ជាតិ
សេដ្ឋកិច្ច
ស៊ីម៉ាក់ ទទួលបានជំនួយ៤០ម៉ឺនដុល្លារ ដើម្បី​អនុវត្ត​គម្រោង​កណ្ដុរ​ហិតរ​កមី​ន នៅកម្ពុជា
15, Dec 2023 , 2:03 pm        
រូបភាព
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា ចុះហត្ថលេខាប្រគល់ និងទទួលជំនួយជិត៤០ម៉ឺនដុល្លារ ដើម្បីអនុវត្តលើគ្រោងកណ្តុរហិតមីន នាថ្ងៃទី១៣ធ្នូ។ រូបថត៖ CMAC
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា ចុះហត្ថលេខាប្រគល់ និងទទួលជំនួយជិត៤០ម៉ឺនដុល្លារ ដើម្បីអនុវត្តលើគ្រោងកណ្តុរហិតមីន នាថ្ងៃទី១៣ធ្នូ។ រូបថត៖ CMAC
មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​)​ បន្តអនុវត្តគម្រោង​សមាហរណកម្ម​កណ្តុ​រហិត​រក​មីន ​និង​សុនខ​ស្រាវជ្រាវ​បច្ចេកទេស ក្រោមកញ្ចប់ជំនួយជិត៤០ម៉ឺនដុល្លារពីរដ្ឋាភិបាលប្រទេសបែលហ្ស៊ិក តាមរយៈ​អង្គការដៃគូAPOPO។ ការអនុវត្តគម្រោងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ និង​លោក Michael Raine ប្រធាន​អង្គការ​ APOPO ​ប្រចាំ​កម្ពុជា​ នាថ្ងៃទី១៣ធ្នូ។​

 
គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប ព្រះវិហារ និងមណ្ឌលគីរី។ នេះជាការលើកឡើងរបស់លោក ហេង រតនា ដោយបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ស៊ីម៉ាក់យ៉ាងដូច្នេះ៖  «យើងមានផែនការបោសសម្អាតផ្ទៃដីចំនួន ៩៨លានម៉ែត្រក្រឡានៅក្នុងខេត្តទាំង៣នេះ»។
 
បើតាមលោក ហេង រតនា ស៊ីម៉ាក់ បាន​​ស្នើសុំកិច្ចសហការ ពី​រដ្ឋាភិបាល​បែលហ្ស៊ិកផ្ទាល់ ​ដើម្បី​គាំទ្រ​ដល់សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ២០២១​ ដល់ ២០២៦ ដោយ​​សន្យា​ផ្តល់ឱ្យកម្ពុជា ប្រមាណ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ការ​ចូលរួម​កិច្ចសហប្រតិបត្តិការ​ និងជំនួយនេះ ​ត្រូវបានផ្តល់ឱ្យកម្ពុជាតាមរយៈ​អង្គការ​ APOPO។ 
 
លោក​ ហេង រតនា បាន​បន្ថែមថា គិតមកទល់បច្ចុប្បន្ន ភាពជាដៃគូរវាង​ស៊ីម៉ាក់​និង​អង្គការ​ APOPO បានរយៈពេលជិត​១០ ​ឆ្នាំ​មកហើយ ​លើគម្រោងក​ណ្តុ​រហិត​មីន​នេះ។ ​ក្នុង​រយៈពេល​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ ស៊ីម៉ាក់​បាន​បោសសម្អាត​ផ្ទៃដី​មានមីនបាន​​ជាង​ ៣ ០០០ ​ហិកតា និង​កម្ទេចចោល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​​ប្រមាណ​ ៥១ ០០០គ្រាប់។  
 
​អគ្គនាយកស៊ីម៉ាក់រូបនេះ​បន្តរៀបរាប់ថា៖  «​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​APOPO ​នេះ ​យើង​មិនមែន​ធ្វើ​តែ​លើ​ការ​បោសសម្អាត​មីន​នៅ​កម្ពុ​ជាមួយ​មុខ​ទេ តែយើង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ដៃគូ​ដទៃទៀត ដូចជា​ការបញ្ជូន​សុនខ​របស់​យើង​ទៅ​ប្រទេស​តួ​ក​គី ទៅ​បណ្តា​ប្រទេស​នៅ​អាហ្រ្វិ​កណ្តាល ​ដោយ​យើង​បាន​សហការគ្នា​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់នោះ​បញ្ជូន​ជំនាញ​ដើម្បី​ជួយ​គាំទ្រ​ដល់​បណ្តា​ប្រទេស​ទាំងអស់នោះ​ ផងដែរ​»​។​ លើសពីនេះ  ក៏មាន​អ្នកដោះមីន​មួយចំនួន​ បាន​ហ្វឹកហ្វឺន​នៅ​កម្ពុជា​តាមរយៈ​អង្គការ​ APOPO នេះដែរ។ ក្នុងនោះ​ មានអ្នកដោះមីនមកពីប្រទេស​អ៊ុយ​ក្រែ​ន ប្រទេស​ហ្ស​ក​ដង់ និង​ប្រទេស​សេ​ណេ​​ហ្គា​ល់ ​ដែល​បាននិងកំពុង​ហ្វឹកហ្វឺន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​កំចាត់​មីន​ខេត្តកំពង់ឆ្នាំង​។ នេះ​បើតាម​​លោក ហេង រតនា​៕ 

Tag:
 CMAC
  កណ្តុរ
  គ្រាប់មីន
© រក្សាសិទ្ធិដោយ thmeythmey.com