ជាតិ
សង្គមជាតិ
មហាផ្ទៃ បញ្ជាឱ្យ ស៊ើបអង្កេត មន្ត្រីថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ រហូតដល់អភិបាលខេត្ត
21, Dec 2023 , 3:08 pm        
រូបភាព
សាលាខេត្តបន្ទាយមានជ័យ។ រូបពី រដ្ឋបាលខេត្តបន្ទាយមានជ័យ
សាលាខេត្តបន្ទាយមានជ័យ។ រូបពី រដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងមហាផ្ទៃចំនួន១០រូប ឱ្យចុះទៅស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃ លើពីការអនុវត្តតួនាទី និងភារកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយប្រើពេលត្រឹមរយៈពេល៣ថ្ងៃ។

 
បើតាមលិខិតបង្គាប់ការ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ធ្នូនេះ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នឹងដឹកនាំក្រុម ចុះទៅពិនិត្យការងារ។ លើសពីនេះ នឹងជួបសម្ភាសន៍ជាមួយ លោក ប្លែង រ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាលខេត្ត, អភិបាលរងខេត្តទាំង១០រូប រួមទាំងក្រុមប្រឹក្សាខេត្ត៥រូប។ ក្រៅពីនេះ នាយករដ្ឋបាលខេត្ត, នាយកទីចាត់ការអន្តរវិស័យ, ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត, អភិបាល និងអភិបាលរង នៃប៉ោយប៉ែត រួមទាំងសមាជិកក្រុមប្រឹក្សាក្រុងប៉ោងប៉ែត ក៏ត្រូវក្រុមការងារក្រសួងជួបសម្ភាសន៍ដែរ។ 
 
ជុំវិញករណីនេះ លោក ទូច សុឃៈ អ្នកនាំពាក្យពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបន្ថែមតាមប្រព័ន្ធតេឡេក្រាម ឱ្យដឹងថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាបញ្ជាឱ្យក្រុមការងារចុះស៊ើបអង្កេត ដោយមានគោលដៅរកឱ្យឃើញពីការបំពេញតួនាទី ភារកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ ក្នុងន័យនេះ លោកលម្អិតថា ក្រុមការងារជំនាញ នឹងប្រមូលព័ត៌មាន ពីការបំពេញការងាររបស់ក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្ត ហើយពិនិត្យមើលថាបំពេញការងារស្របតាមច្បាប់ បទដ្ឋានកំណត់ផ្សេងៗ ឬគោលនយោបាយ ដែលបានដាក់ចេញ ឬមានការរំលោភបំពានតួនាទីជាមួយថ្នាក់មូលដ្ឋានឬយ៉ាងណា។ 
 
ជាមួយគ្នាដែរ ក្រុមការងារជំនាញក្រសួងមហាផ្ទៃ ក៏នឹងពិនិត្យពីដំណើរការដោះស្រាយវិវាទដីធ្លី របស់ពលរដ្ឋផងដែរ។ លោក ទូច សុឃៈ លើកឡើងបែបនេះ ហើយបន្ថែមបន្ថែមថា មួយរយៈពេលចុងក្រោយនេះ នៅខេត្តបន្ទាយមានជ័យ រឿងរ៉ាវកើតឡើងគួរឱ្យកត់សម្គាល់ ដោយមានពលរដ្ឋប្រមាណ១០០គ្រួសារបានដាក់ពាក្យបណ្ដឹងស្នើសុំឱ្យមានការផ្លាស់ប្ដូរអភិបាលនិងអភិបាលរងខេត្តបន្ទាយមានជ័យ។ 
 
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ កន្លងមកបានរាយការណ៍ថា គណៈអភិបាលខេត្តហាក់ខ្វះការយកចិត្តទុកដាក់លើវិវាទដីធ្លី ពិសេសការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពួកគេ។ 
 
ទន្ទឹមនឹងនេះ មានករណីប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ទម្លាយព័ត៌មានជាបន្តបន្ទាប់ពីការរំលោភបំពានតួនាទី ភារកិច្ច ពីអភិបាលខេត្តទៅលើក្រុមការងារក្រុងប៉ោយប៉ែត រួមទាំងតួអង្គពាក់ព័ន្ធខាងក្រោមជាច្រើនទៀតផងដែរ។ ហេតុនេះ ទើបក្រសួងចង់ដឹងច្បាស់ និងចាត់ឱ្យចុះស៊ើបអង្កេត។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ៕ 

Tag:
 មន្ត្រីរាជការ
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com