ជាតិ
អត្ថបទពាណិជ្ជកម្ម
សហគ្រិនខ្មែរ ប្រកាសជ័យលាភីនៃការប្រកួតពានរង្វាន់ ឆ្នាំ២០២៣
20, Dec 2023 , 2:25 pm        
រូបភាព
 ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣៖ សហគ្រិនខ្មែរ បានប្រកាសជ័យលាភីដែលជាក្រុម និងក្រុមហ៊ុន ដែលបានឈ្នះការប្រកួតពានរង្វាន់សហគ្រិនខ្មែរទាំង ៣ប្រភេទ ប្រចាំឆ្នាំ២០២៣ គឺ ពានរង្វាន់កម្រិតវិទ្យាល័យ ពានរង្វាន់ធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រាសធុនតូច និងមធ្យម។
 
កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ និងបានប្រកាសជ័យលាភីចំនួន ១១ក្រុម/ក្រុមហ៊ុន ក្នុងចំណោមអ្នកដាក់ពាក្យចំនួន ៤០៣ ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតនៅក្នុងវិស័យសហគ្រិនភាពរបស់កម្ពុជា។  
 
លោក ហែម វណ្ណឌី បានលើកឡើងថា៖ «សហគ្រិនខ្មែរ ដែលជាកាតាលីករជំរុញសហគ្រិនភាពនៅកម្ពុជា បានអនុវត្តកម្មវិធីជាច្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់សិស្សនិស្សិត ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ សហគ្រិនខ្មែរ បានអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនដោយបានកំណត់ចំណុចកែលម្អ បង្កើនទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ សហការបង្កើតកម្មវិធីជាមួយដៃគូ និងពង្រឹងយន្តការសហហិរញ្ញប្បទាន។ ខណៈពេលដែលយើងអបអរសាទរជ័យលាភីទាំង១១ នៅថ្ងៃនេះ ខ្ញុំសូមលើកទឹកចិត្តដល់សហគ្រិនទាំងអស់ឱ្យខិតខំចាប់យកស្តង់ដារ បច្ចេកវិទ្យាទំនើប និងបង្កើនប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៃប្រទេសជាតិរបស់យើង» ។
 
 
ជាមួយគ្នានេះ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៏ថា៖ «ក្រោយការអនុវត្តកម្មវិធីនេះអស់រយៈពេលច្រើនឆ្នាំកន្លងមក សហគ្រិនខ្មែរ បានសង្កេតឃើញថាកម្មវិធីនេះ បានចូលរួមលើកស្ទួយដល់វិស័យសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងចូលរួមកសាងបណ្ដាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងរឹងមាំតាមរយៈការបង្កើតបរិយាកាសអំណោយផលដល់សហគ្រិនឱ្យបានចូលរួមសិក្សារៀនសូត្រ សាកល្បង សមត្ថភាព ឱកាសទទួលបានការវិនិយោគ និងបន្តពង្រីកអាជីវកម្ម»។
 
 
គួរបញ្ជាក់ថា នេះគឺជាឆ្នាំទី៣ហើយ ដែលកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរត្រូវបានរៀបចំឡើង ដែល មុននឹងឈានមកដល់ការប្រកាសទទួលពានរង្វាន់ បេក្ខជនចូលរួមទាំងអស់ត្រូវឆ្លងកាត់វគ្គជម្រុះ តាមដំណាក់កាលដូចជា ការជម្រុះតាមលក្ខខណ្ឌ  ការប្រកួតធ្វើបទបង្ហាញអាជីវកម្មពាក់កណ្តាលផ្តាច់ព្រ័ត្រ ការចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត និងចុងក្រោយ ការប្រកួតធ្វើបទបង្ហាញអាជីវកម្មវគ្គផ្តាច់ព្រ័ត្រ។
 
ជ័យលាភីទាំង១១ សម្រាប់ការប្រកួតទាំង ៣ ប្រភេទរួមមាន៖  
ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម ទាំង ៤ក្រុមហ៊ុនរួមមាន៖
១. ជ័យលាភីលេខ១៖ គ្រួសារលតឆានំគូឆាយ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០  ដុល្លារ)
២. ជ័យលាភីលេខ២៖ ស្វាយអង្គរ អ៊ិនធើប្រាយ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៤,០០០,០០០ រៀល (៦,០០០ ដុល្លារ)
៣. ជ័យលាភីលេខ៣៖ ម៉ាច់ ម៉ូបាល ហ៊ែលឃែរ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)
៤. ជ័យលាភីលេខ៤៖ ដាំដុះ អាល់វីន ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)។
 
ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ៤ ក្រុមហ៊ុនរួមមាន៖
១.   ជ័យលាភីលេខ១៖ កសិដ្ឋានកូនចៀមធម្មជាតិ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)
២.   ជ័យលាភីលេខ២៖ វ៉នឌើរផាស ថេកណឡជី ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)
៣.   ជ័យលាភីលេខ៣៖ ចបប៊ីហ្វាយ (ខេមបូឌា) ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ)
៤.   ជ័យលាភីលេខ៤៖ សាបារា បេស ហ្វូដ ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)។
 
ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ៣ ក្រុមរួមមាន៖
១. ជ័យលាភីលេខ១៖ Kon-Nichiwa ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)
២. ជ័យលាភីលេខ២៖ The 3R-Youths ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៦,០០០,០០០ រៀល (១,៥០០ ដុល្លារ)
៣. ជ័យលាភីលេខ៣៖ Bubblegum ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៤,០០០,០០០ រៀល (១,០០០ ដុល្លារ)
 



 
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរត្រូវបានរៀបចំឡើង ស្របតាមចក្ខុវិស័យនៃការផ្តល់ជាវេទិកាជាតិ ដើម្បីលើកកម្ពស់រាល់សកម្មភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា ផ្តល់ឱកាសដល់ការកសាងបណ្តាញ ទទួលបានប្រាក់រង្វាន់ និងការបណ្តុះបណ្តាល ចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ និងកម្មវិធីគាំទ្រផ្សេងៗទៀត ដើម្បីជំរុញការរីកលូតលាស់ និងភាពជោគជ័យរបស់សហគ្រិនកម្ពុជា៕
 








សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Name: Phann Rathanakvichea
Position: Officer
Telephone: +855 12 32 09 19

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com