កីឡាជាតិ
ជាតិ
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ៖ យើងមិនអាចដេកឱប«ល្បុក្កតោ»បានទេ ព្រោះកាន់តែល្បី កាន់តែខំទៀត
19, Dec 2023 , 8:19 pm        
រូបភាព
ព្រឹទ្ធាចារ្យគុនល្បុក្កតោ សាន គឹមស៊ាន ពិតជាសប្បាយចិត្តណាស់ ដែលឃើញល្បុក្កតោកម្ពុជា មានការអភិរក្ស និងអភិវឌ្ឍន៍ កាន់តែរីកចម្រើននេះ។ ព្រឹទ្ធាចារ្យ ដែលបានខ្នះខ្នែងជួយឱ្យគុនល្បុក្កតោ ចុះបញ្ជីយូណេស្កូរូបនេះ ពិតជាមិនអស់សង្ឃឹមឡើយ។



«មិនមែន(ល្បុក្កតោ)យើង ចូលយូណេស្កូហើយ យើងយកល្បុក្កតោមកដេកឱបទាំងអស់គ្នាទេ។ អត់ធ្វើអ៊ីចឹងបានទេ»។ នេះជាការលើកឡើងរបស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ដែលរម្លឹកឱ្យយុវជនជំនាន់ក្រោយ មិនត្រូវប្រហែសស្មារតី ធ្វើឱ្យបាត់បង់តម្លៃគុនល្បុក្កតោ ដែលត្រូវបានទទួលស្គាល់ដោយយូណេស្កូឡើយ។
 

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ព្រឹទ្ធាចារ្យល្បុក្កតោរូបនេះ ក៏មើលឃើញ និងទទួលស្គាល់ថា គុនល្បុក្កតោ មានការរីកចម្រើន បើធៀបនឹង៣០ឆ្នាំមុន ដែលជាការចាប់ផ្ដើមស្ដារ និងអភិរក្សក្បាច់គុនបុរាណខ្មែរ ដ៏ចំណាស់នេះឡើងវិញ។
 
ទន្ទឹមនឹងការរីកចម្រើនេះ ក៏មិនត្រូវបញ្ឈប់សកម្មភាពត្រឹមនេះដែរ។ លោកគ្រូក្រមាមាសរូបនេះ ជំរុញឱ្យយុវជនជំនាន់ក្រោយ ត្រូវខិតខំពួតដៃគ្នា ធ្វើការរួមគ្នា ដើម្បីពង្រឹង និងពង្រីកវិសាលភាពក្បាច់គុនល្បុក្កតោទាំងក្នុងស្រុក និងលើឆាកអន្តរជាតិថែមទៀត។
 
«យើងរស់ ដោយសារញាំបាយ៣ពេល ហើយបើមិនទាន់ទៅណា(ស្លាប់) យើងក៏ត្រូវការបាយ៣ពេលទៀត ។ ដូច្នេះរឿងវប្បធម៌(រីកចម្រើន) មិនអាចស្កប់ស្កល់ទេ។ យើងបានល្បីឈ្មោះ យើងកាន់តែខំទៀតហើយ។ ហើយបើអត់ល្បីឈ្មោះ គឺបាត់ហើយ»។ ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ថ្លែងបែបនេះ នៅក្រោយការបញ្ចប់ការប្រកួតគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នាថ្ងៃទី១៨ ខែធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
 
ជាមួយគ្នានេះ លោកគ្រូ សាន គឹមស៊ាន ក៏ស្នើឱ្យរដ្ឋាភិបាល ជាពិសេសអាជ្ញាធរតាមមូលដ្ឋាន ជួយស្វែករងព្រឹទ្ធាចារ្យល្បុក្កតោ ដែលនៅសេសសល់ពីសម័យសង្គ្រាម ដើម្បីឱ្យពួកគាត់ជួយពង្រឹង និងអភិរក្សក្បាច់គុនបុរាណខ្មែរនេះថែមទៀត។ លោកគ្រូ គឹមស៊ាន ជឿជាក់ថា ព្រឹទ្ធាចារ្យ ដែលមានចំណេះដឹងល្បុក្កតោនេះ អាចនៅសេសសល់ច្រើនទៀត តាមបណ្ដាខេត្តនានា ។

Tag:
 ល្បុក្កតោ
  សាន គឹមស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com