កីឡាអន្តរជាតិ
អន្តរជាតិ
Neymar នឹងខកខានជួយប្រេស៊ីលប្រជែងពាន Copa America ឆ្នាំ​ ២០២៤
21, Dec 2023 , 2:36 pm        
រូបភាព
Neymar Jr នឹងខកខានជួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតពានរង្វាន់ Copa America  ដែលធ្វើឡើងក្នុងប្រទេសអាម៉េរិក ដោយសារបញ្ហារបួសតាំងពីខែតុលាមក។ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យប្រចាំក្រុមជម្រើសជាតិលោក Rodrigo Lasmar នៅថ្ងៃទី១៩​ ខែធ្នូ។



កីឡាករវ័យ ៣១ឆ្នាំ​ របស់ក្រុម Al Hilal បានរងរបួសដាច់សរសៃពូ ACL និងជង្គង់ធ្ងន់ធ្ងរនៅជើងខាងឆ្វេងរបស់គេអំឡុងពេលលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល នៅក្នុងការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូង។ កាលនោះប្រេស៊ីលចាញ់អ៊ុយរូហ្កាយ នាថ្ងៃទី១៧ ខែតុលា មុនពេល Neymar ត្រូវបញ្ជូនទៅវះកាត់នៅ ២សប្តាហ៍ក្រោយការប្រកួត។
សម្រាប់ពានរង្វាន់ Copa America នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃផ្តាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែកក្កដា។
 
«វាពិតជាលឿនពេក វាគ្មានចំណុចអ្វីទេក្នុងការរំលងជំហ៊ានដើម្បីងើបឡើងវិញឱ្យឆាប់រហ័ស និងទទួលយកហានិភ័យដែលមិនចាំបាច់ ឬការរំពឹងទុករបស់យើងគឺថាគាត់នឹងត្រូវបានរៀបចំត្រឡប់មកវិញនៅដើមរដូវកាល ២០២៤ នៅអឺរ៉ុបដែលត្រូវនឹងខែសីហា។ យើងត្រូវការពេលវេលាអត់ធ្មត់បន្ថែមទៀត […] បើយើងធ្វើតាមពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្រោយពេលការព្យាបាលពេលយូនោះ ការរំពឹងទុកចំពោះការបង្ហាញនៅកម្រិតខ្ពស់របស់គេក៏មានខ្ពស់ខ្លាំងដូចគ្នាដែរ។»។ នេះបើតាមសម្តីលោក Lasmar បានប្រាប់ទៅកាន់កាសែត Brazil’s Rede 98។
 
Neymar គឺជាកីឡាករប្រេស៊ីលដែលរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់ប្រចាំក្រុមជម្រើសជាតិ ដោយគេរកបាន ៧៩គ្រាប់ ពីការបង្ហាញខ្លួន ១២៩លើក។ 
 
នៅក្នុងការប្រកួតពានរង្វាន់ Copa America ឆ្នាំក្រោយ ក្រុមប្រេស៊ីលត្រូវបានចាប់ពូលចូលក្នុងពូល D ឱ្យស្ថិតនៅជាមួយនឹងក្រុម កូឡុំប៊ី, ប៉ារ៉ាហ្កាយ ព្រមទាំងក្រុមដែលនឹងឈ្នះការប្រកួតវគ្គ Playoffs រវាងក្រុមកូស្តារីកា និងហុងឌូរ៉ាស។ យ៉ាងណាក្រុមប្រេស៊ីល ក៏បានប្រកាសដូចគ្នាផងដែរ នាថ្ងៃទី១៩ ខែធ្នូ ដោយក្រុមនឹងត្រូវប្រកួតមិត្តភាពទល់នឹងម៉ិកស៊ិក នៅថ្ងៃទី៨ ខែមិថុនា មុនការប្រកួតប្រជែង Copa America បានមកដល់។ 
 
ការប្រកួត Copa America ធ្វើឡើងនៅក្នុងប្រទេសអាមេរិក គឺជាលើកទី២ ហើយក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីប្រទេសនេះបានរៀបចំនៅឆ្នាំ ២០១៦ ហើយការប្រកួតលើកនេះមានប្រទេស ៦ មកពីតំបន់ទ្វីបអាមេរិកខាងជើង (CONCACAF) និង​ ១០ក្រុមមកពីទ្វីបអាមេរិកខាងត្បូង (CONMEBOL)៕

Tag:
 Neymar Jr
  Copa America
© រក្សាសិទ្ធិដោយ thmeythmey.com