣
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ស្វាគមន៍ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៣
ដោយ: VOA
អ្នកជំនាញ​គោល​នយោបាយ​ការបរទេស​លោក​ខាង​លិច​បាន​ស្វាគមន៍​កិច្ច​ព្រមព្រៀង​កាលពី​ពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​នៅ​ក្នុង​ការ​រួមគ្នា​ដើម្បី​តតាំង​នឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​របស់​បរទេស។ អ្នក​ជំនាញ​ទាំង​នេះ​បាន​និយាយ​ថា​កិច្ច​ព្រមព្រៀង​នេះ​ជា​ការ​ចាំបាច់​ដើម្បី​ប្រឆាំង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។

 
សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន​នៅ​ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ «ដើម្បី​កំណត់​អត្តសញ្ញាណ​និង​ប្រឆាំង​នឹង​ការ​ក្លែង​បន្លំ​ព័ត៌មាន​បរទេស»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។
 
កិច្ច​ព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃ​ទី ១ ខែ​ធ្នូ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​តតាំង​នឹង​ព័ត៌មាន​ប្រឌិត​របស់​បរទេស។
កិច្ច​ព្រមព្រៀង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​ប្រឌិត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​របស់​អ្នកស្រី Liz Allen រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការទូត​សាធារណៈ​និង​កិច្ចការ​សាធារណៈ។
 
កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី «បង្ហាញ​អំពី​ភាព​ម៉ឺងម៉ាត់​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ជាមួយ​ដៃគូ​របស់​ខ្លួន​ដើម្បី​ការពារ​លំហ​ព័ត៌មាន»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​មិន​បាន​បញ្ជាក់​ថា​ប្រទេស​ណា​មួយ​ជា​ការ​គំរាម​កំហែង។
 
ជា​ការ​ឆ្លើយតប លោក Liu Pengyu អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ​ថា លោក​ចង់​សង្កត់ធ្ងន់​ថា «ប្រទេស​ចិន​តែងតែ​ប្រឆាំង​នឹង​ការ​បង្កើត​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត»។
 
លោក​បាន​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​គឺ​ថា​មាន​ព័ត៌មាន​ប្រឌិត​ជាច្រើន​អំពី​ប្រទេស​ចិន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាម​អនឡាញ​នៅ​សហរដ្ឋ​អាមេរិក។ មន្ត្រី​សហរដ្ឋ​អាមេរិក សមាជិក​សភា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​មួយ​ចំនួន​បាន​ផលិត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​យ៉ាង​ច្រើន​ប្រឆាំង​នឹង​ប្រទេស​ចិន​ដោយ​គ្មាន​ភ័ស្តុតាង​ណាមួយ​ដោយ​មិន​អើពើ​នឹង​ការពិត​ជា​មូលដ្ឋាន​ឡើយ»។
 
លោក David Maxwell អនុ​ប្រធាន​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក (Center for Asia Pacific Strategy) បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺជា «ការ​ទទួល​ស្គាល់​ដោយ​ចេតនា​ចំពោះ​ការ​គំរាម​កំហែង​ដែល​បង្កឡើង​ដោយ​ប្រទេស​ចិន»។
 
លោក Maxwell បាន​បញ្ជាក់​ថា៖ «ព័ត៌មាន​ប្រឌិត​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សង្គ្រាម​នយោបាយ​រយៈពេល​វែង​ដោយ​ចេតនា​របស់​ប្រទេស​ចិន​ដើម្បី​បង្ខូច​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ក៏ដូចជា​ធ្វើ​ឱ្យ​ខូច​ដល់​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​សកម្មភាព​រួម​គ្នា​ប្រឆាំង​នឹង​ប្រទេស​ចិន​ផង​ដែរ»។
 
ប្រទេស​ចិន​ហាក់ដូចជា​កំពុង​បង្កើន​ល្បឿន​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាម​អនឡាញ​របស់​ខ្លួន​ក្នុង​គោល​បំណង​ជះ​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ២០២៤ ខាង​មុខ។
 
ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់​បណ្តាញ​សង្គម Facebook និង Instagram បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​ថា ខ្លួន​បាន​បិទ​ទំព័រ Facebook ចំនួន ៤.៧៨៩ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ដែល​កំពុង​ក្លែង​បន្លំ​ធ្វើ​ជា​ជនជាតិ​អាមេរិកាំង​ដូចជា​អ្នក​នយោបាយ​ជាដើម និង​បង្ហោះ​សារ​អំពី​នយោបាយ​សហរដ្ឋ​អាមេរិក​និង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។
 
នៅក្នុង​របាយការណ៍​ស្តីពី​ការ​គំរាម​កំហែង​ពី​សត្រូវ ក្រុមហ៊ុន Meta បាន​បញ្ជាក់​ថា ប្រទេស​ចិន​គឺជា​ប្រភព​ព័ត៌មាន​ប្រឌិត​ច្រើន​ជាង​គេ​ទី​បី​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​និង​អ៊ីរ៉ង់។
 
លោក Dennis Wilder អ្នកជំនាញ​ជាន់ខ្ពស់​នៃ​គម្រោង​ផ្តួចផ្តើម​សម្រាប់​កិច្ច​សន្ទនា​អាមេរិក-ចិន​លើ​បញ្ហា​សាកល​នៅ​សាកលវិទ្យាល័យ Georgetown បាន​និយាយ​ថា «ជនជាតិ​ចិន រុស្ស៊ី និង​អ្នក​ផ្សេង​ទៀត​ព្យាយាម​រំខាន​ដល់​ទំនាក់ទំនង​ទៅវិញ​ទៅមក​ជា​ធម្មតា​នៅ​ក្នុង​ដំណើការ​នយោបាយ​របស់​យើង»។
 
លោក Wilder ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ចិន​ពី​ឆ្នាំ ២០០៤ ដល់ ២០០៥ ក្នុង​អំឡុង​រដ្ឋបាល​លោក​ប្រធានាធិបតី George W. Bush ផង​ដែរ​នោះ បាន​និយាយ​បន្ត​ថា កិច្ច​ព្រមព្រៀង​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជាមួយ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​គឺ​ជា «ជំហាន​សំខាន់​ឆ្ពោះ​ទៅ​មុខ​មួយ» ដោយសារតែ «ប្រទេស​ប្រជាធិបតេយ្យ​ត្រូវតែ​ធ្វើការ​រួមគ្នា» ដើម្បី​ប៉ះប៉ូវ «ព័ត៌មាន​ប្រឌិត​ដែល​បង្កើត​ឡើង​ដើម្បី​ជះ​ឥទ្ធិពល​ដល់​អ្នក​បោះឆ្នោត និង​សាបព្រោះ​ការ​មិន​ពេញ​ចិត្ត​ជា​ទូទៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​បើក​ចំហ​របស់​យើង»។
 
រដ្ឋាភិបាល​ចិន​ក៏​ហាក់ដូចជា​កំពុង​ផ្សព្វផ្សាយ​សារ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​និង​សារ​គាំទ្រ​ចិន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ផងដែរ។
 
ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េ​ខាងត្បូង (NIS) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា​ថា ខ្លួន​បាន​រកឃើញ​និង​បិទ​វេបសាយ​ព័ត៌មាន​ក្លែងក្លាយ​ជា​ភាសា​កូរ៉េ​ចំនួន ៣៨ ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ​របស់​ចិន​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន Haimai និង​ក្រុមហ៊ុន Haixun។
 
មជ្ឈមណ្ឌល​ជាតិ​សន្តិសុខ​តាម​អ៊ីនធឺណិត (National Cyber Security Center) របស់​កូរ៉េ​ខាងត្បូង ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េ​ខាងត្បូង បាន​ចេញផ្សាយ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ដដែល​ដែល​ពិពណ៌នា​អំពី​ប្រភេទ​នៃ​ការ​ឃោសនា​ដែល​ក្រុមហ៊ុន​ទាំង​នេះ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​វេបសាយ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ក្លែង​ខ្លួន​ជា​សមាជិក​នៃ​សមាគម​ព័ត៌មាន​ឌីជីថល​កូរ៉េ (Korean Digital News Association)។ អង្គការ​នេះ​គឺជា​អ្នក​ត្រួតពិនិត្យ​លើ​ការ​រក្សាសិទ្ធិ​នៃ​អត្ថបទ​ព័ត៌មាន​ដែល​បង្ហោះ​ដោយ​សមាជិក​របស់​ខ្លួន។
 
ដោយ​ប្រើ​ឈ្មោះ​វេបសាយ​ព័ត៌មាន​ដូចជា Seoul Press ដែល​មាន​អាសយដ្ឋាន​អ៊ីនធឺណិត seoulpr.com និង Busan Online ដែល​មាន​អាសយដ្ឋាន​អ៊ីនធឺណិត busanonline.com ក្រុមហ៊ុន Haimai កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​និង​ដំណើរការ​វេបសាយ​ទាំង​នេះ​ពី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ។
 
អត្ថបទ​មួយ​នៅលើ​វេបសាយ Daegu Journal ដែល​ជា​វេបសាយ​ខុស​ច្បាប់​មួយ​ទៀត​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Haimai បាន​រៀបរាប់​កាលពី​ខែ​មិថុនា​ថា ទឹក​សំណល់​នុយក្លេអ៊ែរ​ដែល​ប្រទេស​ជប៉ុន​បាន​បញ្ចេញ​នឹង​ប៉ះពាល់​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​អាហារ​របស់​កូរ៉េ​ខាងត្បូង។
 
របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​សន្តិសុខ​តាម​អ៊ីនធឺណិត​របស់​កូរ៉េ​ខាងត្បូង​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ក្រុមហ៊ុន​សន្តិសុខ​តាម​អ៊ីនធឺណិត Mandiant នៅ​សហរដ្ឋ​អាមេរិក​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Google បាន​ចេញផ្សាយ​របាយការណ៍​មួយ​កាលពី​ខែ​កក្កដា​ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន Haimai ថា​បាន​ដំណើរការ​វេបសាយ​ក្លែងបន្លំ​ចំនួន ៧២ ដើម្បី​ផ្សព្វផ្សាយ​សារ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។
 
លោក Cho Han-Bum អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​ការ​បង្រួប​បង្រួម​ជាតិ (Korea Institute for National Unification) បាន​ប្រាប់ VOA ផ្នែក​ភាសា​កូរ៉េ​កាលពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ​ថា «ប្រទេស​ចិន​និង​កូរ៉េ​ខាងជើង​កំពុង​ព្យាយាម​តាម​វិធី​ផ្សេងៗ​ដើម្បី​ជះ​ឥទ្ធិពល​លើ​មតិ​សាធារណៈ​របស់​កូរ៉េ​ខាងត្បូង»។
 
លោក​បាន​និយាយ​ថា យុទ្ធនាការ​ជះ​ឥទ្ធិពល​នេះ​អាច​ប៉ះពាល់​ដល់​គោល​នយោបាយ​របស់​កូរ៉េ​ខាងត្បូង ហើយ​ដូច្នេះ​វា​ក៏​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​នឹង​ចិន ឬ​ក៏​គោល​ជំហរ​របស់​កូរ៉េ​ខាង​ត្បូង​លើ​កូរ៉េ​ខាង​ជើង​ផង​ដែរ៕
 
លោក Kim Hyungjin នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។
 
ប្រែ​សម្រួល​ដោយ​លោក ម៉ែន គឹមសេង

© រក្សាសិទ្ធិដោយ thmeythmey.com