ជាតិ
សៀមរាប៖ សិទ្ធិប្រាសាទ ឬសិទ្ធិមនុស្ស?
21, Dec 2023 , 10:59 am        
រូបភាព
ដោយ៖ លោក សៀម រាប​

សៀមរាប៖ ក្នុងរយៈពេលចុងក្រោយនេះ មានការជជែកគ្នាច្រើនជុំវិញការបំលាស់ទីប្រជា ពលរដ្ឋ​មួយ​ចំនួន​ដែល​​រស់នៅលើដីតំបន់ការពារនៃបេតិកភណ្ឌពិភព​លោកអង្គរ​(តំបន់អង្គរ) ទៅ​កាន់តំបន់រុន​តាឯក និងពាក់ស្នែង​ដែ លមានចម្ងាយប្រមាណជា​​​៤០គីឡូម៉ែត្រ ពីទីតាំង​ចាស់។ បើយោងតាមអ្នកជំនាញបេតិកភណ្ឌ ការបំលាស់ខាងលើនេះ​ គឺជាការ​សង្រ្គោះ​​រមណីយដ្ឋានអង្គរមិនឲ្យធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ឡើងវិញ។ តែអង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្លះ មិនពេញចិត្តនឹងការបំលាស់ទីនេះឡើយ។  
 
ខ្ញុំក្នុងនាមជាប្រជាពលរដ្ឋម្នាក់ និងក្នុងនាមជាអ្នកស្រឡាញ់បេតិកភណ្ឌ ជាពិសេសរមណីយ​ដ្ឋាន​អង្គរនៅក្នុងខេត្តសៀមរាប ខ្ញុំសូមរម្លឹក​សាវតានៃការវែកញែកគ្នា ​​រវាងអ្នក​ការពារ​សិទ្ធិ មនុស្ស និងអ្នកថែរក្សា-អភិរក្ស-ស្រឡាញ់បេតិកភណ្ឌបន្តិចជាមុនសិន។ 
 
ជាដំបូង ការប្រើប្រាស់ពាក្យពេចន៍។ អ្នកការពារសិទ្ធិមនុស្សដែលជំទាស់ទៅនឹងការបំលាស់​ទី​ប្រជា​ពលរដ្ឋ​​ចេញពីតំបន់ថែរក្សាបេតិកភណ្ឌ បានប្រើប្រាស់ពាក្យ«បណ្តេញចេញ» ឬ​ជម្លៀស​​ចេញ។ រីឯ អ្នកស្រឡាញ់ ឬអ្នក​ការពារបេតិកភណ្ឌ បានប្រើប្រាស់​ពាក្យ «បំលាស់​ទី»។ 
 
ខ្ញុំគ្រាន់តែចង់បង្ហាញសាវតានៃរឿងរ៉ាវបន្តិចថា តើហេតុដូចម្តេចបានជាមានគោលនយោបាយ​បំលាស់ទី​ប្រជាពលរដ្ឋចេញពីតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ? តើជីវិតប្រាសាទ និងជីវិតមនុស្ស​មួយណា​សំខាន់ជាង? 
 
ផ្អែកលើការវិវត្តនៃរឿង គឺថាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារហេតុផល​សេដ្ឋកិច្ច និងហេតុផលផ្សេងៗទៀត ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បាន​មកបោះទីតាំងខុស​ច្បាប់ នៅលើដី​តំបន់​ការពារនៃបេតិកភណ្ឌពិភពលោកអង្គរ។ នៅក្នុងធម្មនុញ្ញអង្គរ ប្រជា​ពលរដ្ឋ​មិនអាចមកតាំងទីលំនៅ នៅលើដីកេរដំណែលបេតិកភណ្ឌនៃមនុស្សជាតិនេះ​បាន​ឡើយ។ ទង្វើនេះ វាខុសច្បាប់ និងបំផ្លាញតម្លៃ​ជាសកលនៃ​រមណីយដ្ឋានអង្គរ ដែល​ត្រូវបាន​គេ​ចាត់ទុក​ជាបេតិ​ភណ្ឌពិភពលោកនៃ​មនុស្សជាតិ។
 
សូមរម្លឹក​ថា នៅឆ្នាំ​១៩៩២ អង្គការយូណេស្កូ ​បានចុះឧទ្យានអង្គរនៃ​ព្រះរាជាណា​ចក្រកម្ពុជា​ទៅ​ក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោកនៃ​មនុស្សជាតិ នៅក្នុងសម័យ​ប្រជុំលើកទី១៦ ​នៃ​គណៈ​កម្មាធិការបេតិកភណ្ឌពិភពលោក នៅក្រុងសាន់តាហ្វេ សហរដ្ឋ​អាម៉េរិក ក្រោមគំនិតផ្ដួចផ្ដើម​របស់​ព្រះបាទ សម្ដេច ​ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ។ ការចុះ​បញ្ជីខាង​លើនេះ មានន័យថា អង្គរយូណេស្កូ មានកាតព្វកិច្ចក្នុងកម្រិតណាមួយនោះ ក្នុងការ​ការពារ និងថែរក្សា​រមណីយដ្ឋានអង្គរ។ 
 
ដោយសារកាតព្វកិច្ចនេះហើយ ទើបអង្គរការយូណេស្កូ ធ្លាប់បានព្រមានប្រាប់អាជ្ញាធរជាតិ អប្សរា និងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនលើកច្រើនសា​ថា វត្តមានប្រជាពលរដ្ឋកាន់​តែ​ច្រើន និងខុសច្បាប់នៅលើដីការពារបេតិកភណ្ឌតំបន់អង្គរ អាចគំរាមកំហែងតម្លៃ​ជាសកល​​នៃ​តំបន់​អង្គរ ហើយរមណីយដ្ឋានអង្គរ អាចត្រូវបានគេដកចេញពីបញ្ជីបេតិកភណ្ឌ​នៃមនុស្ស​ជាតិ។ តាមរយៈការចុះបញ្ជីនេះ រមណីយដ្ឋានអង្គរត្រូវបានគេការ​​ពារ ថែ​រក្សា ជួសជុល និងដកចេញពីបញ្ជីបេតិកភណ្ឌស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។ 
 
ខ្ញុំសូមបញ្ជាក់បន្ថែមទៀតថា មិនត្រឹមតែរស់នៅខុសច្បាប់លើតំបន់ការពារបេតិកភណ្ឌទេ តែ​ប្រជាពល​រដ្ឋមួយចំនួនធំរស់នៅដោយមិនស្របច្បាប់(ដីគ្មានប្លង់) គ្មានអនាម័យ គ្មានហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រឹមត្រូវឡើយ។ បើនិយាយពីសិទ្ធិមនុស្ស ពួកគេមិនមានសិទ្ធិរស់នៅដោយ​សេចក្តីថ្លៃថ្នូរ​ឡើយ។ 
 
ងាកមកនិយាយពីអ្នករិះគន់គោលនយោបាយបំលាស់ទីវិញ ពួកគេថា នេះមិនមែនជាការ​បំលាស់ទីទេ តែជាការបណ្តេញប្រជាពលរដ្ឋចេញពីកន្លែងចាស់ផ្លាស់ទៅកន្លែងថ្មី ដោយយក​ពួកគេទៅទុក​ចោលនៅតំបន់​រុនតាឯក ​ដែលគ្មានអ្វីៗទាំងអស់។ តាមពិត កន្លែងថ្មីមាន​អ្វីៗគ្រប់​យ៉ាង គ្រាន់តែថា អ្វីៗត្រូវការពេលវេលាបន្តិច។ កន្លែងថ្មីមានហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ។ល។ 
 
នៅទីបញ្ចប់ ខ្ញុំសូមទាញចំណាប់អារម្មណ៍អ្នកអានបន្តិចថា ផ្អែកលើគោលនយោបាយរបស់​អ្នក​ស្រឡាញ់ និងការពារបេតិកភណ្ឌ ការបំលាស់ទីខាងលើ គឺជាសកម្មភាព​ជួយសង្រ្គោះ​រមណីយ​ដ្ឋានអង្គរទេតើ។ សង្រ្គោះតម្លៃជាសកលរបស់រមណីយដ្ឋានអង្គរទេតើ។ សង្រ្គោះ​អង្គរ មានន័យថា សង្រ្គោះសេដ្ឋកិច្ចជាតិខ្មែរទាំងមូល តាមរយៈសកម្មភាពទេសចរណ៍​។ 
 
សិទ្ធិរបស់ប្រាសាទ ឬសិទ្ធិមនុស្ស? 

រមណីយដ្ឋានអង្គរ ត្រូវបានគេចាត់ទុកជាតួអង្គស័ក្តិសិទ្ធ។ ស័ក្តិសិទ្ធ ព្រោះ អង្គរ ជាទីកន្លែង ដែលគ្រប់គ្នាបង្ហាញសេចក្តីស្រឡាញ់ បង្ហាញការក្រៀមក្រំ និងសុំសេចក្តីសុខពីអង្គរ។ រីឯអង្គរ​វិញ ក៏បានប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់​មនុស្សជាតិ តាមរយៈ​ប្រវត្តិរបស់រមណីដ្ឋានអង្គ។ ប្រាង្គប្រាសាទ មិនត្រឹមជាដុំថ្មធម្មតាប៉ុណ្ណោះទេ តែ​ថ្មនៅទីនេះ គឺជាថ្មមានព្រលឹង និងអាច​បង្ហាញ​ប្រាប់​គ្រប់រឿងរ៉ាវកាលពីអតីតកាលនៃជនជាតិខ្មែរ។ ដូច្នេះ ថ្មដែលបង្កើត​ជាប្រាង្គ​ប្រាសាទ ក៏ត្រូវមានសិទ្ធិរស់រានមានជីវិត ដូចមនុស្សដែរ។ រីឯមនុស្សវិញ ក៏មាន​សិទ្ធិរស់​នៅ​ដោយ​សមរម្យ និងសេចក្តីថ្លៃថ្នូរផងដែរ។ តែសំណូមពររបស់ខ្ញុំ គឺថា សូម​កុំឲ្យ​មនុស្ស​ទាំងឡាយទៅទន្រ្ទាន ឬរំខាន​ជីវិតប្រាសាទ ជាពិសេសនៅលើ​ទីតាំង​តំបន់​ការពារ​នៃបេតិក​ភណ្ឌ។ 

មនុស្ស ក៏មានសិទ្ធិ រីឯប្រាសាទ ក៏មានសិទ្ធិដែរ។ ប្រាសាទដើម្បីមនុស្ស-មនុស្សដើម្បី ប្រាសាទ៕ 
 

Tag:
 លិខិតមិត្តអ្នកអាន
© រក្សាសិទ្ធិដោយ thmeythmey.com