កីឡាអន្តរជាតិ
អន្តរជាតិ
M5៖ កីឡាករ Albert ថារូបគេរៀនសូត្រច្រើនពី ONIC ទោះគ្មានពេលលេងគ្រប់គ្រាន់
19, Dec 2023 , 6:59 pm        
រូបភាព
កីឡាករ Albert Neilsen Iskandar ឬរហស្សនាមក្នុងការប្រកួត Alberttt របស់ក្រុម ONIC Esports ដែលទទួលបានចំណាត់ថ្នាក់ជើងឯករងក្នុងការប្រកួតពានរង្វាន់ M5 World Championship ថារូបគេបានរៀនសូត្រច្រើនជាមួយនឹងក្រុមជើងខ្លាំងមកពីប្រទេសឥណ្ឌូណេស៊ី ទោះបីជាមិនសូវបានបង្ហាញខ្លួនគ្រប់គ្រាន់ក៏ដោយ។



ចូលរួមជាមួយនឹងក្រុម ONIC Esports នៅរដូវកាលដំបូងដោយគេបានចូលរួមប្រកួតជាមួយក្រុមនៅក្នុងពានរង្វាន់ MPL Indonesia រដូវកាល ១២, ពានរង្វាន់ Snap Dragon World Series, ពានរង្វាន់ MPL Invitations 2023 និងពានរង្វាន់ M5 World Championship នៅក្នុងប្រទេសហ្វីលីពីន។ Albert បានឈ្នះពានរង្វាន់ចំនួន ៣ ជាមួយនឹងក្រុម ONIC។ 
 
ក្រោយពេលត្រូវបានអ្នកសារព័ត៌មានថ្មីៗ សាកសួរអំពីការចូលរួមជាមួយនឹងក្រុម ONIC Esports កីឡាករវ័យ ១៧ឆ្នាំ បាននិយាយថាគេបានរៀនសូត្រអំពីការតាំងចិត្តប្រកួត ការលេងដោយយល់ចិត្តជាក្រុម ជាដើម ហើយមិនត្រឹមតែប៉ុណ្ណោះគេក៏អះអាងថាចង់បង្ហាញសមត្ថភាពលេងក្នុងការប្រកួតសារជាថ្មី។
  


«ពិតណាស់ខ្ញុំពិតជាចង់លេងការប្រកួតឱ្យបានច្រើន។ ការមកកាន់ក្រុម ONIC Esports គឺមិនត្រឹមតែសម្រាប់មើលការប្រកួតតែប៉ុណ្ណោះទេ តែខ្ញុំក៏មកសម្រាប់ការប្រកួតប្រជែង។ ខ្ញុំបានរៀនសូត្រច្រើនអំពីបរិយាកាសនៅក្នុងក្រុម ONIC អំពីការតាំងចិត្ត ការសហការគ្នាជាក្រុមជាដើមដើម្បីអាចសម្រេចគោលដៅ ហើយខ្ញុំក៏ត្រូវការពង្រឹងសមត្ថភាពឱ្យខ្លាំងបន្ថែមទៀត។»។ Albert បាននិយាយបែបនេះប្រាប់មកកាន់អ្នកកាសែតកម្ពុជាដែលមកពីសារព័ត៌មានថ្មីៗអំឡុងការប្រកួត។
 
កាលវ័យ ១៦ឆ្នាំ Albert បានក្លាយជាកីឡាករវ័យក្មេងជាគេដែលឈ្នះពានរង្វាន់ MPL Indonesia រដូវកាលទី៧ ដោយកាលនោះរូបគេលេងឱ្យក្រុម RRQ ដែលជាក្រុមដ៏ល្បីមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
 
ចំណែកក្រុម ONIC Esports បានត្រឹមតែបញ្ចប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រោយចាញ់ក្រុមម្ចាស់ផ្ទះ AP Bren ដោយលទ្ធផល ៤-៣ កាលពីថ្ងៃទី១៧ ខែធ្នូ។ ONIC Esports មិនអាចបញ្ចប់ការរង់ចាំរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការលើកពានពិភពលោកដូចកាលពី ការប្រកួតពានរង្វាន់ M1 កាលឆ្នាំ ២០១៨។ ពានរង្វាន់ M2 ក្រុម Bren Esports ឈ្នះ, M3 ក្រុម Blacklist International ឈ្នះ, M4 ក្រុម ECHO ឈ្នះ និង M5 ក្រុម AP Bren (Bren Esports) ឈ្នះ ដែលសុទ្ធសឹងតែជាក្រុមមកពីហ្វីលីពីន៕



Tag:
 កីឡាអេឡិចត្រូនិក
  Albert Neilsen
© រក្សាសិទ្ធិដោយ thmeythmey.com