សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ ដើម្បីរឹបអូសទ្រព្យរុស្ស៊ីនៅក្រុងFrankfurt លើកដំបូង
21, Dec 2023 , 10:29 pm        
រូបភាព
កាក់រុស្ស៊ីថតនៅមុខវិមានក្រឹមឡាំង ។ រូបភាព ៖ AFP
កាក់រុស្ស៊ីថតនៅមុខវិមានក្រឹមឡាំង ។ រូបភាព ៖ AFP
ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២០ ខែធ្នូ បានដាក់សំណើទៅតុលាការនៅទីក្រុង Frankfurt ដោយស្នើសុំរឹបអូសប្រាក់ជាង ៧២០លានអឺរ៉ូ (៧៩៨លានដុល្លារ) ដែលស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីដាក់ក្នុងគណនីធនាគារអាល្លឺម៉ង់។

 
ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់បានប្រកាសថា ខ្លួនបានដាក់សំណើរឹបអូសប្រាក់ជាង ៧២០លានអឺរ៉ូពីគណនីធនាគាររុស្ស៊ី នៅក្រុង Frankurt ដែលស្ថិតនៅក្រោមទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ខ្លួន ក្រោយរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន។ នេះជាលើកដំបូង ដែលអាជ្ញាធរអាល្លឺម៉ង់ចាប់ផ្តើមនីតិវិធី រឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលស្ថិតក្នុងទណ្ឌកម្មបង្កក។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Politico ការសម្រេចចិត្តនេះ ក្រោយមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ដែលទទួលខុសត្រូវលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី ប៉ុនប៉ងដកប្រាក់ទំាងនោះចេញ បន្ទាប់ពីត្រូវបានបង្កក។ សកម្មភាពបែបនេះ ត្រូវបានចាត់ទុកថាខុសច្បាប់របស់អាល្លឺម៉ង់។ 
 
សារព័ត៌មានអាល្លឺម៉ង់ Der Spiegel បានកំណត់អត្តសញ្ញាណស្ថាប័នរុស្ស៊ីថាជាអង្គភាពនៃផ្សារហ៊ុនទីក្រុងមូស្គូ ដែលបានដាក់ប្រាក់នៅក្រុមហ៊ុនបុត្រសម្ព័ន្ធអាល្លឺម៉ង់របស់ធនាគារ JP Morgan Chase ។
 
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បានសរសេរនៅលើបណ្តាញសង្គម X ថា ៖« យើងនឹងមិនអនុញ្ញាតឱ្យមូលនិធិដែលរុស្ស៊ីប្រើសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមឈ្លានពានខុសច្បាប់លើអ៊ុយក្រែន មានក្នុងគណនីរបស់អាល្លឺម៉ង់ឡើយ» ។ 
 
រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់នៅថ្ងៃទី២០ ខែធ្នូ បាននិយាយថា កាលពីខែមិថុនា ឆ្នាំ២០២២​ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើស្ថាប័ន Russia’s National Settlement Depository ដែលមានលុយនៅធនាគារក្នុងក្រុង Frankfurt នោះ។ ស្ថាប័នរុស្ស៊ីមួយនេះ ជាផ្នែកមួយផ្សារហ៊ុនទីក្រុងមូស្គូ។ 
 
បើសិនបើនីតិវិធីនេទទួលបានជោគជ័យ វាជាចំណាត់ការដ៏ធំមួយរបស់អាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងរុស្ស៊ី ដែលឈ្លានពានលើអ៊ុយក្រែន។ យ៉ាងណាមិញ អាជ្ញាធរអឺល្លឺម៉ង់ មិនបានបញ្ជាក់ឡើយ ថាតើលុយទាំងនោះ ត្រូវផ្ទេរទៅក្នុងរដ្ឋាភិបាលសហព័ន្ធ ឬផ្តល់ទៅអ៊ុយក្រែន។ 
 
គួរបញ្ជាក់ថា ក្រុមប្រទេសឧស្សាហកម្មលូតលាស់ទាំង៧ (G7) បានធ្វើការបង្កកទ្រព្យសម្បត្តិរបស់ទីក្រុងមូស្គូភ្លាមៗ បន្ទាប់ពីវិមានក្រេមឡាំងបានបញ្ជាប្រតិបត្តិយោធានៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបានធ្វើឱ្យទ្រព្យសម្បត្តិរុស្ស៊ីប្រហែល ៣០០ពាន់លានដុល្លារត្រូវបានបង្កកនៅប្រទេសទាំងនេះ៕ 

Tag:
 អាល្លឺម៉ង់
  រុស្ស៊ី
  ទ្រព្យសម្បត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com