អន្តរជាតិ
ប្រមុខការពារជាតិកូរ៉េខាងត្បូង ព្រមានកម្ទេចកូរ៉េខាងជើងទាំងស្រុង បើហ៊ានធ្វើសកម្មភាពព្រហើន
14, Dec 2023 , 4:39 pm        
រូបភាព
ប្រមុខការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik (រូបក្នុងរង្វង់)។ រូបភាព AFP និង Yonhap
ប្រមុខការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik (រូបក្នុងរង្វង់)។ រូបភាព AFP និង Yonhap
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik​ នៅថ្ងៃទី១៣ ខែធ្នូ បានព្រមានកម្ទេចកូរ៉េខាងជើង ប្រសិនបើប្រទេសមួយនេះហ៊ានបង្កសកម្មភាពព្រហើន មិនកោតក្រែងប្រទេសជិតខាង។ នេះជាភាពតានតឹងចុងក្រោយ បន្ទាប់ពីកូរ៉េខាងជើង បានទទួលជោគជ័យលើការបាញ់បង្ហោះផ្កាយរណបចារកិច្ច។

 
មិនធូរស្រាកស្រាន្តឡើយ ភាពតឹនតាងលើឧបទ្វីបកូរ៉េ នៅតែបន្តកើតមានចាប់តាំងពីកូរ៉េខាងជើង បានទទួលជោគជ័យលើការបាញ់បង្ហោះផ្កាយរណបចារកិច្ច។ ហេតុការណ៍នេះ បានជំរុញកូរ៉េខាងត្បូងប្រកាសព្យួរការអនុវត្តដោយផ្នែកលើកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងយោធាតាមព្រំដែនឆ្នាំ២០១៨ មុនពេលកូរ៉េខាងជើង បានប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងយោធានេះទាំងស្រុងតែម្តង។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានផ្តល់ជម្រើសពីរសម្រាប់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ប្រសិនបើហ៊ានធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្តិភាព។ 
 
«កូរ៉េខាងជើងមានជម្រើសតែ ២​ប៉ុណ្ណោះ គឺ សន្តិភាព ឬភាពបំផ្លិចបំផ្លាញ»។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានលើកឡើងបែបនេះ រួចបន្តសង្កតធ្ងន់ថា ប្រសិនបើហ៊ាន ធ្វើសកម្មភាពព្រហើនណាមួយដែលប៉ះពាល់ដល់សន្តិភាព កូរ៉េខាងជើង នឹងត្រូវបានបំផ្លាញទាំងស្រុង។ យ៉ាងណាមិញ ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះ មិនបានបញ្ជាក់ទេ ថាតើសកម្មភាពព្រហើននោះមានលក្ខណៈបែបណា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
សេចក្ដីថ្លែងការណ៍ខាងលើ ត្រូវបានធ្វើឡើងអំឡុងកិច្ចប្រជុំនៃមេបញ្ជាការយោធា។ ស្រដៀងគ្នានេះផងដែរ ខណៈទៅពិនិត្យបញ្ជាការដ្ឋានមីស៊ីលរបស់កូរ៉េខាងត្បូង នៅសប្ដាហ៍មុន លោក Shin បានព្រមានថា លោកនឹងវាយប្រហារឱ្យចំកន្លែងសំខាន់ៗរបស់សត្រូវ ដែលលោកប្រៀបធៀបដូចនឹងបេះដូង និងក្បាលម៉ាស៊ីនដឹកនាំរបស់សត្រូវ ក្នុងករណីមានសង្គ្រាម។
 
នៅក្នុងជំនួបជាមួយមេបញ្ជាការ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ពី ជំហានដែលយោធាត្រូវ បង្កើនសមត្ថភាពរបស់ខ្លួន ដោយក្នុងនោះរួមមាន ការបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួន ការកែលម្អសុខុមាលភាពរបស់ទាហាន និងការពង្រឹងប្រព័ន្ធការពារ ដែលត្រូវបានរចនាឡើង ដើម្បីប្រឆាំងនឹង ការគំរាមកំហែងពីសំណាក់យោធារបស់កូរ៉េខាងជើង រួមទាំងផែនការសង្គ្រាមដែលអាច មានការវាយប្រហារជាមុន ប្រសិនបើចាំបាច់។
 
នៅថ្ងៃទី១២ ខែធ្នូ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានស្នើសុំដំឡើងថវិកាការពារជាតិនៅឆ្នាំក្រោយ ចំនួន ៤,៥ ភាគរយ បើធៀបនឹងឆ្នាំ២០៣ ក្នុងគោលបំណងពង្រឹងប្រព័ន្ធការពារ, បន្ថែមចំនួននាវាមុជទឹក យន្តហោះ F-35A ដែលផលិតដោយអាមេរិក និងប្រព័ន្ធការពារមីស៊ីល។ នៅក្នុងឆ្នាំ២០២៣ កូរ៉េខាងត្បូង បានចំណាយថវិកាលើវិស័យការពារជាតិប្រមាណ ៤៣,១ពាន់លានដុល្លារ។
 
កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបប្រជុំគ្នា នៅទីក្រុងសេអ៊ូល ដោយបានយល់ព្រមលើគំនិតផ្តួចផ្តើមថ្មី ដើម្បីឆ្លើយតបទៅនឹងការគំរាម កំហែងរបស់កូរ៉េខាងជើងនៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដូចជាការរំលោភបំពានរូបិយប័ណ្ណគ្រីបតូ រហូតដល់ការបាញ់បង្ហោះផ្កាយរណប។ 
 
គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងអាម៉េរិក នឹងបើកកិច្ចពិភាក្សាស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ នៅថ្ងៃទី១៥ ខែធ្នូដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្តល់ឱ្យ ទីក្រុងសេអ៊ូលនូវការយល់ដឹងបន្ថែមទៀតអំពីផែនការរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ដែលមាន ជម្លោះជាមួយកូរ៉េខាងជើង៕

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com