កីឡាអន្តរជាតិ
អន្តរជាតិ
តារាយូធូប Jake Paul ក្លាយជាអ្នកណែនាំ ក្រុមកីឡាករប្រដាល់អាម៉េរិក នៅអូឡាំពិកប៉ារីស
21, Dec 2023 , 8:59 am        
រូបភាព
Jake Paul តារាយូធូបដ៏ល្បី និងជាកីឡាករប្រដាល់អាជីពរបស់អាម៉េរិក នឹងក្លាយជាអ្នកជួយណែនាំ ក្រុមកីឡាករប្រដាល់ជម្រើសជាតិអាម៉េរិកពីពេលនេះទៅរហូតដល់កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤។ នេះបើតាមការប្រកាសរបស់ស្ថាប័នកីឡាប្រដាល់អាម៉េរិក (USA Boxing) នាថ្ងៃទី១៩ ខែធ្នូ។



បើតាមសេចក្តីប្រកាស USA Boxing កីឡាករ Jake Paul នឹងចែករំលែកពីបទពិសោធន៍ពីការប្រកួត របស់គេ និងភាពប៉ិនប្រសប់ក្នុងការកសាងភាពល្បីល្បាញបានលឿនរហ័ស ដើម្បីណែនាំអ្នកប្រដាល់ស្ម័គ្រចិត្តលំដាប់កំពូលអាម៉េរិក រួមមានកីឡាករ Joshua Edwards និង Morelle McCane។
 
«វាគឺតែងតែជាគោលដៅរបស់ខ្ញុំ ដើម្បីបំភ្លឺការយកចិត្តទុកដាក់ មិនត្រឹមតែលើកីឡាប្រដាល់ប៉ុណ្ណោះទេ ប៉ុន្តែគឺផ្តោតលើមនុស្សដែលខិតខំធ្វើការដើម្បីក្លាយជាកីឡាករល្អបំផុត។ ផ្នត់គំនិតនៃការស្វែងរកភាពអស្ចារ្យគឺជាអ្វីដែលខ្ញុំបានឃើញ និងចែករំលែកដោយផ្ទាល់ជាមួយនឹង​ Mo McCane, Joshua Edwards ដែលជាអ្នកមានទេពកោសល្យប្រដាល់របស់ Team USA។ Jake Paul បាននិយាយបែបនេះនៅក្នុងសន្និសីទពីសេចក្តីប្រកាសរួមគ្នាជាមួយ Boxing USA។ 
 
លើសពីនេះ Paul ដែលបច្ចុប្បន្នទើបតែមានវ័យត្រឹមតែ ២៦ឆ្នាំ បានចាត់ទុកការប្រកួតកីឡាអូឡាំពិកជាព្រឹត្តិការណ៍ដ៏ធំបំផុតលើពិភពលោក ហើយគេក៏មានមោទកភាពសម្រាប់ការណែនាំដល់កីឡាករប្រដាល់របស់អាម៉េរិក និងបានបង្រៀនដល់កីឡាករវ័យក្មេង ឱ្យមានគោលដៅសម្រាប់ការប្រជែងយកមេដាយមាស។
 
តារាល្បីនៅបណ្តាញសង្គមរូបនេះ នឹងរួមចំណែកជាមួយនឹងក្រុមអត្តពលិកអាជីពលើកដំបូង និងជាអ្នកមានឥទ្ធិពលបានចាប់ដៃគូជាមួយនឹងក្រុមកីឡាករអាម៉េរិក សម្រាប់ការប្រកួតអូឡាំពិក ហើយគេនឹងចូលរួមអំឡុងពេលហ្វឹកហាត់ដែលធ្វើឡើងនៅកន្លែងហ្វឹកហាត់របស់គេផ្ទាល់ក្នុងរដ្ឋ Colorado Springs និងនៅការប្រកួតអូឡាំពិកទីក្រុងប៉ារីសដោយផ្ទាល់។

ការប្រកួតអូឡាំពិកទីក្រុងប៉ារីស ការប្រកួតវិញ្ញាសារប្រដាល់ និងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ដោយការបំពាក់មេដាយនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន​ Roland Garros ដែលជាទីកន្លែងធ្លាប់រៀបចំការប្រកួតកីឡាវាយកូនបាល់តេស្តន្នីស៕

Tag:
 Jake Paul
  អូឡាំពិក
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com