សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីនអនុម័តផែនការចំណាយប្រចាំឆ្នាំ ១០៣ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចប្រទេស
21, Dec 2023 , 7:29 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr។ រូបភាពX_Bongbong Marcos
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr។ រូបភាពX_Bongbong Marcos
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី២០ ខែធ្នូ បានចុះហត្ថលេខាលើ សេចក្ដីព្រាងច្បាប់មួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលប្រើប្រាស់ថវិការជាតិចំនួន ១០៣,៣៦ ពាន់លានដុល្លារ ក្នុងការផែនការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការជំរុញកំណើនសេដ្ឋកិច្ច។

 
ក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីការអនុម័តថវិកា ១០៣,៣៦ ពាន់លានដុល្លារ លោក Marcos មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក ប្តេជ្ញាគ្រប់គ្រងសារពើពន្ធឱ្យ​បានល្អ និងសន្យាចំណាយថវិកាដ៏ច្រើនសន្ធឹកនេះ ប្រកបដោយប្រសិទ្ធភាព។ ថវិកានេះគឺច្រើន ជាងជិត ១០ ភាគរយនៃផែនការចំណាយឆ្នាំ ២០២៣។
 
«ពួកយើងអាចប្រហែស ជ្រើសយកមធ្យោបាយងាយស្រួល ខ្ជី (ប្រាក់)​ និងធ្វើឱ្យកូនៗរបស់ពួកយើងទទួល បន្ទុក នៅពេលខាងមុខ។ ប៉ុន្តែបំណុលមិនមែនជាកេរ្តិ៍ដំណែលដែលពួកយើងចង់ បន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយនោះឡើយ»។ លោក Marcos សង្កត់ធ្ងន់បែបនេះដោយ សំដៅលើតម្រូវការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការរក្សាអត្រាបំណុលទាបដើម្បីធានាកំណើនសេដ្ឋកិច្ច។
 
យ៉ាងណាមិញ បច្ចុប្បន្នរដ្ឋាភិបាលមិនទាន់បានបង្ហាញពីការបែកចែកថវិកាលម្អិតនៅឡើយ ប៉ុន្តែរដ្ឋធម្មនុញ្ញប្រទេសចែងថា វិស័យអប់រំត្រូវទទួលបានចំណែកធំមួយនៃថវិកាជាតិ។
 
គួរបញ្ជាក់ថា ក្រោយពីជួបនឹងការកើនឡើងនៃអតិផរណា ហ្វីលីពីនរំពឹងថា ឆ្នាំ ២០២៤ ក៏ជា ឆ្នាំដ៏លំបាកមួយ ខណៈដែលប្រទេសកំពុងប្រឈមមុខនឹងបាតុភូតអាកាសធាតុ El Nino ដែលប៉ះពាល់យ៉ាងខ្លាំងជាពិសេសដល់វិស័យកសិកម្ម។
 
រដ្ឋាភិបាលក៏បានកាត់បន្ថយគោលដៅកំណើនផលិតផលក្នុងស្រុកសម្រាប់ឆ្នាំ ២០២៤ ដែលមាន ៦,៥ ភាគរយ ទៅ ៨ភាគរយ មកត្រឹម ៦,៥ ភាគរយទៅ ៧,៥ ភាគរយដោយការគិត គូរពីផលប៉ះពាល់ខ្លាំងនៃអាកាសធាតុដែលនឹងធ្វើឱ្យទិន្នផលកសិកម្មធ្លាក់ចុះ។ សម្រាប់ថវិកាឆ្នាំ ២០២៥ រដ្ឋាភិបាលបង្ហើបថា ពួកគេនឹងចំណាយ ១០៩,៥១ ពាន់លានដុល្លារ៕

Tag:
 ហ្វីលីពីន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com