ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ សហការជាមួយ IFC ដើម្បីជំរុញហិរញ្ញប្បទានបៃតង
21, Dec 2023 , 7:59 pm        
រូបភាព
មហាផ្ទៃ បញ្ជាឱ្យ ស៊ើបអង្កេត មន្ត្រីថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ រហូតដល់អភិបាលខេត្ត
មហាផ្ទៃ បញ្ជាឱ្យ ស៊ើបអង្កេត មន្ត្រីថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ រហូតដល់អភិបាលខេត្ត
ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​(IFC) ដែលជា​សមាជិក​របស់​ធនាគារពិភពលោក​ ដើម្បី​ជំរុញ​ហិរញ្ញប្បទាន​បៃតង សម្រាប់​គាំទ្រដល់ការវិនិយោគដែលមិនប៉ះពាល់ដល់បរិស្ថាន និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​នៅកម្ពុជា​។​ កិច្ចសហការត្រូវបាន​ចុះហត្ថលេខាដោយលោក ​យឹម លាត ទេសាភិបាលរងនៃធនាគារជាតិ ជាមួយលោក ASAD YAQUB ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា នាថ្ងៃទី១៩ធ្នូ។

 
កិច្ចសហការនេះ​ នឹង​បង្កើតបរិយាកាសអំណោយផល​សម្រាប់ទាក់ទាញហិរញ្ញប្បទានបៃតង ដែលជួយ​គាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច​កម្ពុជា​ទៅជាសេដ្ឋកិច្ចបៃតង​។ លើសពីនេះ កិច្ច​សហប្រតិបត្តិការ​នេះ​ ក៏នឹងជួយបង្កើន​សមត្ថភាពស្ថាប័នហិរញ្ញវត្ថុ ព្រមទាំង​រៀបចំគោលការណ៍ណែនាំពាក់ព័ន្ធ។ ដូចជា៖ ការរាយការណ៍​និង​ស្តង់ដារនៃការបង្ហាញព័ត៌មាន​ទាក់ទងនឹង​ការផ្តល់ឥណទាន​បៃតង និងគម្រោងហិរញ្ញប្បទាននានាពាក់ព័ន្ធនឹង​ហានិភ័យបរិស្ថាន សង្គម និង​ អភិបាលកិច្ច (ESG)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ធនាគារជាតិ និង​ IFC ដោយបានបង្ហាញថា កម្ពុជាត្រូវការការវិនិយោគបន្ថែមប្រមាណ​៣៦ពាន់លានដុល្លារ​អាម៉េរិក​ ពីវិស័យសាធារណៈ និងវិស័យឯកជន​ សម្រាប់រយៈពេល៣០ឆ្នាំខាងមុខ ដើម្បីសម្រេចបានតាម​គោលដៅអាកាសធាតុអព្យាក្រឹតកាបូននៅមុន​ឆ្នាំ២០៥០។
 
លោក ​ យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ​បានលើកឡើងថា  វិស័យហិរញ្ញវត្ថុ ដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការបញ្ចេញ​ដើមទុន​សម្រាប់​គម្រោងដែលមិនមានផលប៉ះពាល់អាកាសធាតុ។ ក៏ប៉ុន្តែការណ៍នេះ គឺតម្រូវឱ្យមានគោលនយោបាយសមស្រប ​និងការបង្កើតបរិយាកាសអំណោយផល។ លោកបន្តនិយាយយ៉ាងដូច្នេះ៖ «ធនាគារជាតិនៃកម្ពុជា​ ប្តេជ្ញា​​រៀបចំអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុបៃតង​មួយ​ដ៏រឹងមាំ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ​ ​ដែលគាំទ្រការបញ្ជូន​ និងជំរុញការវិនិយោគលើគម្រោងបៃតងនៅកម្ពុជា ដើម្បីគាំទ្រដល់មហិច្ឆតាពាក់ពន្ធ័នឹងអាកាសធាតុ​របស់រដ្ឋាភិបាល ដូចមាន​ចែង​នៅក្នុងរបាយការណ៍ការ​ចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញា​ក្រប​ខ័ណ្ឌ​សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
 
ជាមួយគ្នានេះ លោក ASAD YAQUB ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ថា  កិច្ចព្រមព្រៀងជាមួយធនាគារជាតិនៃកម្ពុជានេះ  នឹងចូល​រួម​គាំទ្រដល់មហិច្ឆតាពាក់ពន្ធ័នឹងអាកាសធាតុ​របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងជំរុញទីផ្សារ​ហិរញ្ញប្បទានបៃតងមួយដ៏រឹងមាំ។ 
 
« ក្នុងនាមជាអ្នកនាំមុខផ្នែកហិរញ្ញប្បទានបៃតងសកល ​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានជំហរពិសេស ប្រជាជាតិកម្ពុជា ក្នុងការកៀរគរហិរញ្ញប្បទាន​​សម្រាប់​សកម្មភាព​ទប់ទល់​នឹងការប្រែប្រួកអាកាសធាតុ​​ ដើម្បីរួមចំណែកក្នុង​ផែនការពង្រីក​​កំណើន​បរិយាប័ន្ន​បៃតង សម្រាប់​ពង្រីក​ភាពធន់​សេដ្ឋកិច្ច​កម្ពុជានាពេល​អនាគត »។ លោក ASAD YAQUB បានអះអាងបែបនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល។ 
 
​ដោយមាន​ការគាំទ្រ​ពី​គម្រោង​សម្រាប់​សេវា​ប្រឹក្សា​ការវិនិយោគ​បម្រែបម្រួល​បរិយាកាស​ (FIAS) គម្រោង​នេះ មាន​រយៈពេល៣​ឆ្នាំ ហើយ​ប្រព័ន្ធ​វ​ត្តិ​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ជាតិ ត្រូវ​រំពឹង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៥​។ នេះ​បើ​យោងតាម IFC​។​
 
​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ២០២៣  ធនាគារជាតិនៃកម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក (UNESCAP) ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​លើកកម្ពស់​ហិរញ្ញវត្ថុ​ប្រ​កប​ដោយ​និរន្តរភាព​នៅ​កម្ពុជា​ ផងដែរ​។ គំនិត​ផ្តួចផ្តើម​នេះ គឺ​ស្របទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទីមួយ របស់​រដ្ឋាភិបាល​៕

Tag:
 ហិរញ្ញវត្ថុ
  ធនាគារជាតិនៃកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com