ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ជិត១,៤ លានដុល្លារសម្រាប់គម្រោង​សម្អាតមីននៅ​ស្ទឹងត្រែង និង​បន្ទាយមានជ័យ
20, Dec 2023 , 11:14 am        
រូបភាព
លោក ការឹបិ ម៉ាសាកាហ៊្សូ ប្រធានតំណាងអង្គការ JMAS ប្រចាំប្រទេសកម្ពុជា បង្ហាញលោកឯកអគ្គរាជទូតអំពីសកម្ម​ភាពការងារ​របស់ JMAS។ រូបថត ស្ថានទូតជប៉ុន
លោក ការឹបិ ម៉ាសាកាហ៊្សូ ប្រធានតំណាងអង្គការ JMAS ប្រចាំប្រទេសកម្ពុជា បង្ហាញលោកឯកអគ្គរាជទូតអំពីសកម្ម​ភាពការងារ​របស់ JMAS។ រូបថត ស្ថានទូតជប៉ុន
រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ១ ៣៩០ ១១៧ដុល្លារ ដល់អង្គការដៃគូ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ ។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយ លោក ការឹបិ ម៉ាសាកាហ៊្សូ ប្រធានតំណាងអង្គការ JMAS ប្រចាំប្រទេសកម្ពុជានៅឯស្ថានទូតជប៉ុននៅកម្ពុជា នាថ្ងៃទី១៩ ខែ​ធ្នូ។

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជា ក្នុងចំណោមកញ្ចប់ជំនួយទាំងជិត១,៤​លានដុល្លារនេះ គឺមាន ៦៩៦ ៣៩៧ដុល្លារ សម្រាប់គម្រោងគាំទ្រដល់ការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង។ រីឯ ថវិកា ៦៩៣ ៧២០ដុល្លារទៀត សម្រាប់ការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ។ ទាំងនេះ ជាគម្រោងដែលត្រូវអនុវត្តនៅក្នុងឆ្នាំទី៣ ( RSCS ឆ្នាំទី៣)។  
 
តាមផែនការ គម្រោងខាងលើដែលត្រូវអនុវត្តដោយ អង្គការ JMAS  នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន៦៥០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងផ្តល់ការអប់រំអំពីការចៀសវាងពីហានិភ័យនៃគ្រាប់មីនដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម ជាពិសេសអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។ នេះជាការបញ្ជាក់របស់ស្ថានទូតជប៉ុននៅកម្ពុជា។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយអ្នកតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នៅឯស្ថានទូតជប៉ុននៅកម្ពុជា នាថ្ងៃទី១៩ធ្នូ។ រូបថត៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា 
 
លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​វាយ​តម្លៃ​ពី​ការ​រីកចម្រើន​ឆាប់រហ័ស​របស់​កម្ពុជា ប៉ុន្តែលោក​ទទួល​ស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។
 
«រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ជប៉ុននានា​ និងគាំទ្រការងាររបស់ពួកគេក្នុងការដោះស្រាយបញ្ហានានា»។ លោកឯកអគ្គ​រាជទូត​បាន​សន្យា​យ៉ាង​ដូច្នេះ។
 
សូមរំឭកថា រដ្ឋាភិបាល​ប្រទេសជប៉ុន ចាប់ផ្តើមជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជាតាំងពីឆ្នាំ២០០២មក  ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅកម្រិតមូលដ្ឋាន។ មកទលល់បច្ចុប្បន្ន ជំនួយរបស់រដ្ឋាភិបាលជប៉ុនបានផ្តល់ឱ្យកម្ពុជានូវទំហំទឹកប្រាក់៥២លានដុល្លារ លើគម្រោងចំនួន១៥៤ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន៕



Tag:
 សេដ្ឋកិច្ច
  បន្ទាយមានជ័យ
  ស្ទឹងត្រែង)​៖​ មីន
© រក្សាសិទ្ធិដោយ thmeythmey.com