RFI
អន្តរជាតិ
តុលាការ​វៀតណាមនឹងកាត់ទោសសេដ្ឋី​អចលនទ្រព្យ​ម្នាក់ពី​បទ​គៃ​បន្លំ​លុយ ​១២,៥ ពាន់​លាន​ដុល្លារ
21, Dec 2023 , 8:29 am        
រូបភាព
មហាសេដ្ឋី ជឿង មី ឡាន ម្ចាស់ក្រុមហ៊ុន វ៉ាន់ ធីញ ហ្វាត់
មហាសេដ្ឋី ជឿង មី ឡាន ម្ចាស់ក្រុមហ៊ុន វ៉ាន់ ធីញ ហ្វាត់
ដោយ៖ហេង ឧត្តម
 
ក្នុង​​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយរបស់​វៀតណាម​ តុលាការ​នៅ​ក្រុង​ហូជីមិញនឹង​​បើ​កសវនាការជម្រះ​ក្តី​កាត់ទោស មហាសេដ្ឋី​អចលនទ្រព្យដ៏​ល្បីល្បាញ​ម្នាក់​ អ្នកស្រី ជឿង មី ឡាន ​អំពីបទ​​គៃ​បន្លំលុយ​ ​១២,៥ ពាន់​លាន​ដុល្លារ​​​។​ នេះបើតាមការ​​ប្រកាសដំណឹង​របស់​រដ្ឋអំណាច​វៀតណាម កាលពីថ្ងៃអាទិត្យ ​ទី​១៧ធ្នូ​  តែរដ្ឋាភិបាល​ក្រុង​ហាណូយ ​ពុំ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ថ្ងៃ​បើកសវនាការ​ដំបូង ឲ្យ​ជាក់លាក់​នោះឡើយ។

មហាសេដ្ឋី ជឿង មី ឡាន ម្ចាស់​ក្រុម​ហ៊ុន វ៉ាន់ ធីញ ហ្វាត់ ​ដែល​បាន​បង្កើត​តាំង​ពី​ឆ្នាំ១៩៩២​ ដោយ​មាន​ជំនួញវិនិយោគ​ជាច្រើន រាប់ទាំង​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន សំណង់ និង​ អចលនទ្រព្យ ​ព្រមទាំង​វិស័យ​ហិរញ្ញវត្ថុធនាគារ ទៀត​ផង​។​
 
បើតាម​គេហទំព័រ​ផ្លូវការ​របស់​រដ្ឋអំណាចក្រុង​ហាណូយ គឺ​ មហាសេដ្ឋី ជឿង មី ឡាន ត្រូវ​រដ្ឋអាជ្ញា​​វៀតណាម ​ចោទ​ប្រកាន់ ជាច្រើន​បទល្មើស​។ ក្នុងនោះ មាន​បទល្មើស​គៃបន្លំ បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង បទ​រំលោភ​ច្បាប់​ធនាគារ​។ តា​មប្រភព​ដដែល​ អ្នកស្រី ជឿង មី ឡាន ធ្លាប់​បាន​ធ្វើ​សំណើបន្លំ​ខ្ចី​​ប្រាក់​ធនាគារ​ ពី​ធនាគារ​ពាណិជ្ជកម្ម​សៃហ្គន ដែល​ក្រុម​ហ៊ុន​របស់​អ្ន​កស្រី​ មាន​ភាគហ៊ុន​គ្រប់គ្រង​ ជាង​ ៩០%។ 
 
ចាប់ពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២ អ្នកស្រី​បាន​បញ្ជាឲ្យ​ធ្វើ​សំណើបន្លំ​ខ្ចីប្រាក់ ចំនួន ៩១៦ លើក ដែលសរុប​ស្មើ​នឹង​ទំហំ​ទឹកប្រាក់ ៣០៤ ០០០ ពាន់​លាន​ដុង (ស្មើនឹងប្រហែល ១២,៥ ពាន់​លាន​ដុល្លារ​)។​ ទឹកប្រាក់​នេះ ស្ទើរតែស្មើ​នឹង ​៣% នៃ​ទំហំ​ប្រាក់​ចំណូល​ក្នុង​ស្រុក​សរុប។
 
នេះបើតាម​បទ​ចោទប្រកាន់​របស់​រដ្ឋ​អាជ្ញា ហើយ​និង​បញ្ជាក់ទៀតថា ក្នុង​សំណុំ​រឿង​បទ​គៃ​បន្លំ​លុយនេះ មាន​មនុស្ស​ ៨៥ នាក់ផ្សេងទៀត ក៏​ជាប់​ក្នុង​បទ​ចោទប្រកាន់។ ក្នុងនោះ ក៏មាន​ដែរ អតីត​បុគ្គលិករដ្ឋម្នាក់ របស់​​ធនាគារ​រដ្ឋ​វៀតណាម​ ដែល​បាន​ទទួល​សំណូក​ ៥,២ លា​នដុល្លារ ក៏​នឹងត្រូវ​ទទួល​ទោស។​
 
ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ រដ្ឋអំណាច​វៀតណាម បាន​ធ្វើ​យុទ្ធនាការទប់ស្កាត់អំពើ​ពុករលួយ​យ៉ាង​ច្រើន​ ប្រឆាំងមន្ត្រីរដ្ឋាភិបាល និង​ អ្នក​ជំនួញ​ធំៗគ្រាក់​ៗ​ក្នុងប្រទេស។ ជាក់ស្តែង​ ចាប់តាំងពីឆ្នាំ២០២១ គឺ​មនុស្សជាង ៣ ៥០០ នាក់​ត្រូវ​រដ្ឋអាជ្ញា​ចោទប្រកាន់​ ហើយក្នុងនោះ មាន ១ ៣០០ នាក់ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ពុករលួយ​។​ អ្នក​ដឹកនាំ​យុទ្ធនាការ​ប្រឆាំងអំពើពុករលួយ​នេះ គឺ​​លោក ង្វៀន ភូចុង ​​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម។ កាល​ពីខែមុន ​ប្រធានាធិបតីវៀតណាមរូបនេះ ក៏​​បាន​លើកឡើងថា​នឹង​បន្ត​«កម្ចាត់​អំពើ​ពុករលួយ​ឲ្យ​បាន​លឿននិង​ឲ្យ​មាន​ប្រសិទ្ធភាព»។​
 
នៅ​ខែ​វិច្ឆិកាកន្លងទៅ អគ្គនាយកក្រុមហ៊ុន​ផលិត​ភេសជ្ជៈ Tân Hiệp Phát ហើយ​និងប្រធាន​ក្រុម​ហ៊ុន​អចលនទ្រព្យ​ Tân Hoàng Minh Group ដែលមាន​ឈ្មួញ​និវិយោគទុន​ជាង ៦ ៥០០នាក់​ ក៏​ត្រូវ​រង​បទ​ចោទប្រកាន់​របស់​រដ្ឋអាជ្ញា​វៀតណាម​ដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com