កីឡាជាតិ
ជាតិ
រដ្ឋ ផ្ដល់បណ្ណព្យាបាលមិនគិតថ្លៃ ដល់កីឡាករ-ការិនីជម្រើសជាតិកម្ពុជា
19, Dec 2023 , 10:29 pm        
រូបភាព
លោក វ៉ាត់ ចំរើន ផ្ដល់បទសម្ភាស មកសារព័ត៌មាន
លោក វ៉ាត់ ចំរើន ផ្ដល់បទសម្ភាស មកសារព័ត៌មាន
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននិយាយថា ការយកចិត្តទុកដាក់លើសុខមាលភាព កីឡាករ-កីឡាការិនី មានតាំងពីអាណត្តិមុនមក ហើយអាណត្តនេះ ក៏បន្តយកចិត្តទុកដាក់លើការធ្វើបណ្ណមូលនិធិសមធម៌ ដល់អត្ដពលិកជម្រើសជាតិ និងអត្ដពលិកជំនាញ តាមបណ្ដាលសហព័ន្ធកីឡាជាតិ។ អគ្គលេខាធិការរូបនេះ បញ្ជាក់ថា បណ្ណមូលនិធិសមធម៌សុខភាព គឺជាបណ្ណសម្រាប់អត្ដពលិក ប្រើប្រាស់សម្រាប់ព្យាបាល ដោយមិនគិតប្រាក់ នៅពេលមានបញ្ហាសុខភាព និងរបួសអំឡុងពេលហ្វឹកហាត់។

 
ក្រោយបញ្ចប់កិច្ចសំណេះសំណាលជាមួយសហព័ន្ធកីឡាជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC លោក វ៉ាត់ ចំរើន បានផ្ដល់បទសម្ភាសមកសារព័ត៌មានក្នុងស្រុកថា សុខមាលភាពរបស់អត្ដពលិក គឺជារឿងសំខាន់ ហើយអត្ដពលិក នឹងមានកាន់តែមានជំនឿចិត្តក្នុងការហ្វឹកហាត់ និងក្នុងការប្រកួត ដោយហ៊ានប្រកួតអស់ពីសមត្ថភាព និងកម្លាំងខ្លួន ព្រោះដឹងថាប្រសិនជាប្រឹងប្រែងហ្វឹកហាត់នោះ អាចបង្ករជារបួស អ្នកទាំងនោះ នឹងទទួលបានការព្យាបាលដោយមិនគិតប្រាក់។ អគ្គលេខាធិការ NOCC រូបនេះ បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន និងអាណត្តិនេះ បានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់អត្ដពលិកជាតិ ព្រោះអ្នកទាំងនោះ ជាតួរអង្គសំខាន់ ក្នុងការប្រកួតប្រជែង និងនាំយកទុកជាតិកម្ពុជា ទៅឆាកអន្ដរជាតិ។
 
ក្នុងអាណត្តិនេះ ទាំងរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យកចិត្តទុកដាក់ លើការផ្ដល់បណ្ណមូលនិធិសមធម៌សុខភាព ទៅលើកីឡាករ-កីឡាការិនី ដោយបានឲ្យអាទិភាព ដល់អត្ដពលិកជម្រើសជាតិ និងអត្ដពលិកជំនាញ តាមសហព័ន្ធកីឡាជាតិ។ 
 
«ការផ្ដល់បណ្ណមូលនិធិសមធម៌សុខភាព ដែលជាបណ្ណមួយ សម្រាប់កីឡាករ-កីឡាការិនី ពេលមានគ្រោះថ្នាក់ ក្នុងពេលហ្វឹកហាត់ អាចទៅព្យាបាលនៅមន្ទីពេទ្យសាធារណៈ និងមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។យើង បានជំរុញឲ្យគាត់ ប្រសិនជាមានលទ្ធភាព ត្រូវចូលរួម ក្នុងការបង់លុយចូលក្នុង ប.ស.ស ដែលជាប្រព័ន្ធមួយ ដែលធ្វើឲ្យកីឡាករមានទំនុបចិត្ត ក្នុងការលះបង់ និងគ្រោះថ្នាក់ ក្នុងការហ្វឹកហាត់ ព្រោះហានីភ័យរបស់កីឡាករ-កីឡាការិនី មានច្រើនជាងប្រជាពលរដ្ឋធម្មតា ព្រោះគាត់ហាត់រាល់ថ្ងៃ គាត់អាចមានបញ្ហាថ្លោះគ្រិច និងបញ្ហាគ្រោះថ្នាក់អីផ្សេងៗទៀត នៅលើសុខភាពផ្លូវកាយរបស់គាត់ច្រើន។ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អតិភាពទៅកីឡាករ-កីឡាការិនីជម្រើសជាតិ និងកីឡាករ-កីឡាការិនីជំនាញ នៅក្នុងសហព័ន្ធកីឡាជាតិ។

សហព័ន្ធកីឡាជាតិ គាត់មានកីឡាករ-កីឡាការិនី តាមក្លិបដែលចុះឈ្មោះជាសមាជិកសហព័ន្ធ មានសិទ្ធក្នុងការទទួលបាននូវការប្រើប្រាស់មូលនិធីសមធម៌សុខាពិបាលនេះ មិនមែនជា ប.ស.ស ទេ ប៉ុន្ដែគឺ ជាការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការព្យាបាល ទៅលើមន្ទីរពេទ្យសាធារណៈ និងពេទ្យរបស់រដ្ឋ។»។ លោក វ៉ាត់ ចំរើន បាននិយាយប្រាប់ដូច្នេះ។
 
តាមការបញ្ជាក់របស់អគ្គលេខាធិការរូបនេះ បណ្ណមូលនិធិសមធម៌សុខភាព មិនមែនជាបណ្ណ ប.ស.ស ទេ បើទោះជាមានផ្ដល់ការព្យាបាលកីឡាករ-កីឡាការិនី ដោយមិនយកថវិការ ក៏ដោយ។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា បណ្ណនេះ គឺមានសុពលភាព តែមួយឆ្នាំប៉ុណ្ណោះ។ បន្ថែមជាងនេះទៀត NOCC កំពុងជំរុញ ឲ្យកីឡាករ-កីឡាការិនីទាំងអស់ មាននូវបណ្ណ ប.ស.ស ដែលអាចទទួលបានសេវាកម្មថែសុខភាពយូអង្វែង។ ដោយឡែកការធ្វើបណ្ណ ប.ស.ស នេះ គឺស្ថិតក្នុងកិច្ចភាក្សានៅឡើងទេ។ 
 
«ចំណែក ប.ស.ស យើង ពិនិត្យមើលបន្ដទៀត។ សុពលភាពមូលនិធិសមធម៌សុខាភិបាល បានតែ១ឆ្នាំទេ។ ប្រសិនជាយើង ធ្វើ ប.ស.ស ហើយមានលទ្ធភាពរៀបចំ បញ្ជូនទៅរដ្ឋាភិបាល ដែលមានលក្ខណៈជារៀងរហូត។ យើង កំពុងពិភាក្សាគ្នា ចំពោះការធ្វើប.ស.ស និងការធានារ៉ាបរង់សុខភាព និងអាយុជីវិតកីឡាករ-កីឡាការិនី របស់យើង។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ៕

Tag:
 NOCC
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com