RFI
អន្តរជាតិ
ចិនដាក់តាំងបង្ហាញយន្តហោះដឹកអ្នកដំណើរ C919 របស់ខ្លួន នៅហុងកុង
14, Dec 2023 , 10:20 pm        
រូបភាព
ចិនដាក់តាំងបង្ហាញយន្តហោះដឹកអ្នកដំណើរ C919 របស់ខ្លួន នៅហុងកុង។ AP
ចិនដាក់តាំងបង្ហាញយន្តហោះដឹកអ្នកដំណើរ C919 របស់ខ្លួន នៅហុងកុង។ AP
ដោយ៖ទុយ ដានែល/RFI
 
ថ្ងៃពុធ ទី១៣ធ្នូ នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ចិនដាក់តាំងបង្ហាញយន្តហោះ ដឹកអ្នកដំណើរប្រភេទថ្មីរបស់ខ្លួន ឈ្មោះ C919 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរ ធំជាងមុនរបស់ចិន។ យន្តហោះ C919 នេះ នឹងហោះហើរជាលើកដំបូង នៅក្រៅចិនដីគោក នាថ្ងៃសៅរ៍ ទី១៦ធ្នូ។

 
នៅក្នុងពិធីដាក់តាំងបង្ហាញនេះ លោក John Lee ប្រធានរដ្ឋបាលហុងកុង បានថ្លែងសាទរនឹងសមិទ្ធផលយន្តហោះធន់ធំ C919 និងយន្តហោះធន់តូច ARJ21 ដែលផលិតដោយក្រុមហ៊ុន Comac របស់ចិន។ លោក Lee បានអះអាងថា សមិទ្ធផល នៃយន្តហោះ C919 គឺជាជោគជ័យ បញ្ជាក់ពីការឈានមុខគេរបស់ចិន នៅក្នុងឧស្សាហកម្មដឹកជញ្ជូនផ្លូវអាកាស។
 
គួរបញ្ជាក់ថា ចិនបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន ថា បើគិតចាប់ពីពេល ចាប់ផ្តើមផលិត នៅឆ្នាំ២០០៨ រហូតដល់ពេលនេះ យន្តហោះ C919 បានទទួលការបញ្ជាទិញ ចំនួន ១០៦១គ្រឿង ពីអតិថិជនជាង៣០។​ បច្ចុប្បន្ននេះ យន្តហោះ C919 ចំនួន ២គ្រឿង  ត្រូវបានគេប្រើរួចហើយបាន នៅលើផ្លូវហោះហើរ​ពីទីក្រុងសៀងហៃ Shanghai ទៅទីក្រុងឆឹងទូ Chengdu ដែលបានដឹកអ្នកដំណើរសរុបជាង ៦មឺននាក់។
 
រដ្ឋាភិបាលចិន បានគូសបញ្ជាក់ដែរថា យន្តហោះ C919 ប្រើប្រាស់បច្ចេកវិទ្យាទំនើប Aerodynamic ដែលជាប្រព័ន្ធហោះទំលុះខ្យល់។ បច្ចេកវិទ្យានេះ អាចជួយសន្សំសំចៃថាមពល និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក។ ឆ្លងកាត់ស្រាវជ្រាវផលិតអស់រយៈពេល១៥ឆ្នាំ យន្តហោះ C919​ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ពី១៥៨នាក់ ទៅ១៩២នាក់ ហើយអាចហោះហើរបានចម្ងាយ​​ក្រោម ៥៥៥៥ គីឡូម៉ែត្រ។​
 
គួររំលឹកថា យន្តហោះ C919 ដែលផលិតដោយក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន ឈ្មោះ  Comac បានបើកសម្ភោធហោះហើរជាលើកដំបូង កាលពីខែឧសភា ឆ្នាំ២០២៣។ វត្តមានរបស់ យន្តហោះ C919 គឺជាមហិច្ឆតារបស់ចិន នៅក្នុងវិស័យអាកាសចរណ៍ ជាច្រើនឆ្នាំមកហើយ។ រដ្ឋចិនបានបោះទុនយ៉ាងសន្ធឹកសន្ធាប់ និងសង្ឃឹមចូលប្រកួតប្រជែង ជាមួយ​នឹងយន្តហោះ​ ​បរទេស ពិសេស​ប៊ូអ៊ីង 737 MAX របស់​អាមេរិក និង អ៊ែរប៊ូស A320 របស់​អឺរ៉ុប។ ជាមួយគ្នានេះ ចិនចង់កាត់បន្ថយការពឹងផ្អែក លើបច្ចេកវិទ្យាបរទេស។
 
គួរកត់សំគាល់ថា បណ្តាប្រទេសនៅអាស៊ី ជាពិសេសចិន គឺជាគោលពាណិជ្ជកម្ម របស់ក្រុមហ៊ុន Airbus និង Boeing។ ក្រុមហ៊ុនទាំពីរនេះ បានដាក់គោលដៅអាទិភាព មកលើតំបន់អាស៊ី ដោយសង្កេតឃើញពីទីផ្សារចរចរណ៍ផ្លូវអាកាសកាន់តែរីកចម្រើន។ ជាក់ស្តែង កាលពីខែមេសា កន្លងទៅ​ ក្រុមហ៊ុន Airbus ប្រកាសបន្ថែមសមត្ថភាពផលិត យន្តហោះនៅចិន និងបានចុះកិច្ចសន្យា សាងសង់រោងចក្រតម្លើងយន្តហោះ A320 នៅធានជីង៕

© រក្សាសិទ្ធិដោយ thmeythmey.com