RFI
អន្តរជាតិ
Unicef ប្រកាសស្វែងរកជំនួយ ប្រមាណ៩,៣ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤
14, Dec 2023 , 6:59 pm        
រូបភាព
Unicef ប្រកាសស្វែងរកជំនួយ ប្រមាណ ៩,៣ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ ។ AP
Unicef ប្រកាសស្វែងរកជំនួយ ប្រមាណ ៩,៣ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ ។ AP
ដោយ៖ទុយ ដានែល/RFI
 
នៅថ្ងៃអង្គារ​ទី១២ធ្នូ អង្គការ Unicef បានប្រកាសស្វែងរកថវិកា ចំនួនប្រមាណ ៩៣០០លានដុល្លារ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីជួយដល់កុមារ ជាង៩០លាននាក់ ដែលរងគ្រោះ ដោយសារជម្លោះប្រដាប់អាវុធ និងគ្រោះមហន្តរាយអាកាសធាតុ។

 
លោកស្រី Catherine Russell នាយិកាប្រតិបត្តិ នៃអង្គការ Unicef បានបញ្ជាក់ នៅក្នុង​សេចក្តី​ប្រកាសព័ត៌មាន ថាកុមាររាប់លាននាក់ នៅតែបន្តរងគ្រោះដោយសារវិបត្តិ មនុស្សធម៌​ដ៏ធ្ងន់ធ្ងរ។ ពួកគេ​ត្រូវការជំនួយកាន់តែច្រើនឡើង។ ប៉ុន្តែផ្ទុយមកវិញ រាល់​ជំនួយ​មនុស្សធម៌​ទាំងអស់ នៅទូទាំងសកលលោក គឺមិនទាន់គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ដ៏​ច្រើន​នេះ​បានឡើយ។ លោកស្រី បានបន្តទៀតថា កុមារទាំងនោះ មិនគួរបាត់បង់ជីវិត និងអនាគតរបស់ពួកគេទេ​ ហើយពួកគេ គួរតែទទួលបាន នូវសេវាមូលដ្ឋានជាចាំបាច រួមមាន សេវាថែទាំសុខភាព ទឹកស្អាត អនាម័យ និងការអប់រំ។
 
ដើម្បីឆ្លើយតបនឹងទំហំតម្រូវការ ដ៍សន្ធឹកសន្ធាប់នៃកុមាររងគ្រោះ ដោយសារវិបត្តិមនុស្សធម៌ ខាងលើនេះ អង្គការ Unicef ស្នើសុំទឹកប្រាក់ប្រមាណ ៩៣០០លានដុល្លារ នៅឆ្នាំក្រោយ ដើម្បី​ជួយ​ដល់​កុមារ ចំនួន ៩៣,៧ លាននាក់ នៅក្នុង១៥៥ប្រទេស។
 
អង្គការ Unicef ក៏បានកំណត់គោលដៅអាទិភាព និងថវិកាប្រមាណ ១៥០០លានដុល្លារ ជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ជនភៀសខ្លួនមកពី​ស៊ីរី ​ស៊ូដង់ សារធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និងអុយក្រែន។ ជាមួយគ្នានេះ អង្គការ Unicef ក៏គ្រោងចំណាយ​ថវិកា​​​ សម្រាប់ចាក់​ថ្នាំ​បង្ការ​ជំងឺកញ្រ្ជឹល ដល់កុមារចំនួន ១៧លាន៣សែន​​នាក់ ​ជួយដល់កុមារដែលខ្វះអាហារូបត្ថម្ភ​ ចំ​នួន ៧លាន៦សែននាក់ ជួយដល់កុមារ​ឲ្យ បានចូលរៀន ចំនួន ១៩លាន៣សែននាក់ ផ្តល់ទឹកស្អាតដល់កុមារ ចំនួន៥២លាន៤សែន​នាក់ ព្រមទាំងជួយផ្តល់សេវាគាំព៌ាសុខភាពផ្លូវចិត្ត ដល់កុមារនិងក្មេងជំទង់ ចំនួន ២៦លាន៧សែន​នាក់។
 
ដោយឡែក នៅថ្ងៃអង្គារ ទី១២ធ្នូ មូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន ហៅកាត់ថា UNFPA ក៏បានប្រកាសស្វែងរកថវិកា​ ចំនួន​ ប្រមាណ ១២០០លានដុល្លារ ដើម្បីជួយគាំព៌ាដល់ សេវាសុខភាពផ្លូវភេទនិងបន្តពួជ របស់ស្រ្តីនិងក្មេងស្រី ចំនួន ៤៨លាននាក់ នៅក្នុង៥៨ប្រទេស។ លោកស្រី Natalia Kanem នាយិកាប្រតិបត្តិ នៃអង្គការ UNFPA បានលើកឡើងថា «ប្រសិនបើយើង មិនបានគិតគូរជាបន្ទាន់ អំពីបញ្ហាសុខភាព ផ្លូវភេទ និងការ​បន្តពូជរបស់ស្រ្តីនោះទេ នោះអំពើហឹង្សាផ្លូវភេទ ការ​បង្ខំឲ្យ​កុមាររៀបការទាំងវ័យក្មេង មរណភាពនៅពេលពរពោះនិងពេល​សម្រាលកូន នឹងកើតមានកាន់តែច្រើន»។
 
បញ្ហាខាងលើនេះ  ត្រូវបានអង្គការ UNFPA ដាក់ចុះជា​គោលដៅអាទិភាព ដើម្បីជួយដល់ប្រទេសមួយចំនួន មានដូចជា អាហ្វហ្គានីស្ថាន ស៊ូដង់ យេម៉ែន ស៊ីរី អ៊ុយក្រែន សូម៉ាលី និងអេត្យូពី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com