សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើ​​​ប្រទេស​អភិវឌ្ឍន៍មានបំណុលសាធារណៈប៉ុន្មាន ?
20, Dec 2023 , 7:29 pm        
រូបភាព
រូបភាពពី Xinhua
រូបភាពពី Xinhua
ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ទាំង២០ ប្រទេសចំនួន១១ មានបំណុលរបស់រដ្ឋាភិបាលបើធៀបនឹងផលិតផលក្នុងស្រុកសរុបច្រើនជាង ១០០ភាគរយឯណោះ។

 
បំណុលសាធារណៈ ឬគេអាចហៅម្យ៉ាងទៀតថា បំណុលរដ្ឋាភិបាល ជាសូចនាករដ៏សំខាន់ ដើម្បីវាយតម្លៃនិរន្តរភាពនៃហិរញ្ញវត្ថុរបស់ប្រទេសមួយ។ ប្រសិនបើបំណុលរដ្ឋាភិបាលរបស់ប្រទេសមួយខ្ពស់ពេក វាជាសញ្ញាមួយដែលបង្ហាញថា ប្រទេសនោះអាចនឹងមានការពិបាកក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនក្នុងការសងបំំណុល ដោយប្រថុយនឹងអស្ថិរភាពសេដ្ឋកិច្ច។
 
ក្នុងចំណោមប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ចំនួន ២០ ប្រទេសចំនួន ១១ មានអនុបាតបំណុលរបស់រដ្ឋាភិបាលធៀបផលិតផលក្នុងស្រុកសរុប (GDP) លើសពី១០០ភាគរយ។ 
 
ប្រទេសមានអនុបាតបំណុលខ្ពស់ជាងគេបំផុតនោះគឺ ជប៉ុន ដែលមានអត្រាលើសពី១០០ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា អនុបាតបំណុលធៀបនឹង GDP  របស់រដ្ឋាភិបាលជប៉ុននៅឆ្នាំ ២០២៣ មានប្រមាណ ២៥៥ភាគរយ។ GDP របស់ជប៉ុននៅក្នុងឆ្នាំ២០២២ មានទំហំប្រមាណ ៤,២៤ទ្រីលានដុល្លារ។ 
 
ទិន្នន័យរបស់ IMF ពីចំណាត់ថ្នាក់បំណុលសាធារណៈធៀប GDP ខែតុលា ឆ្នាំ២០២៣ ។ 

នៅឆ្នាំ ២០២៣ បំណុលរបស់រដ្ឋាភិបាលអាម៉េរិកនឹងលើសពី ៣៣ទ្រីលានដុល្លារដែលស្មើនឹង ១២៣ភាគរយនៃផលិតផលក្នុងស្រុកសរុប។ កាលពី ២០ឆ្នាំមុន អត្រានេះគឺតិចជាង ៦០ភាគរយសម្រាប់អាម៉េរិក។ 
 
អាឡឺម៉ង់ ជាប្រទេសដែលមានអត្រាទាបបំផុតក្នុងក្រុម G7 ប្រមាណ ៦៦ភាគរយ។ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំងអស់ កំពុងព្យាយាមនាំយកអនុបាតបំណុលសាធារណៈធៀបនឹង GDP ឲ្យស្ថិតក្រោមអត្រា ៦០ភាគរយដើម្បីធានាបាននូវនិរន្តរភាពហិរញ្ញវត្ថុ។
 
ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ចំនួន២០ ដែលមានអត្រាបំណុលរដ្ឋាភិបាលធៀបនិងផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតប្រចាំឆ្នាំ២០២៣ វាមានដូចជា ជប៉ុន (២៥៥ភាគរយ) ក្រិក និងសិង្ហបុរី (១៦៨ភាគរយ) អ៊ីតាលី (១៤៤ភាគរយ) អាម៉េរិក (១២៣ភាគរយ) បារាំង (១១០ភាគរយ) ព័រទុយហ្កាល់ (១០៨ភាគរយ) អេស្ប៉ាញ (១០៧ភាគរយ) បែលហ្ស៊ិក និងកាណាដា (១០៦ភាគរយ) អង់គ្លេស (១០៤ភាគរយ) ស៊ីប (៧៩ភាគរយ) អូទ្រីស (៧៥ភាគរយ) ហ្វាំងឡង់ (៧៤ភាគរយ) ស្លូវេនី (៦៩ភាគរយ) អាឡឺម៉ង់ (៦៦ភាគរយ) ក្រូអាស៊ី (៦៤ភាគរយ) អ៊ីស្លង់ (៦១ភាគរយ) អ៊ីស្រាអែល(៥៨ភាគរយ) និងស្លូវ៉ាគី (៥៧ភាគរយ) ។
 
ក្រាហ្វខាងក្រោម ជាចំណាត់ថ្នាក់បំណុលរបស់រដ្ឋាភិបាលនៃប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយប្រើផលធៀបនៃបំណុលសរុបរបស់រដ្ឋាភិបាលទៅនឹងផលិតផលក្នុងស្រុកសរុប ជាមួយនឹងទិន្នន័យពី IMF ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាលពីខែតុលា ឆ្នាំ២០២៣ ៕

Tag:
 បំណុល
  G7
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com