ជាតិ
សម្តេច ហ៊ុន ម៉ាណែត ឱ្យអ្នកសារព័ត៌មានឆ្លុះបញ្ចាំងពីភាពអសកម្មក្នុងសង្គមដើម្បីរដ្ឋាភិបាលស្រាយបញ្ហាចំគោលដៅ
21, Dec 2023 , 9:46 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត បានផ្ញើសារជូនវេទិកានិពន្ធនាយកសារព័ត៌មានលើកទី២០ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែធ្នូ នេះ។ ជាមួយនឹងការវាយតម្លៃខ្ពស់លើការងារស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ប្រមុខរដ្ឋាភិបាល ក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ ក្នុងនោះ សម្តេចសុំឱ្យសារព័ត៌មានបន្តធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មក្នុងសង្គម ដើម្បីឱ្យមានដំណោះស្រាយចំគោលដៅ មានប្រសិទ្ធភាព។



វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តនៅពេលខាងមុខ។ ក្រោមប្រធានបទ «ក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន» សម្តេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា វេទិកានេះ ពិតជាមានសារសំខាន់បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យមានការយកចិត្ត ទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជន។

តាមរយៈសារជូនវេទិកានិពន្ធនាយក សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាកម្លាំងចលករ ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឱ្យមានការរីកចម្រើនដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ ជាមួយគ្នានេះ សម្តេចបានកោតសរសើរចំពោះសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រនានាកន្លង។

សម្រាប់សម្តេច ហ៊ុន ម៉ាណែត ស្ថាប័នសារព័ត៌មាន គឺជាដៃគូដែលមិនអាចខ្វះបាន ដោយរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្តុះបណ្តាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។

នៅអាណត្តិទី៧នេះ រដ្ឋាភិបាលបន្តអនុវត្តតាមការសម្តេចរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី លើការលើកលែងពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ ជាបន្ទុក របស់រដ្ឋសម្រាប់រយៈពេល៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃអាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាព សារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០ភាគរយដើម្បីជួយសម្រួលបន្ទុករបស់អ្នកសារព័ត៌មាន ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល។

«ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាចំគោលដៅមានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល»។ នេះជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍នានារបស់នាយករដ្ឋមន្ត្រី ចំពោះអង្គវេទិកានិពន្ធនាយកលើកទី២០។

ដើម្បីទប់ស្កាត់បញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត សម្តេច ហ៊ុន ម៉ាណែត ស្នើស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មានបន្តចូលរួមថែរក្សាសន្តិភាព និងលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

ការផ្តល់ព័ត៌មានពិតអំពីសភាពការណ៍ពិតនៅកម្ពុជា ការផ្សព្វផ្សាយគោលនយបាយរបស់រដ្ឋាភិបាលទៅកាន់ពលរដ្ឋ ការអប់រំផ្សព្វផ្សាយពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព សុទ្ធតែត្រូវការការចូលរួមពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់វេទិកានិពន្ធនាយកឱ្យបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ រួមពង្រឹងការបណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បី លើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន៕



© រក្សាសិទ្ធិដោយ thmeythmey.com