ជាតិ
រដ្ឋបាលជលផល៖ ឆ្នាំនេះសម្បូរត្រី ​សម្រាប់ធ្វើ​ប្រហុក
18, Dec 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ រដូវត្រីប្រហុក នឹងឈានចូលមកដល់នៅថ្ងៃទី១៩ ខែធ្នូ នៅចំណុចគន្លងដាយ​ តាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ។ តាមការអង្កេតរបស់រដ្ឋបាលជលផល បរិមាណត្រីឆ្នាំនេះ សម្បូរជាងឆ្នាំមុន។



យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឆ្នាំ២០២៣-២០២៤ ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ។ ការនេសាទត្រីបានច្រើននេះ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
 
ប្រធានរដ្ឋបាលជលផល លោក ពុំ សុថា ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៨ ខែធ្នូ បន្ថែមថា បរិមាណត្រីប្រហុកនៅក្នុងបឹងទន្លេសាបឆ្នាំនេះ កើនឡើងជាងឆ្នាំមុន។ ជាក់ស្ដែង នៅថ្ងៃទី ៦កើត ដែលត្រូវនឹងថ្ងៃចន្ទនេះ តាមគន្លងនីមួយៗ អាចលើកត្រីបានចន្លោះពី៤០០ ទៅ៨០០គីឡូក្រាម ក្នុងមួយម៉ោង។ 
 
ការកើនបរិមាណត្រីប្រហុកនេះ ដោយសារតែរដ្ឋបាលជលផល បានទប់ស្កាត់នូវបទល្មើសនេសាទធំៗ ស្ទើរតែទាំងស្រុង និងជំរុញការផ្សព្វផ្សាយដល់ប្រជានេសាទ អំពីផលប៉ះពាល់នៃការប្រើប្រាស់ឧបរកណ៍នេសាទខុសច្បាប់។ លោក ពុំ សុថា អះអាងបែបនេះ។  
 
លោក ប្រាប់ដូច្នេះថា៖«បើមើលលើអាកាសធាតុ និងស្ថានភាពទឹកឆ្នាំនេះ គឺប្រហាក់ប្រហែលនឹងឆ្នាំនេះមុនទេ។ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ ក៏ដូចជាការផ្សព្វផ្សាយទៅដល់ប្រជានេសាទឱ្យពួកគេប្រើប្រាស់ឧករណ៍នេសាទស្របច្បាប់។ ដោយឡែក ឧបករណ៍នេសាទធំៗ យើងបង្រ្កាបបានស្ទើរតែស្រុង។ ដូច្នេះហើយ ទើបធ្វើបរិមាណត្រីកើនឡើង»។ 
 
ជាមួយគ្នានេះ រដ្ឋបាលជលផល បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់បរិភោគ រួសរាន់ទៅទិញត្រី​នៅទីតាំងខាងលើ ហើយអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី«ត្រូវ»នេះដែរ៕ 

Tag:
 ត្រីប្រហុក
  រដ្ឋបាលជលផល
  ពុំ ស៊ីថា
© រក្សាសិទ្ធិដោយ thmeythmey.com