កីឡាជាតិ
ជាតិ
Leary Ornido ប្ដេជ្ញាបំបាក់ចង្កូមតោចាស់ ចាន់ រតនា ក្នុងការប្រកួត«អ្នកលេងគុន»
14, Dec 2023 , 5:19 pm        
រូបភាព
Jonh Mc Leary Ornido អ្នកប្រយុទ្ធគុនល្បុក្កតោហ្វីលីពីន ចាត់ទុក ចាន់ រតនា គឺជាតោចាស់ មួយដែលមិនចេះញញឺតដៃគូ និងសង្វៀន ។ ប៉ុន្ដែ អ្នកប្រយុទ្ធហ្វីលីពីនរូបនេះ ប្ដេជ្ញាយកឈ្នះឲ្យបាន ក្នុងព្រឹត្តិការណ៍«អ្នកលេងគុន» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡាករល្បុក្កតោហ្វីលីពីនរូបនេះ ហ៊ាននិយាយដូច្នេះ ព្រោះយល់ថា ខ្លួនគឺមានប្រៀបជាង ចាន់ រតនា ដោយសារតែវ័យ និងកម្លាំងកាយសម្បទា។



Mc Leary ដូចជាមិនញញឺតសោះចំពោះការប្រកួតជាមួយ ចាន់ រតនា ក្នុងកម្មវិធី«អ្នកលេងគុន»ឡើយ បើទោះដឹងប្រវត្តិមួយចំនួននៃការប្រកួតរបស់កីឡាករកម្ពុជារូបនេះ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ដោយក្នុងនោះរាប់បញ្ចូលទាំងការប្រកួតក្នុងសង្វៀន One Championship ផងដែរ។ កីឡាករហ្វីលីពីនវ័យ ២២ឆ្នាំរូបនេះ បាននិយាយដូច្នេះថា បទពិសោធន៍ប្រកួតច្រើនរបស់ ចាន់ រតនា មិនបានបំបាក់ស្មារតីប្រកួតរបស់ខ្លួនឡើយ ព្រោះ រតនា មានអាយុច្រើន និងកម្លាំងខ្សោយជាងខ្លួន។
 
«ជាការសម្លឹងឃើញ និងជំនាញរបស់ខ្ញុំ ខ្ញុំ មានជំនឿចិត្ត។ ជាក់ស្ដែង បទពិសោធន៍ច្រើន គឺមានប្រៀបជាង ប៉ុន្ដែពេល ដែលអ្នកមានវ័យជ្រេ កាយវិការអ្នកកាន់តែយឺត។ ប្រសិនអ្នក នៅក្មេង អ្នកលឿន ហើយអ្នកខ្លាំង។ សម្រាប់ខ្ញុំ ខ្ញុំលឿន ខ្ញុំ ខ្លាំង។ ខ្ញុំ មានប្រៀបជាងក្នុងការប្រកួតនេះ។»។ Mc Leary បាននិយាយដូច្នេះ។
  


អ្នកលេងគុនល្បុក្កតោរូបនេះ ចាត់ទុក ចាន់ រតនា គ្រាន់តែជាតោចាស់ ដែលកាច់មួយប៉ុណ្ណោះ ហើយ Mc Leary នឹងកាច់បំបាក់ចង្កូមតោចាស់នេះ ក្នុងព្រឹត្តិការណ៍«អ្នកលេងគុន»។ «ខ្ញុំ ដឹងថា ចាន់ រតនា គាត់ចាស់ ប៉ុន្ដែគាត់ គឺជាតោមួយ ដែលមានស្មារតីប្រកួតមិនអាចបំបែកបាន។ ខ្ញុំ នឹងយកឈ្នះលើគាត់ នេះ គឺជាអ្វី ដែលខ្ញុំ បានតាំងចិត្ត។»។ កីឡាករហ្វីលីពីន រហស្សនាមក្របីឡើង«ក»រូបនេះ បាននិយាយទាំងជឿជាក់។
 
ដោយឡែក មុនប្រកួតក្នុងព្រឹត្តិការណ៍«អ្នកលេងគុន»នេះ Mc Leary បានហ្វឹកហាត់អស់រយៈពេល ៦ខែ ដោយក្នុងនោះ ក៏មានការប្រកួតប្រដាល់ផ្សេងៗជាការកម្ដៅសាច់ដុំ នៅហ្វីលីពីន ផងដែរ។ ការហ្វឹកហាត់គុនល្បុក្កតោ សម្រាប់ Mc Leary មិនមានការលំបាកប៉ុន្មានទេ ដោយសារតែរូបគេ ជាកីឡាករ ដែលហាត់ Sambo ជាក្បាច់គុនហ្វីលីពីន មានស្នៀតខ្លះស្រដៀង ក្បាច់គុនល្បុក្កតោ។



កីឡាករវ័យ ២២ឆ្នាំរូបនេះ បាននិយាយប្រាប់ដូច្នេះ៖«ខ្ញុំ បានហ្វឹកហាត់គុនល្បុក្កតោ អស់ ៦ខែ ដើម្បីត្រៀមប្រកួតនេះ។ ហើយមុនពេលដល់ការប្រកួត«អ្នកលេងគុន ខ្ញុំ បានប្រកួតប្រដាល់ នៅប្រទេសហ្វីលីពីន។ ក្បាច់ Sambo និងល្បុក្កតោ មានចំណុចខុសគ្នា បន្ដិចបន្តួច ប៉ុន្ដែ ខ្ញុំអាចហ្វឹកហាត់ ក្បាច់គុននេះបាន។ នេះ ជាការប្រកួតថ្មីសម្រាប់ខ្ញុំ ប៉ុន្ដែ ខ្ញុំ អាចរៀន និងអាចធ្វើបាន។»។ 
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍«អ្នកលេងគុន» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:៣០យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនេះ មាន ៧គូ៖ ពេជ្រ ពន្លឺ ប្រកួតជាមួយ Honggvixay sivilay កីឡាករមកពីឡាវ លើទម្ងន់ ៥៤គីឡូក្រាម, ពេជ្រ ខាំតៃ ប៉ះជាមួយ Hoang Phuc Thuan កីឡាករវៀតណាម លើទម្ងន់ ៥៣គីឡូក្រាម, ស៊ូ កក្កដា ត្រូវតតាំងជាមួយ Muhammad yunus dhae atu កីឡាករឥណ្ឌូណេស៊ី លើទម្ងន់ ៦៣គីឡូក្រាម។ ចំណែក ណាង សុវណ្ណ ប្រកួតជាមួយ Pham Van Giang លើទម្ងន់ ៥១គីឡូក្រាម, កីឡាករ មាស រាជៈ ជួបជាមួយ SanJaya Hutagaol កីឡាករឥណ្ឌូណេស៊ី លើទម្ងន់ ៦០គីឡូក្រាម។ រីឯ រិន សារ័ត្ន ត្រូវស្វាគមន៍ Jiar Orlando Castillo លើទម្ងន់ ៦៥គីឡូក្រាម។ គូចុងក្រោយ កីឡាករ ចាន់ រតនា ត្រូវប្រកួតជាមួយ John Mc Leary Ornido កីឡាករហ្វីលីពីន លើទម្ងន់ ៦២គីឡូក្រាម៕

Tag:
 អ្នកលេងគុន
  ចាន់ រតនា
  Jonh Mc Leary Ornido
© រក្សាសិទ្ធិដោយ thmeythmey.com