អន្តរជាតិ
គណៈរដ្ឋមន្ត្រីថៃ អនុម័តការព្យួរបំណុលសហគ្រាសធុនតូច និងជួយរក្សាតម្លៃទាបនៃប្រេងម៉ាស៊ូត និងអគ្គិសនី
20, Dec 2023 , 9:59 am        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Sretha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Sretha Thavisin
នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៩ ខែធ្នូ បានប្រកាសថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តការព្យួរបំណុល បណ្ដោះអាសន្នសម្រាប់អាជីវកម្មធុនតូច និងការជួយគាំទ្រដល់ការលក់ទំនិញរាយ​ ដែលជាប់បំណុល ហើយព្រមទាំងជួយរក្សាតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនីមិនឱ្យកើនឡើង។ ចំណាត់ការនេះគឺជាវិធានការចុងក្រោយបង្អស់នាពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្នុងការដោះ ស្រាយបញ្ហាបំណុលរបស់ប្រទេស។

 
ចំណាត់ការថ្មីក្នុងការពន្យារពេលសងបំណុលសម្រាប់ពលរដ្ឋថៃ ជាផ្នែកមួយនៃផែនការក្នុង ការជួយសម្រួលដល់ប្រជាជន ១០,៣លាននាក់ដែលកំពុងជួបការលំបាកក្នុងការទូទាត់បំណុល ឬការប្រាក់ ដែលបំណុលគ្រួសារមានរហូតដល់ ៩០,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅចុងត្រីមាសទីពីរ។ ការណ៍នេះក៏បានធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសសេដ្ឋកិច្ចធំទីពីរ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ចុះផងដែរ។
 
ទន្ទឹមនេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ប្រាប់ទៅអ្នកសារព័ត៌មានថា រដ្ឋាភិបាល ក៏នឹងព្យាយាមរក្សាតម្លៃប្រេងម៉ាសូតឱ្យនៅត្រឹម ០,៨៦ ដុល្លារក្នុងមួយលីត្រ ហើយចំណាយលើអគ្គិសនីគឺត្រឹមតែ ០,១២ ដុល្លារ ក្នុងមួយឯកតា ដើម្បីជួយកាត់បន្ថយថ្លៃចំណាយលើថាមពល។ 
 
ការកំណត់តម្លៃខ្ពស់បំផុតរបស់ប្រេងម៉ាស៊ូតខាងលើនឹងមានរយៈពេល ៣ ខែ និងគាំទ្រដោយ វិធានការពន្ធ និងមូលនិធិជាតិប្រេង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីថាមពល លោក​ Pirapan Salirathavibhaga ដែលបន្តថា ចំពោះកម្រិតចំណាយលើអគ្គិសនីថ្មីនឹងត្រូវបានសម្រេចនៅខែ មករា ប៉ុន្តែក្រុមងាយរងគ្រោះនឹងបន្តទទួលបានអត្រាបច្ចុប្បន្នដែលមានត្រឹមតែ ០,១១ ដុល្លារ ក្នុងមួយឯកតា។
 
គួរបញ្ជាក់ថា ការឧបត្ថម្ភរបស់រដ្ឋាភិបាលបានជួយរក្សាអតិផរណានៅកម្រិតទាប ដោយ អត្រាអតិផរណានៅក្នុងខែវិច្ឆិកាគឺ -០,៤៤ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិត ៣ ឆ្នាំ៕

Tag:
 ថៃ
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com