ជាតិ
សេដ្ឋកិច្ច
រដ្ឋ ប្រមូលពន្ធដារបាន ៣ ៣៤៧លានដុល្លារ ក្នុងរយៈពេល១១ខែ​
20, Dec 2023 , 6:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។​ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។​ រូបថត៖ GDT
រយៈពេល១១ខែមកនេះ អគ្គនាយកពន្ធដារប្រមូលចំណូលឱ្យបាន ១៣ ៥៥៦,០៦ ពាន់លានរៀល (ប្រមាណ​៣ ៣៤៧លានដុល្លារអាម៉េរិក)។ ចំណូលដែលសម្រេចបាននេះ គឺស្មើនឹង៩៣,៧១ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រចាំឆ្នាំ២០២៣។

 
ចំណូលជាតិនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៣ ក្រោមវត្តមានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩ធ្នូ។  បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងចំណោមចំណូលទាំងជាង ៣ ៣០០លានដុល្លារនេះ គឺមាន​៦៨,២៨លានដុល្លារ ជាចំណូលដែលបានពីការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិក (e-Commerce) របស់សហគ្រាសជាប់ពន្ធអនិវាសនជនចំនួន៨៣សហគ្រាស។ 
 
ដើម្បីសម្រេចឱ្យបាននូវចំណូលពន្ធដារតាមច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រចាំឆ្នាំ២០២៣  អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការគ្រប់គ្រងចំណូលពន្ធ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យភេសជ្ជៈ  ផលិតផលថ្នាំជក់ និងបារី ដោយធានាឱ្យបាននូវនិរន្តភាពចំណូលពន្ធ ដែលជាគុណប្រយោជន៍នៃថវិកាជាតិ៕ 
 
 

Tag:
 ពន្ធដារ
 ​ លោក គង់ វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com