អន្តរជាតិ
Global Witness៖ ក្រុមហ៊ុន TotalEnergies គំរាមកំហែងសហគមន៍តាមបណ្ដោយគម្រោងបំពង់បញ្ជូនប្រេង រវាងតង់សានី និងអ៊ូហ្កង់ដា
19, Dec 2023 , 9:29 pm        
រូបភាព
ដោយ: VOA
យោង​តាម​អង្គការ​គាំពារ​សិទ្ធិ​មនុស្ស​និង​បរិស្ថាន Global Witness ក្រុមហ៊ុន​ប្រេងឥន្ធនៈ​បារាំង TotalEnergies បាន​សហការ​ជាមួយ​អាជ្ញាធរ​តង់សានី​ និង​អ៊ូហ្កង់ដា ដើម្បី​រឹតត្បិត​កិច្ចប្រឹងប្រែង​របស់​សហគមន៍​ ដែល​ស្វះស្វែង​រក​សំណង​ចំពោះ​ដីធ្លី ដែល​ត្រូវ​បានទន្ទ្រាន​យក សម្រាប់​គម្រោង​ស្ថាបនា​បំពង់​បញ្ជូន​ប្រេង​ពី​ក្រុង​កំពង់ផែ Tanga នៅ​តង់សានី​ទៅ​កាន់​បឹង Lake Albert នៅ​អ៊ូហ្កង់ដា។ ក្រុមហ៊ុន TotalEnergies បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​ ហើយ​អង្គការ Global Witness បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។



តង់សានី​និង​អ៊ូហ្កង់ដា​មិន​បានអធិប្បាយ​លើ​របាយការណ៍​ខាង​លើ​នោះ​ទេ ប៉ុន្តែ​ការ​រិះគន់​កាល​ពី​ដើម​ឡើយ រួម​មាន​ ការ​រិះគន់​ពី​សំណាក់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch និង​រឿង​ក្តី​តុលាការ​ប្រឆាំង​នឹង​ការ​បាត់បង់​ទី​លំនៅ និង​ការ​បំពាន​ផ្សេងៗ មិន​បាន​បញ្ឈប់​ ឬ​មាន​ឥទ្ធិពលលើ​គម្រោង​ស្ថាបនា​បំពង់​បញ្ជូន​ប្រេង​ ដែល​បាន​ចាប់​ផ្តើម​នា​ឆ្នាំ​នេះ​នោះ​ទេ។
 
​អ្នកស្រី Hanna Hindstrom អ្នក​ស៊ើប​អង្កេត​ជាន់ខ្ពស់ក្នុង​យុទ្ធនាការ​ការពារ​ដីធ្លី​និង​បរិស្ថាន​ប្រចាំ​អង្គការ​ Global Witness បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ក្រុមហ៊ុន TotalEnergies មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស ហើយ​ទទួល​បាន​ផលប្រយោជន៍​ពី​បរិយាកាស​នយោបាយ​ផ្ដាច់​ការ​និយម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ។
 
អ្នក​ស្រីថ្លែង​ថា៖ «យើង​បាន​រក​ឃើញ​ភស្តុតាង​បង្ហាញ​ថា ក្រុមហ៊ុន TotalEnergies តាមរយៈ​ក្រុមហ៊ុន​សាខា​ ក្រុមហ៊ុន​ជាប់​កិច្ចសន្យា និង​ដៃគូ​របស់​ខ្លួន គឺ​ជា​ ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​គំរាមកំហែង​និង​យាយី​សហគមន៍ ដែល​រង​ការ​ប៉ះពាល់​ដោយសារ​គម្រោង​នេះ។ មនុស្ស​ជាច្រើន​ ដែល​យើងបាន​និយាយ​ជាមួយ លើកឡើង​ថា ពួកគេ​បាន​រង​សម្ពាធ​ឱ្យ​ទទួល​សំណង​ចំពោះ​ដីធ្លី និង​អចលនទ្រព្យ​របស់​ខ្លួន និង​ថា ពួកគេ​គិត​ថា សំណង​នេះ​គឺ​មាន​ទាប​ ​តែ​ព្រម​ទទួល​ដោយសារ​តែ​ការ​បំភិតបំភ័យ​នៅប្រទេស​ទាំង​ពីរ​នេះ។
 
របាយការណ៍​របស់​យើង​បង្ហាញ​ថា ក្រុមហ៊ុន Total ទទួល​បាន​ផល​ចំណេញ​ពី​លំហ​នយោបាយ​ផ្ដាច់ការ​និយម​ទាំង​នៅ​អ៊ូហ្កង់ដា​និង​តង់សានី ពីព្រោះ​ក្រុម​អ្នក​ការពារ​បរិស្ថាន​នៅ​ទី​នោះ​មិន​អាច​និយាយ​ដោយ​បើកចំហ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ផូស៊ីល​ឥន្ធនៈ​បាន​នោះ​ទេ»។
 
អង្គការ​ Global Witness និយាយ​ថា ខ្លួន​បាន​ពិភាក្សា​ជាមួយ​សកម្មជន អ្នក​ជំនាញ អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ជាង ២០០​នាក់ ដែល​រង​ការ​ប៉ះពាល់​ដោយសារ​គម្រោង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​នេះ។ លោក Jealousy Mugisha កសិករ​វ័យ ៥១​ឆ្នាំ គឺ​ជា​ បុគ្គល​មួយ​រូប​ក្នុង​ចំណោម​ពលរដ្ឋ​ ដែល​និយាយ​ថា ពួកគេ​បាន​បាត់បង់​ដីធ្លី​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​សាងសង់​បំពង់​បញ្ជូន​ប្រេង។
 
លោក Mugisha ដែល​មាន​កូន​ប្រាំពីរ​នាក់​ក្នុង​បន្ទុក​ ​ថ្លែង​ប្រាប់​ VOA ​ថា លោក​បាន​បាត់បង់​ដីធ្លី​ចំនួន​ពីរ​លើក ដោយ​លើក​ទី​មួយ​នៅ​ឆ្នាំ ២០១៧ នៅ​ពេលដី​ជាង​ម្ភៃ​ហិកតា​របស់​លោក​ត្រូវ​បាន​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ចម្រាញ់ប្រេង​មួយ​ ដើម្បី​ប្រើប្រាស់​ជា​កន្លែង​ប្រមូល​យក​ប្រេង។
 
បន្ទាប់​មក​លោក​បាន​បាត់បង់​ដី​ចំនួន​ពីរ​ហិកតា​កន្លះ​ទៀត ដែល​ស្ថិត​នៅ​លើ​គន្លង​បំពង់​បញ្ជូន​ប្រេង​ក្នុង​ឆ្នាំ ២០១៩។ លោក​បាន​បដិសេធ​មិន​ទទួល​យក​សំណង​ណា​មួយ ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ ដោយ​និយាយ​ថា សំណង​នោះ​មិន​គ្រប់គ្រាន់។
 
លោក Mugisha ថ្លែង​ថា៖ «គោលដៅ​របស់​យើង​គឺ​មិនមែន​យើង​ចង់​បំបិទ​គម្រោង​រដ្ឋាភិបាល ឬ​គម្រោង​ប្រេង​ឥន្ធនៈ​នោះ​ទេ ប៉ុន្តែ​យើង​ចង់​ឱ្យ​ពួកគេ​គោរព​សិទ្ធិ​របស់​យើង។ យើង​កំពុង​តស៊ូ​ដើម្បី​សិទ្ធិ​របស់​យើង ហើយ​យើង​ដឹង​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រេង​និង​ឧស្ម័ន តាមរយៈ​បទពិសោធន៍​នៅ​ក្នុង​ប្រទេស ដូច​នៅ​នីហ្សេរីយ៉ា និង​កន្លែង​ដទៃ​ទៀត។ ពលរដ្ឋ​ត្រូវ​បាន​គេ​យក​ដីធ្លី ហើយ​ឥឡូវ​នេះ​ ពួកគេ​កំពុងតែ​រងគ្រោះ។ ដូច្នេះ យើង​មិន​ចង់​ឱ្យ​រឿង​ទាំង​នេះ​កើត​មាន​នៅ​អ៊ូហ្កង់ដា​នោះ​ទេ។ ប៉ុន្តែ​យើង​ត្រូវ​ការ​សំណង​សមស្រប អាច​ជួយ​លើកស្ទួយ​ជីវភាព​បាន។ នេះ​ជា​អ្វី​តែ​មួយ​គត់ ដែល​យើង​ទាមទារ»។
 
យោង​តាម​គម្រោង​ស្ថាបនា​បំពង់​បញ្ជូន​ប្រេងឆៅ​នៅ​តំបន់​អាហ្វ្រិក​ខាង​កើត នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ទទួល​បាន​ដីធ្លី ម្ចាស់​កម្មសិទ្ធិ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ប្រើប្រាស់​ដី​របស់​ខ្លួន ហើយ​ចុងក្រោយ​ សំណង​ត្រូវ​បាន​គណនា​ទៅ​តាម​ការ​កម្រិត​អនុញ្ញាត​ឱ្យ​មាន​ការ​រំខាន និង​បូក​បន្ថែម​តាម​ពេលវេលា​គិត​ចាប់​ពី​ការ​ស្ទង់មតិ​កាល​ពីពេល​ដើម។
 
​ម្ចាស់​ដី​និយាយ​ថា ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ដាំដុះ​ដំណាំ​តាម​រដូវ​ដូចជា ពោត​និង​ដំឡូង​ផ្អែម។ ម្ចាស់ដី​ខ្លះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ការ​បង្ខំ​ឱ្យ​ចាកចេញ និង​ការ​ផ្ដល់សំណង​ទាបទៅ​កាន់​តុលាការ​ក្នុង​ស្រុក និង​តុលាការបារាំង។
 
ក្រុមហ៊ុន TotalEnergies បាន​បដិសេធ​ការ​ចោទប្រកាន់​ថា ពួកគេ​បាន​គំរាមកំហែង​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​នេះ។ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នេះ​និយាយ​ថា ខ្លួន​បាន​ដាក់​ចេញ​យន្តការ​ទំនុកបម្រុង​ជា​ច្រើន​ ដើម្បី​ធានា​ថា អ្នក​ដែល​រង​ការ​ប៉ះពាល់​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ដោយ​ឆន្ទៈ​ខ្លួន​ផ្ទាល់ និង​ថា ការ​ព្រួយបារម្ភ​របស់​អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិតដល់​បំផុត។
 
លោក Maxwell Atuhura ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ Tasha នៅអ៊ូហ្កង់ដា និង​ជា​សកម្មជន​បរិស្ថាន ដែល​រង​ការវាយប្រហារ​ចំពោះ​ការ​ប្រឆាំង​នឹង​គម្រោងស្ថាបនា​បំពង់​បញ្ជូន​ប្រេង។
 
លោកថ្លែង​ថា៖ «ការិយាល័យរបស់​ខ្ញុំ​នៅ​កន្លែង​នោះ​បាន​បិទ ហើយ​គេ​បាន​ទុក​ពេល​ពីរ​ម៉ោង​ឱ្យ​ចាកចេញ ឱ្យ​ចាក​ចេញ​ពី​ស្រុក និង​តំបន់​របស់​ខ្ញុំ​ផ្ទាល់។ សន្តិសុខ​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ប្រេង​បាន​ប្រាប់​ខ្ញុំ​ថា គេ​ទុក​ពេល​ឱ្យ​ខ្ញុំ​ពីរ​បី​ម៉ោង​ដើម្បី​ចេញ​ពី​ស្រុក​នេះ។ តើ​ចង់​ឱ្យខ្ញុំ​ទៅ​កន្លែង​ណា? នេះ​ជា​រឿង​មួយ។ ចាប់តាំង​ពី​ពេល​នោះ​មក ពួកគេ​បាន​ចាប់​ផ្តើម​តាម​ខ្ញុំ ហើយ​ទូរសព្ទ​របស់​ខ្ញុំក៏​ត្រូវ​គេ​តាមដាន។ ខ្ញុំ​ក៏បាន​ជួប​ប្រទះ​ហេតុការណ៍​ដែល​ផ្ទះ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​លួច​ចូល​ផង​ដែរ»។
 
ប្រហែល​ ៨០​ភាគរយ​នៃ​គម្រោង​ស្ថាបនា​បំពង់​បញ្ជូន​ប្រេងស្ថិតក្នុង​ប្រទេស​តង់សានី ហើយ​ផ្នែក​សេសសល់​ស្ថិត​ក្នុង​ប្រទេស​អ៊ូហ្កង់ដា។ អង្គការ Global Witness និយាយ​ថា បំពង់​បញ្ជូន​ប្រេង ដែល​ការ​សាងសង់​បាន​ចាប់​ផ្ដើម​នា​ឆ្នាំ​នេះ បន្ទាប់​ពី​ត្រូវពន្យារ​អស់​រយៈពេល​រាប់​ឆ្នាំ​មក​នេះ នឹង​ឆ្លងកាត់​តាម​ដែន​ជម្រក​សត្វព្រៃ តំបន់​អភិរក្ស និង​ដី​របស់ជនជាតិ​ដើម។
 
​អ្នក​គ្រប់គ្រង​គម្រោង​បំពង់​បញ្ជូន​ប្រេង​នេះ​លើកឡើង​ថា និយ័តករ​តង់សានី និង​អ៊ូហ្កង់ដា​ បាន​អនុម័ត​លើ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​លើ​បរិស្ថាន​និង​សង្គម ហើយ​គម្រោង​នេះ​ស្វះស្វែង​បញ្ចៀស​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ និងដែល​មាន​ភាព​រំញោច​ផ្នែក​បរិស្ថាន។ អង្គការ Global Witness បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​ពីរ​ការពារ​ដីធ្លី និង​សកម្មជន​គាំពារ​សិទ្ធិ​មនុស្ស។

អង្គការ​អន្តរជាតិ​មួយ​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន TotalEnergies គោរព​តាម​ចំណាត់​មិន​អត់​អោន​ដល់​ការ​សងសឹក​លើ​ឬ​គំរាមកំហែង​អ្នក​ដែល​តស៊ូ​ទាមទារ​ ដើម្បី​ដីធ្លី​របស់​ខ្លួន ក៏ដូចជា ​អ្នក​គាំទ្រ​របស់​ពួកគេ៕

© រក្សាសិទ្ធិដោយ thmeythmey.com