ជាតិ
សេដ្ឋកិច្ច
ចង់គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព សាកអនុវត្តគន្លឹះទាំង៤ នេះ!
21, Dec 2023 , 7:59 am        
រូបភាព
ដ្បិតថាចំណេះដឹងហិរញ្ញវត្ថុ មិនមែនជាចំណេះដឹងទូទៅក៏ពិតមែន។ ប៉ុន្តែ វាជាបំនិនជីវិតដ៏ល្អមួយក្នុងការរស់នៅប្រចាំថ្ងៃដែលនាំ លោក-អ្នក សម្រេចនូវគោលដៅហិរញ្ញវត្ថុសម្រាប់ខ្លួនឯង គ្រួសារ និងអាជីវកម្ម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

 
ខ្ញុំសូមណែនាំនូវគន្លឹះសំខាន់ចំនួន៤ នៃចំណេះដឹងហិរញ្ញវត្ថុដែលធ្វើឱ្យលោក-អ្នក មានស្ថិរភាពផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនោះមាន៖ 
 

១. ត្រូវរៀបចំគម្រោងចំណូល-ចំណាយ 
ត្រង់ចំណុចនេះ ខ្ញុំសុំលើកឧទាហរណ៍មកពន្យល់ថា បើអ្នកមានចំណូល ១លានរៀល ក្នុងខែ តើត្រូវចាត់ចែងចំណូលឱ្យបានត្រឹមត្រូវយ៉ាងដូចម្តេច? ដើម្បីកុំមានកុំបញ្ហាខ្វះលុយចាយនៅចុងខែ អ្នកត្រូវសម្រេចចិត្តលើការចំណាយណាដែលចាំបាច់ និងមិនចាំបាច់។ ចំណាយចាំបាច់ គឺជាចំណាយថ្លៃម្ហូបអាហារ ថ្លៃសិក្សា ជួលផ្ទះ បង់ទឹក បង់ភ្លើង ជាដើម។ រីឯចំណាយមិនចាំបាច់វិញ មានដូចជា ការមើលកុន  ទិញខោវអាវ ឬសម្ភារៈនានាដែលមិនមែនជាតម្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃ។ 
 
២. ត្រូវកំណត់ផែនការសន្សំប្រាក់ 
លោក-អ្នកត្រូវមានទម្លាប់សន្សំប្រាក់ ចាប់ពីពេលនេះតទៅ។ ទោះមិនបានច្រើន! តែយ៉ាងក៏យើងត្រូវសន្សំប្រាក់ពី៥ទៅ១០ភាគរយនៃចំណូលប្រចាំថ្ងៃ ឬប្រចាំខែ របស់យើង។ ការសន្សំនេះ អាចធ្វើឱ្យយើងសម្រេចគោលដៅជីវិតអ្វីមួយ ជាពិសេសធ្វើឱ្យយើងមានប្រាក់បម្រុងសម្រាប់បង្ការហានិភ័យនានា។ ដូចជា៖ ពេលយើងឈឺថ្កាត់ គ្រោះថ្នាក់ជាយថាហេតុ ដូច្នេះយើងមានប្រាក់សន្សំដើម្បីចំណាយបន្ទាន់។ 
 
៣. ត្រូវចេះវិនិយោគ 
ការវិនិយោគនេះ មិនសំដៅទៅវិនិយោគលើភាគហ៊ុន ឬ វិនិយោគលើដីធ្លី ឬការវិនិយោគអ្វីធំដុំនោះទេ។ ប៉ុន្តែ ខ្ញុំចង់និយាយលើការវិនិយោគដែលទទួលបានផលចំណេញហើយមានស្ថិរភាពទៀត។ នោះ គឺការវិនិយោគជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការសន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ មិនបានចំណេញច្រើនដូចជាការលេងតុងទីនក៏ពិតមែន ក៏ប៉ុន្តែវាគឺមានសុវត្ថិភាពខ្ពស់ ហើយនេះជាចាប់ផ្តើមដ៏ល្អរបស់យើងមុននឹងឈានទៅរកវិនិយោគធំៗនៅក្នុងជីវិត។ 

៤. ត្រូវចេះគ្រប់គ្រង ឬដោះស្រាយបំណុល 
ការដែលយើងជាប់បំណុលគេ មិនមែនសុទ្ធតែអាក្រក់នោះទេ។ សំខាន់នៅពេលដែលយើងខ្ចីលុយគេ យើងត្រូវយកទៅធ្វើអ្វីឱ្យប្រាកដ និងមានគោលដៅ និងផែនការច្បាស់លាស់។ ឧទាហរណ៍យើងខ្ចីលុយគេ យកមករកស៊ី ដើម្បីចំណូលបន្ថែម ហើយសងគេវិញ នោះគឺការណ៍ល្អ តែបើយើងខ្ចីលុយគេប្រើខុសគោលដៅ ដូចជាទិញសម្ភារៈទំនើប ដូរឡាន ម៉ូតូ ឬដូរយក iPhone 15   គឺខុសហើយធ្វើឱ្យយើងធ្លាក់ក្នុងស្ថានភាពជាប់បំណុលច្រើនថែមទៀត។ ដូច្នេះ យើងត្រូវប្រើប្រាស់កម្ចីឱ្យចំគោលដៅ និងតម្រូវការជាក់ស្តែង៕
 

Tag:
 ចំណេះហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com