ជាតិ
សេដ្ឋកិច្ច
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សម្ពោធកម្មវិធីអភិវឌ្ឍន៍ការនាំចេញឆ្នាំ២០២៣
18, Dec 2023 , 8:59 pm        
រូបភាព
ខេត្តព្រះសីហនុ៖ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) និង Khmer Organic បានសម្ពោធដាក់ឱ្យដំណើរការនូវកម្មវិធីអភិវឌ្ឍន៍ការនាំចេញ ឆ្នាំ២០២៣​( EDP 2023) ដើម្បីជំរុញការនាំចេញផលិតផលម្រេចកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ នាថ្ងៃទី១៨ធ្នូ។

 
EDP 2023 ជាកម្មវិធីដ៏ទូលំទូលាយមួយសម្រាប់គាំទ្រដល់សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ក៏ដូចជាសហគ្រិន​ និងដៃគូ ដើម្បីឱ្យទទួលបាននូវចំណេះដឹង និងជំនាញនានា​ រួមទាំងដំណើរការនាំចេញ និងកម្មវិធីហិរញ្ញប្បទានសម្រាប់នាំចេញ​ ជាដើម។ នេះជាការលើកឡើងរបស់ លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា​​ ដោយបន្តនិយាយដូច្នេះ៖ «បច្ចុប្បន្នទីផ្សារម្រេចពិភពលោក កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដែលទាមទារយើងត្រូវបង្កើនលទ្ធភាព ក្នុងស្វែងរក និងទាញយកឱកាស ដើម្បីអនុវត្តវិស័យម្រេចកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព»។ 
 
លោកបានបន្ថែមថា កម្មវិធីអភិវឌ្ឍន៍ការនាំចេញ ឆ្នាំ២០២៣ នឹងជួយដល់ក្រុមនាំចេញម្រេចរបស់កម្ពុជា​ ទាំងក្រុមដែលមានសមត្ថភាពនាំចេញរួចរាល់ និងក្រុមដែលឈានជើងចូលទីផ្សារពិភពលោក  ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក។ តាមរយៈកម្មវិធីអភិវឌ្ឍន៍ការនាំចេញ ឆ្នាំ២០២៣ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា នឹងដើរតួនាទីចម្បងក្នុងការសម្រេបសម្រួលទាំងផ្នែកសាធារណៈ និងឯកជន រួមទាំងនិតីវិធីនានាដើម្បីនាំចេញ។ 
 
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា

« គោលដៅធំរបស់យើង គឺនាំយកផលិតផលម្រេច និងផលិតផលកែច្នៃចេញពីម្រេចទៅកាន់ទីផ្សារសកលឱ្យបានទូលំទូលាយ និងច្រើនជាងពេលបច្ចុប្បន្ន»។​ នេះជាការអះអាងរបស់លោក ម៉ាក់ នី។ 
 
ជាមួយគ្នានេះ លោក​ យិន ច័ន្ទសុធី អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម បានជំរុញឱ្យប្រជាកសិករក៏ដូចជាប្រជាសហគមន៍នានាឱ្យបន្តអនុវត្តការនូវដាំដុះបែបសុវត្ថិភាព និងសរីរាង្គ ដើម្បីបង្កើនលទ្ធភាពផ្គត់ផ្គង់តម្រូវការទីផ្សារក្នុង និងក្រៅស្រុក។ ការប្រែទៅជាអនុវត្តកសិកម្មល្អ និងការដាំដុះសរីរាង្គនេះ ជាកាលានុភាពដើម្បីឈានចាប់យកទីផ្សារ និងបង្កើននិរន្តរភាព នៃទីផ្សារម្រេច។ លោក ច័ន្ទសុធី​ បានលើកឡើងបែបនេះដោយមើលឃើញថា​៖ «ចំណុចទាំងនេះ គឺសំដៅលើសហគមន៍ម្រេចដែលមានស្រាប់ ដោយយើងមានសហគមន៍ម្រេចសម្គាល់ភូមិសាស្ត្រ(IG)នៅកំពត ដែលយើងត្រូវពង្រឹងគុណភាពបន្ថែមទៀត ទាំងផលិតផល GI ទាំងម្រេចសរីរាង្គ និងម្រេចសុវត្ថិភាព​ ដើម្បីចាប់យកទីផ្សារឱ្យកាន់តែប្រសើរឡើង»។ 
 
ជុំវិញនៃការផលិតនិងនាំចេញម្រេចនេះ ក្រសួងពាណិជ្ជកម្ម ក៏កំពុងរៀបចំនូវសេចក្តីព្រាងគោលជាតិស្តីពី«​ម្រេច» ​ដើម្បីបង្កើនប្រសិទ្ធិ​ភាពនៃប្រកួតប្រជែងទីផ្សារ​អន្តរជាតិ និងបង្កើននូវតម្លៃ​បន្ថែមក្នុងខ្សែច្រវាក់​ផលិតកម្ម​ម្រេច​កម្ពុជា​ ផងដែរ។  បើតាមលោក  គឹម មាស សុខសីហា  អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  គោលនយោបាយជាតិម្រេចនេះ គឺផ្តោតសំខាន់លើការអភិវឌ្ឍផ្ទៃដីដំាដុះម្រេចសរីរាង្គ។ ការធ្វើបែបនេះក៏ព្រោះតែដីកសិកម្មកម្ពុជានៅមានច្រើនដែលមិនទាន់ខូចខាត ដោយសារជី​និងថ្នាំគីមីកសិកម្ម ខណៈដីកសិកម្មរបស់វៀតណាម និង ប្រទេសផ្សេងទៀត មិនអាចដុះដំណាំសរីរាង្គនាំចេញទៅទីផ្សារអន្តរជាតិបាន។ 
 
លោក  គឹម មាស សុខសីហា រំពឹងថា ការរៀបចំសេចក្តីព្រាងគោលនយោ​បាយ​​​​​​​​​​​​​​​​​​​​​​​ជាតិស្តីពី«ម្រេច»នេះ នឹងត្រូវបញ្ចប់ចុងត្រីមាសទី​១ ឆ្នាំ២​០២៤។ 
  
 លោក គឹម មាស សុខសីហា  អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះម្រេចប្រមាណ ៧ ២០៥ហិកតា នៅក្នុងខេត្តចំនួន១០។ ខេត្តដែលមានផ្ទៃដាំម្រេចច្រើនជាងគេ គឺត្បូងឃ្មុំ កំពង់ធំ រតនគិរី មណ្ឌលគិរី និងពោធិ៍សាត់។ 
 
យោងតាម ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល១១ខែមកនេះ កម្ពុជានាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានត្រឹមជិត៦ពាន់តោន។ ចំនួននេះធ្លាក់ចុះជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ប្រទេសដែលបញ្ជាទិញម្រេចពីកម្ពុជាច្រើនជាងគេ គឺវៀតណាម បន្ទាប់មក អាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក៕ 

Tag:
 កសិកម្ម
  ម្រេច
  ​​​​​​​​​​​​​​ CPSF
© រក្សាសិទ្ធិដោយ thmeythmey.com