RFI
អន្តរជាតិ
អុីស្លង់៖ ភ្នំភ្លើង​​ផ្ទុះសាជាថ្មី នៅភាគខាងត្បូង​រដ្ឋធានីរៃក្ចាវីក
20, Dec 2023 , 1:59 pm        
រូបភាព
ស្នាមដីប្រេះប្រវែងប្រមាណ៤គីឡូម៉ែត្រ បើកចំហ ខ្ជាក់ចេញកម្អែលម៉ាក់ម៉ា នៅតំបន់ក្បែរភូមិ Grindavik ភាគនិរតីអ៊ីស្លង់ ថ្ងៃទី១៨ធ្នូ។ REUTERS
ស្នាមដីប្រេះប្រវែងប្រមាណ៤គីឡូម៉ែត្រ បើកចំហ ខ្ជាក់ចេញកម្អែលម៉ាក់ម៉ា នៅតំបន់ក្បែរភូមិ Grindavik ភាគនិរតីអ៊ីស្លង់ ថ្ងៃទី១៨ធ្នូ។ REUTERS
ដោយ៖ម៉ម ពិសី/RFI
 
១សប្តាហ៍​បន្ទាប់ពី​បាន​កម្រើកសកម្មភាព តំបន់ភ្នំភ្លើងនៅភាគនិរតី​ប្រទេសអ៊ីស្លង់ បាន​ផ្ទុះកក្រើកជះចេញជាកម្អែល​ និងអណ្តាតភ្លើងសន្ធោសន្ធៅ​។ ចំណុចផ្ទុះ​នេះ ស្ថិតនៅចំងាយ​ប្រមាណ​តែ​៣គីឡូម៉ែត្រ ពីភូមិមួយឈ្មោះ Grindavik ដែលស្ថិតនៅ​លើឧបទ្វីប Reykjanes នៃកោះអ៊ីស្លង់។ ប្រជាជនប្រមាណ​៤០០០នាក់ ដែលរស់នៅភូមិនេះ ត្រូវបាន​អាជ្ញាធរជម្លៀសចេញ​ តាំងតែពី​ថ្ងៃទី​១១វិ​ច្ឆិកាម្លេះ បន្ទាប់ពី​បានទទួលសញ្ញាអាសន្ន​ពីអ្នកជំនាញ​ភ្នំភ្លើង​។ គិតត្រឹមពេលនេះ មិនមានមនុស្សរងគ្រោះ ចំណែក​ការហោះហើរផ្លូវអាកាស ក៏មិនមាន​បញ្ហារអាក់រអួលដែរ​។

 
យោងតាមវិទ្យាស្ថានឧតុនិយមនិងធរណីសាស្ត្រអ៊ីស្លង់ ភ្នំភ្លើងបានចាប់ផ្តើមផ្ទុះ​ នៅ​វេលាម៉ោង​ ១០និង​១៧នាទីយប់ ថ្ងៃចន្ទទី​១៨ធ្នូ បន្ទាប់​ពីដីបានចាប់​ផ្តើម​​រញ្ជួយ នៅ​វេលាម៉ោង​៩យប់។

ស្នាមដីប្រេះ ដែល​ខ្ទាក់ចេញជាផ្កាភ្លើង មានប្រវែងប្រមាណ​៤គីឡូម៉ែត្រ។ រូបភាព​ភ្នំភ្លើងផ្ទុះ ត្រូវបាន​ផ្សាយ​ផ្ទាល់ តាម​កញ្ចក់ទូរទស្សន៍ បង្ហាញ​ឲ្យ​​ឃើញកំអែល​ម៉ាក់ម៉ា ពណ៌​លឿងក្រហមច្រាល ផ្ទុះ​ផុសកញ្ជោលឡើង។
 
ស្ថានីយ៍​អគ្គិសនី​ដើរដោយចំហាយទឹក ឈ្មោះ Svarstengi ស្ថិតនៅចំងាយ​តែ​២គីឡូម៉ែត្រប៉ុណ្ណោះ ពីទីតាំងផ្ទុះភ្នំភ្លើងនេះ។ ស្ថានីយ៍​នេះ​ ផលិ​តចរន្តអគ្គិសនី ព្រមទាំងផ្គត់ផ្គង់ទឹកក្តៅ ដល់​ប្រ​ជាជនប្រមាណ​៣០០០០នាក់ នៅតំបន់នេះ។ កាលពីតំបន់ភ្នំភ្លើងនេះ បានចាប់ផ្តើម​កម្រើក នៅដើមខែ​វិច្ឆិកា អាជ្ញាធរអ៊ីស្លង់ បាន​សាងសង់ជញ្ជាំងដើម្បីការពារស្ថានីយ៍​នេះ​ និង​បានជម្លៀសប្រជាជន៤០០០នាក់ ចេញពី​ភូមិ Grindavik បន្ទាប់ពីអ្នកជំនាញ​ភ្នំភ្លើង បាន​សង្កេតឃើញថា ស្រទាប់​ផ្ទៃដី​តំបន់​នេះឡើងប៉ោងខ្លាំង ដោយសារតែកម្លាំង​ម៉ាក់ម៉ារុញបុកឡើង។
 
ផ្អែកតាម​ក្រុមអ្នកជំនាញ​ភ្នំភ្លើងអ៊ីស្លង់ គិតត្រឹមថ្ងៃអង្គារ​ទី​១៩ធ្នូ កម្លាំង​ខ្ជាក់ជះ​កម្អែលភ្នំភ្លើង ហាក់​បានថយចុះ។ ក៏ប៉ុន្តែមិនមែនមានន័យថា ការផ្ទុះភ្នំភ្លើងនេះនឹងចប់ឆាប់ៗនោះទេ។ វាមានន័យ​ កម្លាំងផ្ទុះចាប់​ផ្តើមថេរ មានលំនឹងស្មើ​។
 
គួរបញ្ជាក់ថា នេះជាលើកទី​៤ហើយ ដែល​ភ្នំភ្លើងនៅតំបន់នេះ បាន​ផ្ទុះកម្រើកឡើង ក្នុង​រវាង​២ឆ្នាំចុងក្រោយនេះ​។ អ្នកជំនាញ​ភ្នំភ្លើង ជឿថា​តំបន់ឧបទ្វីប Reykjanes កំពុងតែឈានចូលក្នុងអំឡុងពេល ​ដែល​សកម្មភាព​ភ្នំភ្លើង នឹងកម្រើកឡើងញឹកញាប់។ សកម្មភាពកម្រើកឡើងនៃភ្នំភ្លើង ក្នុងរវាង​២ឆ្នាំមកនេះ បានធ្វើ​ឲ្យ​តំបន់ឧបទ្វីប Reykjanes ក្លាយជាគោលដៅទេសចរណ៍​ដ៏ល្បីល្បាញ។ យោងតាម​ការិយាល័យទេសចរណ៍អ៊ីស្លង់ យ៉ាងហោចណាស់ មានទេសចរចំនួន ៦៨ម៉ឺននាក់ បាន​ធ្វើដំណើរមកមើល សកម្មភាព​កម្រើក​នៃតំបន់ភ្នំភ្លើននេះ ក្នុងរវាងជាង​២ឆ្នាំមកនេះ​។ តែយ៉ាងណា លោក​ប្រធាន​ការពារសុវត្ថិភាព​ប្រជាជនអ៊ីស្លង់ បាន​ទាញសញ្ញាអាសន្នថា ករណីផ្ទុះនៅលើកនេះ មិនមែន​ផ្ទុះ​ដើម្បី​មើលកម្សាន្តសប្បាយ​ឡើយ​ គេអាចមើលវាបានតែមើលពីចំងាយ​។
 
គួរបញ្ជាក់ថា ប្រទេសអ៊ីស្លង់ដែលគ្រប់ដណ្តប់ទៅដោយ​ទឹកកក ត្រូវគេដាក់ងារហៅថា ជាដែនដី​ទឹកកកនិងភ្លើង។ យ៉ាងហោចណាស់ ប្រព័ន្ធបណ្តុំភ្នំភ្លើងចំនួន​៣៣តំបន់​ ដែលកំពុងតែ​សកម្ម​នៅឡើយ នៅខាងក្រោម​ស្រទាប់ដី ​អ៊ីស្លង់ ហើយ​ដែលតម្រូវ​ឲ្យ​​អ្នកជំនាញ តាមដាន​យកចិត្តទុកដាក់​បំផុត។ កាលពីឆ្នាំ​២០១០ ភ្នំភ្លើង Eyjafjallajökull បានផ្ទុះកក្រើកឡើង ជះចេញជាល្អង​ផេះ​ ហើយ​បាន​ធ្វើ​ឲ្យ​រាំងស្ទះដំណើរការហោះហើរជើងយន្តហោះ សឹងតែពាសពេញអឺរ៉ុបទាំងមូល​។ ថ្មីៗនេះ ភ្នំភ្លើងមួយទៀត ឈ្មោះ Askja ស្ថិតនៅភាគកណ្តាល​អ៊ីស្លង់ បានបង្ហាញសញ្ញាកម្រើក​គួរ​ឲ្យ​បារម្ភដែរ។ កាលពីថ្ងៃទី​១៨វិច្ឆិកា បន្ទាប់ពីបានសម្រេចជម្លៀសមនុស្សចេញពី​ភូមិ Grindavik លោកស្រី​ Katrin Jakobsdottir នាយករដ្ឋមន្ត្រី​អ៊ីស្លង់ បានអះអាងថា ក្នុងមួយពិភពលោក​នេះ គ្មានប្រទេសណាមាន​សមត្ថភាពល្អដូចអ៊ីស្លង់ទេ ក្នុង​ការ​បទប់ទល់ជាមួយ​គ្រោះធម្មជាតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com