សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃបង្កើតថ្នាក់រៀនឌីជីថលចំនួន១៥០០ ដើម្បីបង្រៀនសរសេរកូដដល់សិស្សជាង ១០ម៉ឺននាក់រាល់ឆ្នាំ
20, Dec 2023 , 8:29 pm        
រូបភាព
ថ្នាក់រៀនមួយកន្លែងនៅថៃ ។ រូបភាព ៖ The Nation
ថ្នាក់រៀនមួយកន្លែងនៅថៃ ។ រូបភាព ៖ The Nation
ថៃដាក់គោលដៅបង្កើតថ្នាក់រៀនឌីជីថលឲ្យ ១៥០០សាលាទូទាំងប្រទេសត្រឹមត្រីមាសទី១ ឆ្នាំក្រោយ។ ថ្នាក់រៀននេះ មានគោលបំណងផ្តល់ការសិក្សាជំនាញសរសេរកម្មវិធីកូដដល់សិស្ស ដើម្បីឆ្លើយតបនឹងកង្វះពលកម្មជំនាញក្នុងវិស័យនេះនាពេលអនាគត។

 
ថ្នាក់រៀនឌីជីថលចំនួន ១៥០០សាលានៅទូទាំងប្រទេសថៃ នឹងត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញជាង ១០ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ បើតាមក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ (DES) ថ្នាក់រៀនទាំងនេះនឹងត្រូវបានបំពាក់ដោយកុំព្យូទ័រ និងកម្មវិធីដែលត្រូវបានរចនាឡើង ដើម្បីបង្រៀនជំនាញសរសេរកូដដល់សិស្ស។
 
ថ្លែងនៅពិធីប្រកាសសម្ពោធថ្ងៃទី១៨ ខែធ្នូ លោករដ្ឋមន្រ្តី Prasert Jantararuangtong បានលើកឡើងពីសារៈសំខាន់នៃគម្រោងដែលត្រូវដាក់ឈ្មោះថាការសរសេរកូដសម្រាប់ជីវិតកាន់តែប្រសើរ ការកសាងមូលនិធិសម្រាប់អនាគតថៃ។ លោកបានសង្កត់ធ្ងន់លើតួនាទីនៃគំនិតផ្តួចផ្តើមនេះ ក្នុងការលើកកម្ពស់ទេពកោសល្យឌីជីថលនៅក្នុងសង្គមថៃ ដែលជាកត្តាសំខាន់ជួយឲ្យប្រទេសនេះអាចធ្វើជាម្ចាស់នៃយុគសម័យសេដ្ឋកិច្ចឌីជីថល។
 
បើតាមលោករដ្ឋមន្ត្រី Prasert  បច្ចុប្បន្នថៃត្រូវការបុគ្គលិកឌីជីថលជាមធ្យម ១០ម៉ឺននាក់ក្នុងមួយឆ្នាំ ខណៈដែលវិស័យអប់រំបណ្តុះបណ្តាលបុគ្គលក្នុងវិស័យនេះត្រឹមតែ ២,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ ដូច្នេះបើ​គ្មាន​វិធានការ​ដោះស្រាយ​គម្លាត​នេះ​ទេ ថៃ​នឹង​ប្រឈម​នឹង​វិបត្តិខ្វះធនធានមនុស្សដើម្បបំពាក់ក្នុងវិស័យនេះ។ 
 
ទន្ទឹមនេះ នាយកប្រតិបត្តិ និងជាប្រធានទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថល លោក Nuttapon Nimmanpatcharin បានលើកឡើងថា នៅក្នុងកម្មវិធីការសរសេរកូដសម្រាប់ជីវិតកាន់តែប្រសើរនេះ វគ្គសិក្សាឯកទេសផ្នែកភាសាសរសេរកូដនឹងត្រូវបានបង្រៀនដែរ។ 
 
លើសពីនេះ ទីភ្នាក់ងារនឹងផ្តល់ជូនសម្ភារៈបន្ថែមពីដៃគូរបស់ខ្លួនរួមមាន ឧបករណ៍បង្រៀន និងរៀនដែលប្រើប្រាស់ក្នុងកម្មវិធីសិក្សា ដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ថេប្លេត ឧបករណ៍សរសេរកូដ និងមនុស្សយន្តជាដើម ។
 
បន្ថែមពីលើការអភិវឌ្ឍលើជំនាញសរសេរកូដ និងប្រព័ន្ធអេកូឌីជីថលដែលពាក់ព័ន្ធ លោក Nuttapon បានឲ្យដឹងថា ទីភ្នាក់ងារនឹងជំរុញការបណ្តុះបណ្តាលគ្រូយ៉ាងហោចណាស់ ៣ពាន់នាក់ និងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចំនួន២០ នៅក្នុងការបង្រៀនជំនាញទាក់ទងនឹងការអភិវឌ្ឍសរសេរកូដទាំង៣ កម្រិតរួមមាន មូលដ្ឋាន មធ្យម និងខ្ពស់។
 
ជាពិសេស ដើម្បីលើកកម្ពស់ជំនាញសរសេរកូដក្នុងចំណោមយុវជនថៃ ទីភ្នាក់ងារនឹងរៀបចំការប្រកួតសរសេរកូដអន្តរជាតិព្រមទាំងផ្តល់រង្វាន់សរុបជាង ១លានបាត (២,៨ម៉ឹនដុល្លារ)ផងដែរ។
 
ជារួម សាលារៀនប្រមាណ ៧០០សាលាបានចុះឈ្មោះសម្រាប់កម្មវិធីរួចរាល់នេះ ហើយទីភ្នាក់ងាររំពឹងថា នឹងសម្រេចគោលដៅរបស់ខ្លួនចំនួន ១៥០០សាលានៅត្រីមាសទី១ ឆ្នាំក្រោយ៕ 
 

Tag:
 ឌីជីថល
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com