អន្តរជាតិ
អ្នកតវ៉ាជនជាតិដើមនៅប្រេស៊ីលបង្អាក់ការប្រជុំសាធារណៈអំពីគម្រោងផ្លូវដែកដឹកធញ្ញជាតិតំបន់អាម៉ាហ្សូន
20, Dec 2023 , 11:44 am        
រូបភាព
ជនជាតិដើម Kayapo ធ្វើបាតុកម្មបិទផ្លូវ BR163 តវ៉ាជំទាស់គម្រោងផ្លូវដែកដឹកជញ្ជូនធញ្ញជាតិ នៅក្បែរក្រុង Novo Progresso កាលពីឆ្នាំ២០២០
ជនជាតិដើម Kayapo ធ្វើបាតុកម្មបិទផ្លូវ BR163 តវ៉ាជំទាស់គម្រោងផ្លូវដែកដឹកជញ្ជូនធញ្ញជាតិ នៅក្បែរក្រុង Novo Progresso កាលពីឆ្នាំ២០២០
ដោយ: VOA
ក្រុម​អ្នក​តវ៉ា​ដែល​ជា​ជនជាតិ​ដើម​បាន​ព្យាយាម​រារាំង​ការ​ប្រជុំ​សាធារណៈ​មួយ​កាលពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​កន្លង​ទៅ​នេះ ​អំពី​ការ​សាងសង់​ផ្លូវ​ដែក​មួយ​ខ្សែ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​កាត់​តាម​ដីធ្លី​របស់​ពួកគេ​ ដើម្បី​ដឹក​ជញ្ជូន​ធញ្ញជាតិ​ទៅ​កាន់​កំពង់ផែ​ភាគ​ខាង​ជើង​ នៅ​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន (Amazon)។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។



ផ្លូវ​ដែក Ferrograo ប្រវែង ១.០០០ គីឡូម៉ែត្រ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​កសិករ​និង​ក្រុមហ៊ុន​ធញ្ញជាតិ​ដែល​បាន​បញ្ជាក់​ថា ​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ផ្លូវ​គោក​និង​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​សណ្ដែក​សៀង​ពី​រដ្ឋ Mato Grosso ដែល​ជា​រដ្ឋ​កសិកម្ម ទៅ​កាន់​កំពង់ផែ​ទន្លេ​នានា​នៅ​ក្នុង​អាង​ទន្លេ​អាម៉ាហ្សូន។
 
ប៉ុន្តែ សហគមន៍​ជនជាតិ​ដើម Munduruku និង​សហគមន៍​ជនជាតិ​ដើម Kayapo បាន​និយាយ​ថា មិន​មាន​នរណា​ម្នាក់​ប្រឹក្សា​យោបល់​ជាមួយ​ពួកគេ​អំពី​គម្រោង​នេះ​ទេ ដែល​គម្រោង​នេះ​នឹង​ប៉ះពាល់​ដល់​បរិស្ថាន​របស់​ពួកគេ​និង​បណ្ដាល​ឱ្យ​មាន​ការ​កាប់​បំផ្លញ​ព្រៃឈើ។
 
អ្នក​តវ៉ា​ប្រហែល ១០០ នាក់ ​ដែល​កាន់​បដា​ផ្សេងៗ​បាន​រារាំង​ច្រក​ចូល​ទៅ​កាន់​ការ​ប្រជុំ​សាធារណៈ​នេះ​នៅ​ក្នុង​ទីក្រុង Novo Progresso នៅ​រដ្ឋ Para នៅ​ភាគ​ខាង​ត្បូង ប៉ុន្តែ​នៅ​ទីបំផុត​ការ​ប្រជុំ​នេះ​បាន​ចាប់ផ្ដើម ​នៅ​ពេល​ដែល​អ្នក​តវ៉ា​បាន​ចាកចេញ​ពី​អគារ​នោះ។ នេះ​បើ​យោង​តាម​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ ដែល​បង្ហោះ​ដោយ​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​នោះ។
 
សមាជិក​ព្រឹទ្ធសភា​ប្រេស៊ីល​លោក Zequinha Marinho ដែល​ជា​អ្នក​គាំទ្រ​មួយ​រូប​លើ​គម្រោង​ផ្លូវ​ដែក​នេះ បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា៖ «ផ្លូវ​ដែក​នេះ​គឺ​ជា​គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​រូប»។
 
អ្នក​ដែល​ដឹកនាំ​ការ​តវ៉ា​នេះ ​គឺ​អ្នកស្រី Alessandra Munduruku ដែល​ជា​ជ័យលាភី​ពាន​រង្វាន់ Goldman Environmental Prize ឆ្នាំ ២០២៣ សម្រាប់​កិច្ច​ប្រឹងប្រែង​របស់​អ្នកស្រី​នៅ​ក្នុង​ការ​បញ្ឈប់​ការ​អភិវឌ្ឍ​អណ្ដូង​រ៉ែ​ នៅ​ក្នុង​តំបន់​អាម៉ាហ្សូន ​និង​នៅ​ក្នុង​ការ​ការពារ​ព្រៃ​ទឹកភ្លៀង។
 
អ្នកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters តាម​ទូរស័ព្ទ​ថា៖ «យើង​មិន​អាច​យល់ព្រម​ចំពោះ​គម្រោង​មួយ​ ដែល​នឹង​ប៉ះពាល់​ដល់​ទឹកដី​របស់​យើង​និង​គំរាមកំហែង​ដល់​អនាគត​កូនចៅ​របស់​យើង​បាន​ទេ»។
 
អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​បារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​និង​ព្យាយាម​ជួយ​សង្គ្រោះ​ព្រៃឈើ ប៉ុន្តែ​សភា​គឺ​បារម្ភ​អំពី​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ដីធ្លី​របស់​ពួក​យើង​ជាង»។
 
ការ​ប្រជុំ​សាធារណៈ​នេះ​មិន​មែន​ដើម្បី​ប្រឹក្សា​យោបល់​ជាមួយ​ជនជាតិ​ដើម​នោះ​ទេ ប៉ុន្តែ​ដើម្បី​ផ្សះផ្សា​ផល​ប្រយោជន៍​របស់​កសិពាណិជ្ជកម្ម​ផលិត​សណ្ដែកសៀង ​ដែល​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ផ្លូវដែក​នេះ​ជាមួយ​នឹង​ផល​ប្រយោជន៍​របស់​អ្នក​មូលដ្ឋាន​ដែល​ចង់​បាន​សំណង​សម្រាប់​ការ​បាត់បង់​អាជីវកម្ម​ដោយសារ​ការ​កាត់​បន្ថយ​ចរាចរណ៍​តាម​ផ្លូវគោក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Carolina Alfinito ទីប្រឹក្សា​ច្បាប់​នៃ​អង្គការ Amazon Watch ដែល​ជា​អង្គការ​តស៊ូ​មតិ​អភិរក្ស​និយម​មួយ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​នេះ។
 
ការ​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​ បន្ទាប់ពី​ក្រុម​អ្នក​បញ្ចុះបញ្ចូល​គោល​នយោបាយ​ដើម្បី​ប្រយោជន៍​ម្ចាស់​កសិដ្ឋាន​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​សភា​ប្រេស៊ីល ​នៅ​ពេល​ដែល​សមាជិក​សភា​ច្រានចោល​ការ​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​របស់​ប្រធានាធិបតី​ដែល​បាន​លុបចោល​ចំណុច​ស្នូល​នៃ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​ដាក់​កំហិត​លើ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម។
 
បញ្ហា​នៃ​កាល​បរិច្ឆេទ​ផុត​កំណត់​ដើម្បី​ទាមទារ​ដីធ្លី​ឥឡូវ​នេះ​នឹង​ត្រូវ​សម្រេច​ដោយ​តុលាការ​កំពូល​ប្រេស៊ីល។ កាលពី​ខែ​សីហា នៅ​ក្នុង​ការ​សម្រេច​មួយ​អំពី​ផ្លូវដែក​ដឹក​ជញ្ជូន​ធញ្ញជាតិ តុលាការ​កំពូល​បាន​តម្កល់​ការ​ផ្អាក​ផែនការ​របស់​រដ្ឋាភិបាល​ នៅ​ក្នុង​ការ​កាត់​បន្ថយ​ទំហំ​ឧទ្យាន​អភិរក្ស​ព្រៃឈើ​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​សាងសង់​ផ្លូវដែក​នេះ ដោយ​រង់ចាំ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម​ទៀត៕
 
ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ
 

© រក្សាសិទ្ធិដោយ thmeythmey.com