អន្តរជាតិ
អាម៉េរិក ជាទីផ្សារនាំចេញភ្លើងលម្អដើម Christmas ដ៏ធំរបស់កម្ពុជាក្នុងឆ្នាំ២០២២
21, Dec 2023 , 6:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្នុងរដូវកាលពិធី Christmas ប្រជាជនអាម៉េរិក តែងលម្អផ្ទះ ជាមួយការតាំងដើម Christmas ជ័រដោយអមជាមួយភ្លើង និងទានដ៏ស្រស់ស្អាត។ ក្នុងមួយឆ្នាំៗ អាម៉េរិកនាំចូលគ្រឿងលម្អទាំងនោះរាប់រយលានដុល្លារពីបរទេស ហើយនាំចូលភ្លើងតាំងលម្អដើម Christmas ពីកម្ពុជាក្នុងទំហំប្រមាណ ៣៧៤លានដុល្លារកាលពីឆ្នាំ២០២២កន្លងទៅ។

 
អាម៉េរិក ជាប្រទេសនាំចូលដ៏ធំបំផុតនូវដើម Christmas, ភ្លើង និងសម្ភារតែងលម្អផ្សេងទៀត ដោយក្នុងមួយឆ្នាំៗ ប្រជាជន បានចំណាយលុយរាប់ពាន់លានដុល្លារ។ ប្រទេសដែលផ្គត់ផ្គង់គ្រឿងសម្ភារលម្អដ៏ធំជាងគេ គឺចិន។ នៅក្នុងឆ្នាំ២០២២ ចិន បាននាំចេញដើម Christmas និងសម្ភារផ្សេងៗ ក្នុងទំហំ ១០ពាន់លានដុល្លារឯណោះ ហើយអាម៉េរិក នាំចូលពីចិនប្រមាណ ៣,១៧ពាន់លានដុល្លារ។ 
 
ក្រៅពីចិន កម្ពុជា វៀតណាម និងបណ្តាប្រទេសផ្សេងទៀត ក៏ជាដៃគូសំខាន់ ក្នុងការផ្គត់ផ្គង់សម្ភារលម្អពិធី Christmas ទៅអាម៉េរិកផងដែរ។ តាមទិន្នន័យរបស់ការិយាល័យអាម៉េរិក U.S. Census Bureau ដែលទទួលបន្ទុកលើទិន្នន័យរបស់ប្រជាជនអាម៉េរិក និងសេដ្ឋកិច្ចប្រទេសនេះ ក្នុងឆ្នាំ២០២២ អាម៉េរិកបាននាំចូលភ្លើងលម្អលើដើម Christmas ក្នុងទំហំ ៣៧៤,៦លានដុល្លារពីកម្ពុជា។ 
 
«កម្ពុជា...មានទំហំ ៦៦ភាគរយ នៃការនាំចូលភ្លើងលម្អដើមChristmas LED របស់អាម៉េរិក»។ ការិយាល័យ U.S. Census Bureau បានបញ្ជាក់បែបនេះ នៅក្នុងរបាយការណ៍ចេញនៅថ្ងៃទី២ ខែវិច្ឆិកាកន្លងទៅ។ 
 
បន្ថែមពីនេះ អាម៉េរិកនាំចូលទៀន Christmas ពីវៀតណាម ក្នុងទំហំ ១ពាន់លានដុល្លារឯណោះ នៅក្នុងឆ្នាំ២០២២ ដោយស្មើនឹង ៥០ភាគរយ នៃការនាំចូលទានរបស់អាម៉េរិកពីតំបន់អាស៊ី។ 
 
សូមបញ្ជាក់ថា ពិធីបុណ្យ Christmas ជាការអបអរនៃការប្រសូតរបស់ព្រះយេស៊ូ និងត្រូវបានប្រជាជនរាប់លាននាក់ នៅទូទាំងពិភពលោកអបអរសាទរ នៅក្នុងថ្ងៃទី២៥ ខែធ្នូ៕

Tag:
 កម្ពុជា
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com